មហាសេដ្ឋីRay Dalio ប្រាប់ក្បួនដើរ៣ជំហានចាប់ផ្តើមវិនិយោគលើកដំបូងដោយភាពវ័យឆ្លាត

0
1461

កំពូលមហាសេដ្ឋីសញ្ជាតិអាមេរិកដែលជាវិនិយោគិនដ៏ឆ្នើមមួយរូប និងជាស្ថាបនិកក្រុមហ៊ុនបណ្តាក់ទុន Bridgewater Associate ដែលជាក្រុមហ៊ុនបណ្តាក់ទុនដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។​

មហាសេដ្ឋីមានទ្រព្យជាង១៨ពាន់លានដុល្លារអាមេរិករូបនេះ បានធ្វើការចែករំលែកមេរៀនដ៏សំខាន់ចំនួន៣ សម្រាប់អ្នកចង់ចាប់ផ្តើមការវិនិយោគដំបូងរបស់ខ្លួនឲ្យទទួលជោគជ័យដូចខាងក្រោ៖

១. កំណត់គោលដៅ

គោលដៅដែលលោក Ray Dalio លើកឡើងនៅទីនេះផ្តោតលើការកំណត់គោលដៅបង្កើតលុយ សន្សំលុយ និងកញ្ចប់លុយដែលមិនមែនជាតម្រូវការចាំបាច់យកមកធ្វើការវិនិយោគ។

លោក Ray Dalio បានបញ្ជាក់ថា ការកំណត់ផែនការទាំងនេះផ្តល់ភាពសំខាន់ដល់ការបែងចែក និងប្រើប្រាស់លុយចំគោលដៅ។ ជាក់ស្តែក កាលពីលោកធ្វើការងារឲ្យគេ លោកតាំងចិត្តបង្កើតចំណូលឲ្យខ្លួនឯងមានសេរីភាពរយៈពេល៦ខែក្នុងការចាយវាយ ប៉ុន្តែពីរបីឆ្នាំក្រោយមក ពេលលោកគិតដល់អនាគតកូនរបស់លោក ទើបលោកចាប់ផ្តើមបង្កើតផែនសន្សំ និងវិនិយោគបន្ថែមទៀត។ ដូចនេះ ការធ្វើផែនការជាក់នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានភាពវ័យឆ្លាតក្នុងរឿងលុយកាក់។​

២. បង្កើតផ្លូវវិនិយោគ

ដាក់លុយអ្នកទាំងអស់នៅក្នុងកុងធនាគារគឺជារឿងដ៏ឆោតល្ងង់ដែលមហាសេដ្ឋី សហគ្រិនជោគជ័យ និងកំពូលអ្នកវិនិយោគទាំងឡាយមិនដែលគិតចង់ធ្វើឡើយ ដោយសារតែការប្រាក់ដែលបានមកពីការខិតខំសន្សំលុយក្នុងធនាគារវាដើរមិនទាន់អតិផរណា ទំនិញឡើងថ្លៃទៅតាមទីផ្សារ និងសម័យកាល ចំណែកឯលុយរបស់យើងបែរជាកើនឡើងយ៉ាងយឺតយ៉ាវបំផុត។​

ហេតុនេះ លោក Ray Dalio បានណែនាំឲ្យយើងចេះប្រើប្រាស់លុយទៅបង្កើតលុយ វិនិយោគក្នុងវិស័យមូលបត្រ សញ្ញាបណ្ណ (បណ្ណបំណុល) ឫវិនិយោគក្នុងវិស័យអចលនទ្រព្យ ព្រោះវាមានលទ្ធភាពបង្កើតផលចំណេញ បង្កើតលុយដើរបានលឿនជាអតិផរណា ទោះជាទីផ្សារមានការប្រែប្រួលខ្លះក៏មិនចោទជាបញ្ហាដែរ។​

៣. វិនិយោគរយៈពេលវែង

មហាសេដ្ឋី Ray Dalio ប្រាប់ថា ការចាប់ផ្តើមបោះជំហានវិនិយោគដំបូង ភាគច្រើនគឺអ្នកមិនទាន់មានសមត្ថភាពវិនិយោគដូចអ្នកជំនាញអាជីពនោះទេ ហេតុនេះ អ្នកត្រូវខិតខំសិក្សាស្វែងយល់បន្ថែម ចាប់ផ្តើមវិនិយោគពីតិចទៅច្រើន និងវិនិយោគក្នុងរយៈពេលវែងដោយដឹងត្រឹមតែថាពេលណាគួរលក់ ហើយពេលណាគួរទិញគឺគ្រប់គ្រាន់ហើយ កុំចាប់ផ្តើមហ៊ានធ្វើការជួញដូរទាំងគ្មានភាពច្បាស់លាស់។​

បិតាវិនិយោគរបស់អាមេរិក លោកមហាសេដ្ឋី Warren Buffett ក៏ធ្លាប់មានប្រសាសន៍ផងដែរថា ការវិនិយោគដោយភាពច្បាស់លាស់ និងវិនិយោគសម្រាប់រយៈពេលវែង បង្ហាញពីហានិភ័យទាប និងឱកាសចំណេញច្រើន៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-In

Co-Founder Phsar Khmer

LEAVE A REPLY

Please enter your comment!
Please enter your name here