អ្នករៀន IT នឹងត្រូវប៉ាន់ខ្លាំង ខណៈមនុស្សនឹងចាយលុយ១២២ ពាន់​លានដុល្លា​ទៅលើកម្មវិធីទូរស័ព្ទនាំឆ្នាំក្រោយនេះ

0
264

ដោយសារតែវត្តមាន​របស់ស្មាត​ហ្វូន​បានធ្វើ​ឱ្យ​កើត​ចេញនូវ​ទីផ្សារថ្មីមួយដែលមានសន្ទុះ​កើនឡើង​ពីមួយឆ្នាំទៅមួយ​ឆ្នាំគួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​មែនទែន​គឺទីផ្សារ​កម្មវិធីទូរស័ព្ទ​ឬ​យើង​និយម​ហៅថា App ដោយយើង​ឃើញមាន​បង​ធំពីរ​លេចធ្លោជាង​គេគឺ Playstore របស់​ Google និង ​Appstore របស់​Apple។

តាមរបាយការណ៍​ពីក្រុមហ៊ុន​វិភាគទិន្នន័យApp​ Annie បាន​ធ្វើ​ការ​ព្យាករណ៍ថានៅឆ្នាំ២០១៩​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោកទៅលើ​Appទូរស័ព្ទ​នឹង​កើនឡើង​បើធៀប​នឹង​ឆ្នាំ​នេះ​ដល់ទៅ៥ដង ជាមួយ​​ចំនួន​ទឹក​ប្រាក់ដ៏​​សន្ធឹក​សន្ធាប់​ប្រមាណជា ១២២ពាន់​លានដុល្លា​សហរដ្ឋអាមេរិក​។

ការចំណាយ​ទាំងនេះ ត្រូវបាន​គេ​គិត​ទៅលើ​ការ​ដាក់ពាណិជ្ជកម្មផ្សព្វ​ផ្សាយ​នៅក្នុង​កម្មវិធី ការ​ទិញទំនិញលើ​អនឡាញ ព្រម​ទាំង​ការទូទាត់​សាច់​ប្រាក់ដោយ​ការ​ប្រើប្រាស់​កម្មវិធីដែលមាន​ដូចជា Apple pay, Samsung Pay, Google Pay ,Alipay ឬក៏កម្មវិធីប្រើប្រាស់​បច្ចេកវិទ្យាFinTech ដ៏ទៃ​ទៀត។


បន្ថែមទៅលើ​នេះផង​ដែរ ហ្គេម​នៅលើ​ទូរស័ព្ទ​បាន​ចូល​រួម​ចំណែក​គួរ​ឱ្យ​កត់​សម្គាល់ទៅលើ​ការ​រីកលូត​លាស់​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ​កម្មវិធីទូរស័ព្ទ​នេះ ដោយគេរំពឹង​ថាទីផ្សារ​ហ្គេម​តាមទូរស័ព្ទ​នឹងគ្រប់គ្រង​​ទីផ្សារ​ហ្គេម​ទាំង​មូលរហូត​ទៅដល់​៦០% ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ចិនជាប្រទេសមួយ​ដែល​មានការចំណាយ​ទៅលើ​កម្មវិធីទូរស័ព្ទ​ច្រើនជាង​គេ​ដោយក្នុង​នោះ​ អ្នក​ប្រើប្រាស់​ចំណាយភាគច្រើនទៅលើ​ហ្គេម​ទូរស័ព្ទ​។

ក្រៅពីនេះ អ្នក​ប្រើប្រាស់​លើស​លប់​ចំណាយពេលភាគច្រើន​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​របស់ខ្លួន​ទៅលើ​ការកម្សាន្ត​តាមរយៈ​ការមើលវីឌីអូ ជាហេតុ​ធ្វើ​ឱ្យ​វីឌីអូ​មាន​ចំណែក​ទីផ្សារ​នៃ​ការ​ចំណាយ​របស់​អតិថិជន​មួយចំណែក​ធំផងដែរ។ ចាប់​តាំង​ពីឆ្នាំ២០១៦​មកចំនួន​កម្មវិធីដែលទាក់​ទង​នឹង​ការ​មើល​វីឌីអូតាម​អ៊ីនធឺណេត​កើន​ឡើង​រហូត​ដល់​ទៅ១១០ភាគរយ ហើយ​ការចំណាយ​របស់​អ្នក​ប្រើប្រាស់​នឹងកើនឡើង​រហូត​ដល់​ទៅ៥២០ភាគរយ។

តែ​អ្វីដែល​យើង​អាច​សង្កេត​ឃើញ​នោះគឺមាន​តែ​កម្មវិធីមើលវីឌីអូ​តែប៉ុន្មាន​ប៉ុណ្ណោះដែល​មាន​លទ្ធភាព​ទទួល​បាន​អ្នក​ប្រើប្រាស់ច្រើនលេចធ្លោជាង​គេដូចជា កម្មវិធីមើលវីឌីអូចូល​ក្នុង​ទីផ្សារចាស់​វស្សាមកហើយ YouTube, កម្មវិធីធ្វើ​ឃ្លីបខ្លីៗ Tik Tok បណ្ដាញសង្គម​ផ្សេងទៀត​ដូចជា ​Instagram និង Snapchat ហើ​យថ្មីៗនេះគេឃើញមាន Facebookទើបតែ​នឹង​ហក់​ចូល​ទីផ្សារ​នៃការមើលវីឌីអូតាម​រយៈ​ការបញ្ចេញជាផ្លូវ​ការ​ទូទាំង​ពិភពលោក​នូវមុខងារ Watch។

ជាមួយ​គ្នា​នេះផង​ដែរ​ ការកើនឡើង​នៃ​ការចំណាយ​របស់​អ្នក​ប្រើប្រាស់​ក៏ចូលរួមចំណែក​បង្កើត​ការងារ​ឱ្យ​អ្នក​ធ្វើការ​ខាង​វិស័យ​បច្ចេកវិទ្យា​នេះ ដោយគេឃើញថា នៅបណ្ដា​ប្រទេសដូចជាអាមេរិក​ អង់​គ្លេស​ជាដើម ប្រាក់ប្រចាំឆ្នាំដែល​​អ្នក​អភិវឌ្ឍ​កម្មវិធីទូរស័ព្ទអាច​រក​បាន​​មិន​ក្រោម​ ១សែនដុល្លា​ទេ ហើយ​បើតាម​ទិន្នន័យរបស់​ក្រុមហ៊ុន​Sensor Towerកាល​ពីឆ្នាំ២០១៧បានបង្ហាញថាទឹក​ប្រាក់​ប្រមាណជា ២៦.៥ពាន់​លានដុល្លា​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក្រុមអ្នកបង្កើត​កម្មវិធីដាក់​លើ​ iPhone ក្រោយពី ​Apple កាត់​យក​ ៣០ភាគរយ​​។

នេះជាសញ្ញា​ល្អ​សម្រាប់​អ្នក​ដែលចាប់​ផ្ដើម​អាជីវកម្ម​ខាង​ផ្នែក​បច្ចេក​វិទ្យាជាពិសេស​ខាង​ការ​អភិវឌ្ឍ​កម្មវិធីទូរស័ព្ទ ​ជាមួយនឹងគំនិត​ដែល​អាច​ដោះស្រាយ​បញ្ហា​ ឬ​ផ្ដល់​តម្លៃ​អ្វីមួយ​ពិត​ប្រាកដដល់​អ្នក​ប្រើប្រាស់ ​ បើទោះជាអាច​ចាប់យក​ចំណែក​ទីផ្សារ​បន្តិច​ក្នុងចំណែក​ទីផ្សារ​ធំក្តី ​​អាជីវកម្មនេះ​ជា​អាជីវកម្មដែល​មិនសូវ​ត្រូវការ​ទុន​ច្រើន មិនចេះខូច​ថែមទាំង​មាន​លទ្ធភាពអាចពង្រីកខ្លួន​ទៅកាន់​ពិភពលោក​បាន​ឆាប់​រហ័ស​ទៀត​ផង​៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here