និន្នាការទាំងនេះនឹងវាយលុកពិភពបច្ចេកវិទ្យានិងជីវិតរស់នៅនាឆ្នាំ ២០១៩​ នេះ

0
83

ឆ្នាំ ២០១៨ កន្លងផុតទៅ អ្នកប្រាកដជាធ្លាប់បានឮពីបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា AI, Machine Learning, Blockchain, IoT ជាដើម ក្នុងនោះអ្នកក៏ធ្លាប់បានសាកបច្ចេកវិទ្យាទាំងនេះនៅលើស្មាតហ្វូន ឬឧបករណ៍ទំនើបៗផ្សេងៗនៅផ្ទះឬកន្លែងការងារ ហើយឆ្នាំ ២០១៩ នេះ អ្វីដែលអ្នកធ្លាប់បានឮគេនិយាយនឹងចូលខ្លួនមកកាន់តែគៀកជីវភាពរស់នៅរបស់អ្នក ។

១-5G
អ្នកកំពុងតែប្រើ 4G ដើម្បីបើកវេបសាយអានអត្ថបទនេះ ប្រាកដជាធ្លាប់ឮគេនិយាយពី 5G ខណៈមានក្រុមហ៊ុនស្មាតហ្វូនជាច្រើនសុទ្ធតែប្រកាសថានឹងនាំស្មាតហ្វូន 5G ចូលទីផ្សារនាឆ្នាំ ២០១៩ នេះ រួមមាន Samsung, Huawei, Oppo ជាដើម ។ ក្នុងនោះក៏មានក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតមួយចំនួននៅអាមេរិកបានដាក់វាឲ្យប្រើប្រាស់ជំហានដំបូងរួចមកហើយដូចជា Verizon និង AT&T ជាដើម ។

ចំណែកនៅកម្ពុជាយើង ក្រុមហ៊ុន Cellcard បានបង្ហើបថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្របច្ចេកវិទ្យា 5G នៅកម្ពុជាក្នុងពេលឆាប់ៗនេះ ។

២-ឡានអគ្គីសនី

សព្វថ្ងៃនេះ ឡានអគ្គីសនីបានមានវត្តមានលើដងផ្លូវនៅអឺរ៉ុបនិងអាមេរិករួចហើយ ជាមួយគ្នាមានសញ្ញាមួយចំនួនបញ្ជាក់ថាឡានអគ្គីសនីនឹងវាយលុកចូលដល់ទីផ្សារតូចៗដូចជាអាស៊ីអាគ្នេយ៍ ។ ជាក់ស្តែង ថៃកំពុងរៀងចំរចនាសម្ព័ន្ធពន្ធដារឡើងវិញ សម្រាប់ឡានធម្មតានិងឡានប្រភេទកូនកាត់ hybrid ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាស និងអត្រាពន្ធដារកន្លងមក ជាពិសេសស្ទើរតែមិនយកពន្ធសម្រាប់ឡានអគ្គីសនី ។

ចំណែកនៅវៀតណាមវិញ ទើបតែបង្កើតយីហោឡានដំបូង ក្រុមហ៊ុន VinFast បានបោះជំហានចូលទីផ្សារឡានអគ្គីសនីស្រាប់ទៅហើយដែលរំពឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខជាមួយម៉ូឌែលពីរដំបូងគឺ ម៉ូឌែលទីមួយ LUX A2.0 sedan ដែលយកបច្ចេកវិទ្យានិងម៉ាស៊ីនតាម BMW 5-Series ចំណែកមួយម៉ូឌែលទៀត LUX SA2.0 SUV ប្រើបច្ចេកវិទ្យាតាម BMW X5 ។

បើនិយាយពីចិនឯណោះវិញ ត្រូវបានគេចាត់ទុកថាជាពិភពផលិតឡានអគ្គីសនីធំជាងគេលើពិភពលោក ។ ប្រភពពី Business Insider ឲ្យដឹងថា ចិនមានក្រុមហ៊ុនផលិតឡានអគ្គីសនីប្រមាណ ៤៨៧ រោងចក្រ ទាំងក្រុមហ៊ុនដែលបានផលិតហើយ និងក្រុមហ៊ុនកំពុងស្រាវជ្រាវ ។

៣-មុខរបរដឹកជញ្ជូន

បើនិយាយពីចិននិងអាមេរិកវិញ វិស័យដឹងជញ្ជូនបានរីកចម្រើនរួចទៅហើយ វិវត្តន៍តាំងពីដឹកមួយសប្តាហ៍មកពីរបីថ្ងៃ ហើយនិន្នាការថ្មីនេះ គឺដឹកព្រឹក ល្ងាចដល់ មានន័យថាល្បឿននៃការដឹកជញ្ជូនកាន់តែរហ័សជាងមុន ។

ចុងឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុនលក់ទំនិញ តាមអនទ្បាញដ៏ធំទី២ របស់ប្រទេសចិនគឺ JD.com បានប្រើយន្តហោះ Drone ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនទំនិញនឹងកាន់តែលឿនជាងមុន ។

បើនិយាយពីកម្ពុជាយើងវិញ ថ្វីត្បិតតែការដឹកជញ្ជូនព្រឹកចេញពីឃ្លាំងល្ងាចដល់ដៃអតិថិជន មិនទាន់ប្រើបចេ្ចកវិទ្យាទំនើប ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនក្នុងក្រុងកំពុងតែបង្កើតតកន្ទុយគ្នា មានទាំងក្រុមហ៊ុនប្រើ App និងក្រុមហ៊ុនដឹកជញ្ជូនធម្មតា ខណៈអ្នករកស៊ីមុខរបរនេះនាំគ្នាសម្រុកចូលទីផ្សារ ដើម្បីគាំទ្រទីផ្សារអនឡាញដែលកំពុងពេញនិយមនៅកម្ពុជា ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here