Elon Musk ប្រាប់​ពីរឿង​៣យ៉ាង​ ដែលនឹង​អាច​កើតឡើង​ជាក់​ជាមិនខាន​នៅថ្ងៃអនាគត

0
80

ប្រហែលជាអ្នកធ្លាប់​ស្គាល់ហើយថា Elon Musk ជាមហាសេដ្ឋីផ្នែក​បច្ចេកវិទ្យា​រួមមានទាំង​រថយន្ត​អគ្គិសនី សូឡា​ដាក់តាមផ្ទះ រហូតដល់​រ៉ុកកែត​បាញ់​បង្ហោះទៅអាវកាស​ ដែលសុទ្ធសឹង​ជាគំនិត​អាជីវកម្ម​បែបថ្មីផ្លាស់​ប្ដូរ​ពិភពលោក និង​ជួយដល់សង្គមថែមទាំង​ដោះស្រាយ​បញ្ហា​របស់មនុស្ស​ថែមទៀត​ផង។

Elon ជាមនុស្ស​ម្នាក់​ដែលមាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ គិត​ធំសម្លឹង​ទៅថ្ងៃអនាគតដែល​មនុស្ស​ភាគច្រើន​គិត​មិនដល់។ ខាង​ក្រោមនេះជារឿង​៣យ៉ាង​ដែល Elon ធ្វើការ​ព្យាករណ៍ថានឹង​កើត​មាន​ឡើង​នៅថ្ងៃ​ខាង​មុខ​ឆាប់ៗនេះជាក់ជាមិនខាន។

១. ខួរ​ក្បាល​មនុស្ស​នឹង​ភ្ជាប់​ទៅកាន់កុំព្យូទ័រ​នាពេល១០ឆ្នាំទៀត​

ខួរ​ក្បាល​របស់​មនុស្ស​អាច​នឹង​ភ្ជាប់​ទៅកុំព្យូទ័រ​ ដែលអាច​បើក​ឱ្យ​មាន​លទ្ធភាពផ្សេងៗ​ក្នុង​ការ​ប្រើប្រាស់​ច្រើនបែបច្រើនយ៉ាង ជាមួយនឹង​ការភ្ជាប់ទៅមក​រវាង​ទូរស័ព្ទ នាឡិកាឆ្លាត​វៃ ឬ​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ក្នុង​ផ្ទះជាដើម។ សម្រាប់​ Elon រឿង​នេះចាប់​ផ្តើម​កើត​ឡើង​ដោយប្រយោលបណ្ដើរ​ៗហើយ ដោយយើង​សង្កេត​ឃើញថាមនុស្ស​ឥឡូ​វ​នេះពិបាកនឹង​ដើរ​ឆ្ងាយ​ចេញពីទូរស័ព្ទ​របស់​ខ្លួនណាស់។

សម្រាប់​ការ​ភ្ជាប់​នេះ វាជាការភ្ជាប់​ដោយផ្ទាល់​នៃ​បន្ទះឈីបទៅនឹង​កោសិការ​ខួរក្បាល​របស់​មនុស្សតា​មរយៈការប្រើប្រាស់​ខ្សែរ​តូចៗបំផុត ហើយឈីបនោះនឹង​ស្ថិត​នៅក្នុង​ក្បាល​របស់​មនុស្ស។

២. មនុស្ស​នឹង​ឡើង​ទៅភពអង្គារ​ដោយផ្ទាល់ ក្នុង​ចន្លោះពី៧ទៅ១០ឆ្នាំខាងមុខ

SpaceX របស់​Elon មានគោលដៅធំមួយគឺធ្វើ​ឱ្យភពអង្គារ​ក្លាយទៅជាភពមួយទៀត​ដែលមនុស្ស​អាច​រស់​នៅបាន​។ Elon មានជំនឿជាក់​យ៉ាង​ខ្លាំង​ថា មិនយូរទេ​ក្នុង​រយៈ​ពេល​ពី៧ទៅ១០ឆ្នាំខាង​មុខ​នឹង​មាន​ក្រុមមនុស្ស​ឡើង​ទៅដល់ភពអង្គារ ហើយ​គាត់​លើកឡើង​ក្នុង​​គណនី Twitter របស់​គាត់​ថា មានលទ្ធភាព៧០%ដែល គាត់​អាច​ជាមនុស្សម្នាក់​ក្នុង​ក្រុមមនុស្ស​នោះ។

៣. រថយន្តផលិត​ថ្មី ៥០ភាគរយ​ជាប្រភេទរថយន្ត​អគ្គិសនី

យើងសង្កេត​ឃើញថា​ចាប់​មានបណ្ដើរ​ៗហើយ ដែលរថយន្ត​អគ្គិសនីចាប់​ផ្ដើម​មាន​វត្តមាន​កាន់តែ​ច្រើន​ឡើង​ៗពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង​នោះផង​ដែរ​ Tesla បានដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​នាមជាក្រុមហ៊ុ​នមាន​ឯកទេស​ខាង​រថយន្តអគ្គិសនី ហើយ​នៅឆ្នាំ២០១៩ នេះផង​ដែរ​ក្រៅពីបញ្ចេញរថយន្តលក្ខណៈ​គ្រួសារ និង​រថយន្ត​ស្ព័រ​អគ្គិសនី ​Tesla នឹង​ធ្វើការ​បញ្ចេញរថយន្ត​ប្រភេទ Pick-up មួយបាំង​កន្លះទៀតផង។

ការព្យាករណ៍របស់​គាត់សម្រាប់​រថយន្ត​អគ្គិសនីគឺ គាត់​យល់​ថា​ក្នុង​រយៈពេល​១០ឆ្នាំនេះច្រើនជាង​៥០ភាគរយនៃរថយន្ត​ដែល​ផលិត​បាន​ជារថយន្ត​ដើរ​ដោយថាមពលអគ្គសនី ហើយ​២០ឆ្នាំទៀត​រថយន្ត​នឹង​គ្មាន​ចង្កូត​កាច់​នោះទេ តែ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប រួមមានបញ្ញាសុប្បនិម្មិត IoT ជាដើម៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here