ស្ថាបនិក សំបុកអាយធី៖ ចេញរកស៊ីដំបូងគួរមានដៃគូ តែត្រូវរកដៃគូដែលមាន៣ចំណុចនេះឲ្យបានសិន

0
992

លោកឡាវ សុភ័ក្រ្ត ជាស្ថាបនិកហាងលក់គ្រឿងអេឡិចត្រូនិចទាន់សម័យ និងពេញនិយមនៅទីក្រុងភ្នំពេញ ដែលបានឈរជើងជាង៣ឆ្នាំ និងមានចំណូលរហូតដល់រាប់ម៉ឺនដុល្លារក្នុងមួយខែ។ សហគ្រិនរកស៊ីក្នុងវិស័យអាយធីរូបនេះ លើកឡើងថា ចេញរកស៊ីដំបូងសហគ្រិនថ្មីថ្មោងគួរណាស់តែរកដៃគូឲ្យបានពេលចាប់ផ្តើម។

ស្ថាបនិកវ័យ៣០ឆ្នាំបង្ហើបថា ការរើសដៃគូអាជីវកម្មក្រៅពីជំនាញសមស្របទៅនឹងអាជីវកម្មហើយនៅមានចំណុចសំខាន់ និងចាំបាច់ផ្សេងៗទៀត ដែលដៃគូអាជីវកម្មគួរមានចំពោះគ្នាទៅវិញទៅមកទើបអាចរកស៊ីជាមួយគ្នាបានយូរ និងជោគជ័យក្នុងអាជីវកម្មចាប់ផ្តើមថ្មីថ្មោងនោះ៖

១.ទំនុកចិត្ត

មានសហគ្រិនជាច្រើននិយាយថារកមនុស្សមានសមត្ថភាព ហើយទុកចិត្តបាន ដូចរើសបានលុយរាប់ម៉ឺនដុល្លារអញ្ចឹង ក្នុងនោះក៏មានលោកសុភ័ក្ត្រម្នាក់ដែរ។ គាត់បន្តថា ជាក់ស្តែងបើគាត់គ្មានដៃគូរកស៊ីពេលចាប់ផ្តើមដំបូងទេអាជីវកម្មមួយនេះមិនរឹងមាំ និងរីកចម្រើនបានដល់ដូចបច្ចុប្បន្ននេះឡើយ ដោយសារតែមានចំណុចខ្វះខាតជាច្រើនត្រូវបានដោះស្រាយជាបន្តបន្ទាប់ហើយសេវាកម្មផ្តល់ជូនភ្ញៀវកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

២.យល់ទុក្ខធុរៈគ្នា

ជាការពិតបរិបទនៃការរស់នៅរបស់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ ដូច្នេះការយល់ពីគ្នាជារឿងល្អបំផុតនៅក្នុងការចាប់ផ្តើមអាជីវកម្មជាមួយគ្នា។ ម្ចាស់ហាងយីហោពណ៌ខៀវបន្ថែមថា បើដៃគូរកស៊ីគិតតែពីផលប្រយោជន៍ខ្លួនឯង ហើយមិនសូវមើលថែអាជីវកម្មដោយទុកឲ្យភាគីផ្សេងទៀតទទួលខុសត្រូវនោះ មិនមែនជារឿងល្អឡើយសម្រាប់ដំណើរការរកស៊ី ដែលការចូលហ៊ុនរបៀបនេះផុយស្រួយនឹងបែកបាក់ខ្លាំងណាស់។

៣.ហិរញ្ញវត្ថុ

ត្រង់នេះសំដៅលើទុន និងការបែងចែកភាគលាភ វាជារឿងពិបាកមួយដែរ សម្រាប់ដៃគូ ហើយក៏អាចឈានទៅរកការបាក់បែកពិសេសពេលចំណេញទៅហើយនោះ។ ការមានទុកគ្រប់គ្រាន់ជារឿងមួយចាំបាច់ ប៉ុន្តែលើសពីនេះទៅទៀតអ្វីដែលត្រូវមើលឲ្យធ្លុះនោះគឺថា តើដៃគូរបស់យើងទុកចិត្តបាននឹងការបែងចែកប្រាក់ចំណេញគ្នាហើយ ឬនៅ ឬក៏និយាយមួយបែបទៀត តើដៃគូរបស់យើងរត់ចោលយើងទេប្រសិនបើអាជីវកម្មមួយនេះបើកក្នុងរយៈពេលកំណត់ណាមួយហើយ នៅតែមិនទាន់ឃើញចំណេញទៀតនោះ។ ប្រសិនបើគ្មានចំណេញហើយ គេមិនរត់ចោលអ្នក គេជាដៃគូរកស៊ីល្អសម្រាប់អ្នក៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here