វិធីសាស្ត្ររកទុនសម្រាប់សហគ្រិនអចលនទ្រព្យត្រៀមចេញរកស៊ី

0
2035

សហគ្រិនជំនាន់ថ្មីរបស់កម្ពុជាមានចំនួនកើនឡើងជាលំដាប់ ជាពិសេសក្នុងសហគ្រិនវ័យក្មេងកាន់តែច្រើន ហើយវាជាសញ្ញាល្អ ព្រោះអាចចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង។ សហគ្រិន មួយចំនួនដែលមានទុនស្រាប់ហាក់មិនសូវខ្វល់ខ្វាយពេកទេ ក៏ប៉ុន្តែសហគ្រិនវ័យក្មេងចង់រកស៊ីមានត្រឹមគំនិត និងគម្រោងរកស៊ីពួកគេហាក់មានចិត្តរុញរា ព្រោះខ្វះដើមទុនរកស៊ីទៅវិញ។ តាមរយៈការសម្ភាសសហគ្រិនជោគជ័យជាច្រើនកន្លងមក Business Cambodia សូមលើកយក៣ចំណុច នៃការរកទុនមកវិនិយោគទុនលើអាជីកម្ម។

1-ទុនវិនិយោគបានមកពីការដាក់ទុនពីវិនិយោគិន

ក្នុងចំណុចនេះ លោកបណ្ឌិតសំ ហេង ធ្លាប់មាន​ប្រ​សា​សន៍ថា ទុនវិនិយោគសម្រាប់បើកអាជីវកម្មដំបូង អាចជាទុនរបស់ខ្លួនឯងផ្ទាល់ ក្នុងការបើកអាជីវកម្ម។ បើសិ​នយើង​មាន​មិន​គ្រប់គ្រាន់ទេនោះ យើងអាចជ្រើស​រើស​អ្ន​កដា​ក់ទុនវិ​និយោ​គ​(Shareholder Group)។ សម្រាប់វិធី Shareholders Group ដើម្បីឲ្យគេដាក់ទុន អាចមានពី១០នាក់ ទៅ២០នាក់ តែដំបូង​យើង​អាច​ជ្រើសរើសតែ ៥ឬ១០នាក់បានហើយ។

លោកបានបន្តថា សម្រាប់ Shareholders Group យើងត្រូវបង្ហាញផែនការអាជីវកម្មច្បាស់លាស់ និងតម្លា​ភាព បើខាត ឬចំណេញត្រូវបង្ហាញឲ្យគេបានដឹង។ បើយើងអាចប្រើប្រាស់វិធីសាស្ត្រល្អ ដើម្បីគ្រប់គ្រង​អាជីវ​កម្ម​ដំ​ណើ​​រការល្អ ហើយត្រូវប្រជុំរៀងរាល់សប្ហាហ៍ ឬក៏រាល់ខែម្តង ដើម្បីបង្ហាញអំពីការចំណេញ ឬខាតរបស់ក្រុមហ៊ុន និងយុ​ទ្ធ​សា​ស្ត្រ​សំខាន់ ហើយនេះជាវិធីសាស្ត្ររបស់ក្រុមហ៊ុនអន្តរជាតិគេប្រើប្រាស់។

បន្ថែមពីលើនេះ នៅកម្ពុជាសព្វថ្ងៃកក៏មានកម្មវិធីប្រកួតប្រជែងគម្រោងអាជីវកម្មផងដែរ វាជាឱកាសដែលយើងបញ្ចេញនូវស្នាដៃ ដើម្បីប្រកួតយកពានរង្វាន់ និងទាក់ទាញអ្នកបណ្តាក់ទុនដែលមានចំណាប់អារម្មណ៍លើផែនការអាជីវកម្មរបស់យើង។

2-ទុនវិនិយោគបានមកពីការសហការគ្នា

អាចជាចំណុចសំខាន់មួយផងដែរ សម្រាប់ការចាប់ផ្តើមអាជីវកម្មមួយដោយមិនបាច់ចំណាយពេលច្រើនក្នុងការសន្សំទុន។ យើងអាចសហការគ្នា ដាក់ទុនវិនិយោគលើអាជីវកម្មតែម្តង តែចំណុចត្រូវគិត គឺត្រូវជ្រើសរើសដៃគូសហការល្អ ត្រូវតែជាមនុស្សយល់ចិត្តគ្នា មានគំនិតស្ទើតែដូចគ្នា ជាពិសេសស្រឡាញ់មុខរបរដូចគ្នា និងកំណត់លក្ខន្តិកៈច្បាស់លាស់។ ការជ្រើសរើសមុខដៃគូសហការរកស៊ីជាមួយគ្នា មិនខុសពីការរើសគូស្រករនោះដែរ រើសត្រូវជោគជ័យ រើសខុសបរាជ័យ បាត់បង់មិត្តភាពមិនខានឡើយ។

ការរកទុនរបៀបនេះ អាចជាសញ្ញាល្អសម្រាប់សហគ្រិនថ្មីៗ ដោយសារអាជីវកម្មថ្មីៗ យើងមិនអាចធ្វើវាឲ្យល្អបានតែម្នាក់ឯងភ្លាមនោះទេ តែបើមានដៃគូសហការដ៏ល្អមួយ វានឹងអាចរុញច្រានឲ្យអាជីវកម្មដើរលឿនទៅមុខ មាននិរន្តភាពវែងឆ្ងាយ ជាងធ្វើម្នាក់ឯង។ បើទោះបរាជ័យ ក៏មានកម្រិតទាប និងខាតបង់បន្តិចបន្តួចមិនដូចធ្វើម្នាក់ឯង។

3-ទុនវិនិយោគបានមកពីការខ្ចីធនាគារ

ជាការពិតណាស់ ការខ្ចីលុយពីធនាគារមកចេញរកស៊ីដំបូង ហាក់មានហានិភ័យខ្ពស់ខ្លាំងណាស់ ព្រោះអំឡុងពេលចេញរកស៊ីភ្លាមស្ទើតែគ្រប់អាជីវកម្ម ត្រូវតែមានការខាតចំណូល ហើយម្ចាស់អាជីវកម្មភាគច្រើនបានត្រៀមលុយរបស់ខ្លួនក្នុងការខាតបងអាច៣ខែ ឡើងទៅ។ តែបើយើងខ្ចីធនគារ មិនត្រូវខ្ចីក្នុងចំនួនច្រើនលើសលុបពេកទេ បើខ្ចីត្រូវតែខ្ចីក្នុងកម្រិតទាបបំផុត ដែលអ្នកអាចមានលទ្ធភាពសងត្រឡប់ទៅវិញ បើទោះបីជាមិនមានប្រាក់ចំណេញក្នុងអាជីវកម្មអ្នកភ្លាមៗ។

ស្របគ្នានេះដែរ ជនជាតិជីហ្វមានច្បាប់ធ្វើជំនួញថា «ពេលដែលគ្មានប្រាក់ ត្រូវតែខ្ចី ពេលដែលមានប្រាក់ចាំសង់វិញ អ្នកដែលមិនហ៊ានខ្ចីប្រាក់តែងតែគ្មានថ្ងៃក្លាយជាអ្នកមានអស់មួយជីវិត»។ បើគិតថារកស៊ីរបរនឹងចំណេញហើយ ត្រូវ​តែហ៊ានប្រថុយ មិនខ្លាចខាតនោះទេ វីធីសាស្ត្របង្កើតភាពស្តុកស្តម្ភសម្រាប់ការ​ប្រថុយ​ក្នុ​ង​កា​រ​រកស៊ីបែបនេះ​ ជាវិធីសាស្ត្របណ្តាក់ទុន ដែលអ្នកជំនួញជីហ្វ ធ្វើឲ្យពិភពលោកទ​ទួលស្គាល់​កន្លងមក។

ជនជាតិជីហ្វមិនរងចំាឱកាសនោះទេ ព្រោះឱកាសដែលកើតមកស្រួលៗ តែងមានបុគ្គលច្រើនណាស់ក៏ឃើញឱកាសដូចគ្នាដែរ ចឹងឱកាសដែលអាចចាប់បានកាន់តែតិច។ ពួកគេតែងស្វែងរកឱកាសណា ដោយកម្រ ព្រោះឱកាសកម្រ គឺជាកំណប់ចាយមិនចេះអស់ឡើយ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here