កម្ពុជាមើលឃើញកាហ្វេអារ៉ាបីកាឡាវ ហើយរំពឹងថាជាទីផ្សារកាហ្វេសិរីរាង្គល្អបំផុតសម្រាប់កម្ពុជា

0
161

កាហ្វេអារ៉ាប៊ីការបស់ប្រទេសឡាវ ខេត្តចម្ប៉ាស័ក កំពុងក្លាយជាផលិតផលថ្មីស្រឡាងមួយសម្រាប់ទីផ្សារកាហ្វេកម្ពុជា  ខណៈតម្រូវការកាហ្វេសរីរាង្គនៅកម្ពុជាកំពុងមានការកើនឡើងនោះ ហើយកម្ពុជាគ្រោងនាំចូលកាហ្វេប្រភេទអារ៉ាប៊ីកាបន្ថែមពីខេត្តចម្ប៉ាស័ក ប្រទេសឡាវ ប៉ុន្តែកាហ្វេទាំងនោះ ត្រូវតែស្របតាមស្ដង់ដាសរីរាង្គរបស់អង្គការសេដាក (CEDAC) ដែលកំពុងទទួលបានភាពជឿជាក់ ពីសំណាក់អតិថិជនអ្នកនិយមកាហ្វេ និងជាកាហ្វេដែលមានប្រភពច្បាស់លាស់។

បើនិយាយពីខេត្តចម្ប៉ាស័ក ជាប់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា, ខេត្តនេះមានរយៈកម្ពស់ដល់ទៅ១,២៩៤ម៉ែត្រ អាកាសធាតុត្រជាក់ ប្រភេទដីនៅទីនោះ ជាដីកំអែភ្នំភ្លើងមានជីវជាតិល្អ ដែលអ្នកជំនាញសេដាកបញ្ជាក់ថា វាអំណោយផលខ្លាំងដល់ដំណាំកាហ្វេ ពិសេសគឺកាហ្វេអារ៉ាប៊ីកានេះតែម្ដង។

កាហ្វេរដែលលោកអ្នកបរិភោគនៅកម្ពុជាសព្វថ្ងៃរាល់ថ្ងៃមានពីរប្រភេទ គឺកាហ្វេអារ៉ាប៊ីកា ដែលជាកាហ្វេរ មានជាតិកាហ្វេអ៊ីនច្រើនហើយខ្លាំង ត្រូវការអាកាសធាតុត្រជាក់ និងទីខ្ពស់ និងកាហ្វេរ៉ូប៊ូស្ដា មានជាតិកាហ្វេអ៊ីនតិច ហើយរាងខ្សោយជាងកាហ្វេអារ៉ាប៊ីកា ។

នៅក្នុងប្រទេសឡាវទឹកដីចម្ប៉ាស័ក គេនិយមដាំកាហ្វេអារ៉ាប៊ីកាកាទួយ និងអារ៉ាប៊ីកាកាទីម័រ ដែលកាហ្វេទាំងពីរប្រភេទនេះ អាចដាំជាមួយគ្នាបានក្នុងចម្ការតែមួយបាន ពីព្រោះស្ថានភាពភូមិសាស្ត្រនៅទីនោះ អំណោយផលខ្លាំងដល់កាហ្វេទាំងពីរប្រភេទនេះ ក្រៅពីនេះក៏មានកាហ្វេរ អារ៉ាប៊ីកាកាទួយ អារ៉ាប៊ីកាកាទីម័រ អារ៉ាប៊ីកាកាទូរ៉ា អារ៉ាប៊ីកាឆាកា និងអារ៉ាប៊ីកាទីពីកា។

កាហ្វេនៅក្នុងសហគមន៍របស់តំបន់ចម្បាស័ក គឺដាំតាមគោលការណ៍ធម្មជាតិ មិនប្រើសារធាតុគីមី ថ្នាំសម្លាប់សត្វ ល្អិតឡើយ ហើយពួកគាត់មានបច្ចេកទេសពិសេសក្នុងការដាំកាហ្វេ ដែលនៅកម្ពុជានៅមិនទាន់មានកសិករណា មានបច្ចេកទេសដាំដូចពួកគាត់នៅឡើយ នោះគឺការដាំដើមឈើហូប និងឈើផ្ដល់ម្លប់នៅខាងលើដើមកាហ្វេ ហើយដើមកន្ទ្រាងខែត្រ និងបន្លែមួយចំនួនទៀតនៅខាងក្រោមដើមកាហ្វេ ដើម្បីផ្ដល់ជាជីធម្មជាតិដល់កាហ្វេ។ បច្ចេកទេសដាំនេះ គឺហៅថា «កសិរុក្ខកម្ម»។

តំណាងអង្គការសេដាកបានបញ្ជាក់ថា បានជាសេដាកជ្រើសរើសយកខេត្តចម្ប៉ាស័ក ប្រទេសឡាវ សម្រាប់ការទិញកាហ្វេសរីរាង្គមកបំពេញតម្រូវការក្នុងស្រុក ពីព្រោះខេត្តមួយនេះអំណោយពិសេសដល់ដំណាំកាហ្វេ។ ម្យ៉ាងទៀត កសិករឡាវនៅទីនោះក៏មិនសូវប្រើជាតិគីមីសម្រាប់ដំណាំកាហ្វេរបស់ខ្លួន ដែលងាយស្រួលក្នុងការបំលែងដំណាំកាហ្វេរបស់ពួកគាត់ ទៅជាដំណាំកាហ្វេសរីរាង្គស្របតាមស្ដង់ដារបស់អង្គការសេដាក។

កសិករឡាវបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការត្រៀមសហការជាមួយអង្គការសេដាកកម្ពុជា ដើម្បីបំលែងកាហ្វេរបស់ខ្លួនឱ្យទៅជាកាហ្វេសរីរាង្គ មានការបញ្ជាក់ស្ដងដាសរីរាង្គ និងអាចនាំចេញមកកាន់ទីផ្សារកម្ពុជា។

នៅកម្ពុជាភាគច្រើនសម្បូរតែដំណាំកាហ្វេរ៉ូប៊ូស្ដា ដែលត្រូវបានដាំតាមស្ដង់ដាសេរីរាង្គរបស់សេដាកនៅខេត្តមណ្ឌលគិរី ដូចជានៅឃុំប៊ូស្រា ស្រុកពេជ្រាដា និងឃុំដាក់ដាំ ស្រុកអូររាំង ដែលមានរយៈកម្ពស់តែប្រមាណ៩០០ម៉ែត្រប៉ុណ្ណោះ ដោយឡែកកាហ្វេអារ៉ាប៊ីកាមិនទាន់មានច្រើននៅឡើយទេ៕

ដោយ៖ សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here