ក្បួនផ្លូវកាត់ស្ថាបនិកថៅកែណយ ធ្វើឲ្យផលិតផលខ្លួនអាចលក់ក្នុងហាង 7-Eleven ដោយជោគជ័យ

0
2142

(ថៃ)៖ វ័យ១៩ឆ្នាំ មនុស្សមិនច្រើនទេដែលយល់ច្បាស់ពីពាក្យថារកស៊ី និងហ៊ានចាប់ផ្តើមរកស៊ីក្នុងវ័យដ៏ក្មេងខ្ចីនេះ ប៉ុន្តែទន្ទឹមនឹងពេលដែលយើងមើលឃើញថាវ័យនេះកំពុងពេញសប្បាយក្នុងជីវិតយុវវ័យ ក្មេងប្រុសជនជាតិថៃ ដែលជាស្ថាបនិកនំសារាយថៅកែណយ (Taokae Noi) ឯណោះវិញ ចាប់ផ្តើមជោគជ័យតាំងពីវ័យ១៩ឆ្នាំ ក្លាយជាសេដ្ឋីនៅវ័យតែជាង២០ឆ្នាំ។

សហគ្រិនជោគជ័យវ័យក្មេង និងជាមហាសេដ្ឋីមានបំផុតលេខរៀងទី៥០នៅថៃ Aitthipat Kulapongvanich ជាកូនកាត់ចិន ថៃ និងធ្លាប់ជាក្មេងដែលងប់ងុលនឹងការលេងហ្គេមអនឡាញ តែទោះជាបែបនេះក្តី ក្មេងប្រុសដែលឪពុកម្តាយតែងតែស្តីឲ្យរូបនេះ មិនដែលដាក់ដៃសុំលុយម្តាយឪពុកចាយឡើយ ដោយរូបគេអាចរកចំណូលពីការលេងហ្គេមនេះជាង១ម៉ឹនដុល្លារអាមេរិកក្នុងមួយខែៗ។

ក្រោយពេលដែលជំនួញឪពុកម្តាយដួលរលំរត់ទៅនៅប្រទេសចិនអស់ទៅ នៅសល់តែ Aitthipat Kulapongvanich ដែលចាប់ផ្តើមប្រឡូកក្នុងវិស័យជំនួញ បង្កើតរូបមន្តផលិតនំសារាយថៅកែណយដែលទទួលបានជោគជ័យខ្លាំងក្នុងរយៈពេលមិនដល់១០ឆ្នាំផង ហើយផលិតផលនំសារាយនេះ ត្រូវបានគេលក់ចែកចាយទូទាំងប្រទេសថៃ និងតាមបណ្តាប្រទេសផ្សេងទៀតជាង៤០ឯណោះ។


ប៉ុន្តែបើយើងក្រឡែកទៅមើលពីប្រវត្តិចាប់ផ្តើមអាជីវកម្មរបស់ក្មេងប្រុសម្នាក់នេះវិញ មុនជោគជ័យក្លាយជាមហាសេដ្ឋី រស់នៅយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះ គាត់បានឆ្លងកាត់ការលំបាក ការមើលងាយ និងបញ្ហាឈឺក្បាលមិនតិចទេ។

ជាក់ស្តែង នៅអាយុ១៩ឆ្នាំ ក្រោយរកឃើញរូបមន្តផលិតនំសារាយដែលមានរសជាតិឆ្ងុយឆ្ងាញ់ហើយ បញ្ហាដែលកម្លោះរូបនេះជួបនាពេលនោះ គឺមហិច្ឆតាបោះលក់ផលិតផលរបស់ខ្លួនចូលទៅក្នុងទីផ្សារនៃហាងលក់ទំនិញរាយដ៏ល្បីមួយឈ្មោះថា 7-Eleven  នៅក្នុងប្រទេសថៃ។ លក្ខខណ្ឌដ៏តឹងរឹងនៃហាងនេះ ធ្វើឲ្យVanich ឈឺក្បាលមិនតិចទេ ដោយសារតែហាងនេះ ទាមទារចុះទៅមើលរោងចក្រផលិតដោយផ្ទាល់ ត្រួតពិនិត្យគុណភាព រសជាតិ និងសង្វាក់ផលិតកម្មជាដើម ដែលអាចចំណាយពេលយ៉ាងតិច១ខែ និងត្រូវពិចារណា ធ្វើសេចក្តីសម្រេចយ៉ាងតិច២សប្តាហ៍ទៀត មុននឹងផ្តល់ព័ត៌មានត្រឡប់មកវិញ ថាអាចលក់ក្នុងហាង7-Eleven បាន ​ឫអត់។​

គ្រប់លក្ខខណ្ឌទាំងអស់របស់ហាង7-Eleven  អាជីវកម្មកើតថ្មីរបស់ Vanich គ្មានទាំងអស់។ ដោយសារតែ Vanich យល់ថា មានតែហាង7-Eleven ដែលអាចធ្វើឲ្យខ្លួនជោគជ័យបាន រូបគេក៏តាំងចិត្តដាក់លក់ផលិតផលរបស់ខ្លួនក្នុងហាងនេះឲ្យទាល់តែបាន។ Vanich បានព្យាយាមទៅខ្ចីលុយពីធនាគារ ដើម្បីរៀបចំតម្លើងម៉ាស៊ីន កន្លែង និងមនុស្ស ប៉ុន្តែត្រូវធនាគារបដិសេធ គ្មានជម្រើស Vanich ក៏ចាប់ផ្តើមពីការលក់ទៅតាមលទ្ធភាពក្នុងហាងផ្ទាល់ខ្លួន បន្ទាប់មកចាប់ផ្តើមលក់ហ្វ្រេនឆាយ ប្រមូលបានលុយមួយចំនួនមករៀបចំផ្ទះសល់របស់ឪពុក ធ្វើជារោងចក្រ តម្លើងម៉ាស៊ីនផលិត និងចាប់ផ្តើមជួលអ្នកជិតខាត៥ ទៅ៦នាក់ ដើម្បីធ្វើការងារទាំងនោះ។

ក្រោយរៀបចំដំណើរការស្រួលបួលហើយ មិនចាំយូរ រូបគេបានទៅស្នើសុំឲ្យ7-Eleven ចាត់ក្រុមការងារមកត្រួតពិនិត្យ និងវាយតម្លៃ ដែលនៅទីបំផុត រូបគេក៏ទទួលបានការយល់ព្រមឲ្យដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងហាងម៉ាត7-Eleven ទាំងជាង៣,០០០កន្លែង និងបានស្នើឲ្យVanich ផលិតឲ្យបាន៧២,០០០កញ្ចប់ក្នុងរយៈពេល៤៥ថ្ងៃ ដើម្បីយកទៅចែកចាយលក់តាមហាងទាំងអស់នោះ។

៣ខែក្រោយមក នំសារាយថៅកែណយក៏មានវត្តមានគ្រប់ហាង7-Eleven ហើយ២ឆ្នាំបន្ទាប់ផលិតផលទាំងនេះក្លាយជាផលិតផលលក់ដាច់ខ្លាំងជាងគេក្នុងចំណោមអាហារញ៉ាំលេងទាំងអស់ និងបានលក់ចែកចាយទៅកាន់ប្រទេសសិង្ហបុរី និងហុងកុងថែមទៀតផង។

៣ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១១ ផលិតផលនំសារាយនេះ ក៏ចាប់ផ្តើមបង្កើនការលក់ទាញចំណូលបានជាង៥០លានដុល្លារអាមេរិក និងបានលក់ចែកចាយទៅតាមបណ្តាផ្សារទំនើប ផ្សារម៉ាតរាប់ពាន់កន្លែងនៅទូទាំងប្រទេសចំនួន១៩ ទាំងនៅអាស៊ី និងអឺរ៉ុប ធ្វើឲ្យVanich ក្លាយជាសេដ្ឋីវ័យក្មេងមានទ្រព្យជាង៣៣លានដុល្លារអាមេរិក ក្នុងវ័យ២៦ឆ្នាំ

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

 

LEAVE A REPLY

Please enter your comment!
Please enter your name here