ត្រឹមដើមទុនម្នាក់មាស២ជី និង៣ហ៊ុនសោះ ធ្វើឲ្យបុគ្គលសាមញ្ញា២រូបក្លាយជាសេដ្ឋីស្រុកខ្មែរ

0
576

ក្លាយជាសេដ្ឋី ឬអ្នករកស៊ីដ៏ជោគជ័យម្នាក់អាចបន្តនិរន្តភាពរហូតដល់រាប់ឆ្នាំ ដែលកើតចេញពីដើមទុនតិចតួច ឬស្ទើរតែគ្មានសោះ មិនមែនជារឿងធម្មតាដែលមនុស្សទូទៅធ្វើបាននោះទេ។ វាមិនមែនជារឿងចៃដន្យនោះទេ ដែលបុគ្គលម្នាក់ទទួលបានជោគជ័យ កើតចេញពីការខិតខំប្រឹប្រែង ជាក់ស្តែងសេដ្ឋីស្រុកខ្មែរ២រូប មានងារជាឧកញ៉ា សុទ្ធសឹងតែមានអតីតជាអ្នកក្រខ្សត់ ចេញរកស៊ីមានដើមទុនត្រឹមតែមាស ២ជី ខណៈម្នាក់ទៀតមានត្រឹមមាស ៣ហ៊ុនប៉ុណ្ណោះ។ ខណៈយុវជនសម័យនេះ ចង់ចេញរកស៊ីដែលតែនៅស្ទាក់ស្ទើរ ព្រោះដើមទុន ជាកត្តារារាំងខ្លាំងក្នុងការចេញរកស៊ី។

លោកស្រីឧកញ៉ាភាព ហៀក ប្រហែលមនុស្សទូទៅមិនសូវជាស្គាល់គាត់ប៉ុន្មានទេ តែបើនិយាយពីឈ្មោះក្រុមហ៊ុន Chip Mong Group នរណាៗ ក៏ស្គាល់ក្រុមហ៊ុនដ៏ធំនេះដែរ។ ជាការពិតណាស់លោកស្រីឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ ដែលផ្តោរកស៊ីច្រើនវិស័យមានដូចជា សំណង់ អចលនទ្រព្យ ម្ហូបអាហារជាដើម ដែលមានក្រុមហ៊ុនមេមួយ ឈ្មោះថា Chip Mong Group។

វាច្បាស់ណាស់ថា ចង់បង្កើតក្រុមហ៊ុនធំ ត្រូវតែមានដើមទុច្រើនសន្ធឹសន្ធាប់ដែល តែដើមទុន Chip Mong Group មានតម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ននេះ គឺកើតចេញមាស ២ជីតែប៉ុណ្ណោះ។

គួររឹលឹកថា ក្នុងឆ្នាំ ១៩៨២ ក្រុមហ៊ុន Chip Mong Group គឺត្រូវបានបង្កើតចេញពីគ្រួសារ របស់ លោកស្រីឧកញ៉ា ភាព ហៀក ដែលកាលណោះ បានខ្ចីមាស២ជី ពីប្អូន យកកមរកស៊ី ទិញលក់ដែកចាស់ៗ។ ពោលគឺដំបូងឡើយ  បានរកស៊ីលក់ដែកចាស់ៗ តែបន្ទាប់មកក៏អាចនាំចូលដែកល្អៗ ពីប្រទេសថៃ មកធ្វើការផ្គត់ផ្គង់ក្នុងស្រុក។ បន្ទាប់មកនៅក្នុងឆ្នាំ ១៩៩០ ក្រុមហ៊ុននេះ បាននាំចូលស៊ីម៉ងត៍ពីប្រទេស ថៃ មក បំពេញតម្រូវការក្នុងស្រុកបន្ថែម។

ដោយមានការរីកចម្រើនខ្លាំងជាបន្តបន្ទាប់ Chip Mong Group បានពង្រីកខ្លួនបន្ថែមទៀត ហើយមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Chip Mong Land, Chip Mong Concrete, Khmer Beverages, Crown Beverage Cans (Cambodia Limited) ជាដើម។

ចំណែកសេដ្ឋីស្រុកខ្មែរមានងារជាឧកញ៉ាម្នាក់ទៀតនោះ គឺឧកញ៉ាម៉ុង ឫទ្ធី ធ្លាប់មានប្រវត្ថខិតខំតស៊ូយ៉ាងលំបាក រស់ក្នុងត្រកូលក្រីក្រ មានប្អូន១២នាក់ ព្រោះដោយសារជីវភាពគ្រួសារក្រីក្រ បង្ខំចិត្តឈប់រៀន ចេញស៊ីឈ្នូលគេ។ លោកបានឆ្លង់កាត់ជីវិតជាអ្នកក្រ ដើរសុំបាយគេហូបបំពេញក្រពេះ ដើម្បីធ្វើដំណើរមកភ្នំពេញដំបូង គ្មានផ្ទះដេកនៅវិមានឯករាជ្យ។ ធ្លាប់ជាកម្មករសំណង់ និងក្មេងរត់តុគុយទាវនៅផ្សារស៊ីលិបផងដែរ។

តែទោះជាយ៉ាងណាក្តី សព្វថ្ងៃលោកបានក្លាយទៅជាមហាសេដ្ឋី ខុសដាច់ស្រឡះពីមុន ដោយសារមាស៣ហ៊ុន ពេលចេញរកស៊ីដំបូងបានធ្វើឲ្យបុរសកំសត់មួយនេះមានឱកាសក្លាយជាអ្នកមាន ដែលមនុស្សម្នាស្ទើតែគ្រប់គ្នាមិនអាចស្មានដល់។

លោកឧកញ៉ាធ្លាប់មានប្រសាសន៍ថា«ការចាប់ផ្តើមរកស៊ីដំបូង នៅពេលប្រពន្ធមកតាមរកខ្ញុំឃើញនៅភ្នំពេញ ហើយពេលនោះកំពុងស៊ីឈ្នួលឲ្យគេជាកម្មករ។ ពេលឃើញប្រពន្ធមានក្រវិលមាស ៣ហ៊ុនជាប់និងខ្លួន ក៏យកទៅដូរអង្ករ សាច់គោ ល្ហុង ហើយបើកលក់នំបុ័ងសាច់គោអាំងលក់។ ទោះបើកលក់នំបុ័ងសាច់គោអាំងក្តី លោកឧកញ៉ាក៏ឆ្លៀតពេលទៅទៅដាក់ពាក្យលីប៉ាវនៅកំពង់ផែភ្នំពេញ ហើយរត់កងឌុប ហើយប្តូរមករត់រម៉ឺកវិញ»។

ជីវិតតស៊ូឆ្លងកាត់ការលំបាកច្រើនណាស់ក្នុងឆាកជីវិតរបស់លោកឧកញ៉ា ដែលថ្លែងមិនចេះអស់នោះទេ តែវាជាមេរៀនដែលសាលាល្បីៗ សកលវិទ្យាល័យជាច្រើន មិនមានបង្រៀនដល់សេដ្ឋីរូបនេះឡើយ។

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here