របៀបចាប់យកឱកាសចេញរកស៊ីដោយខ្លួនឯង ដែលអ្នកគួររៀនពីសហគ្រិនវ័យក្មេង លីម ហ៊ួង

0
3684

ការចាប់ផ្តើមអាជីវកម្មអ្វីមួយ ពេលខ្លះមិនចាំបាច់ទាល់តែយើងរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ឬអនុបណ្ឌិត ទើបយើងអាចចាប់ផ្តើមបាននោះទេ ព្រោះសព្វថ្ងៃនេះ មានអាជីវកម្មជាច្រើនដែលយើងអាចចាប់ផ្តើមបានទាំងនៅក្មេងខ្ចី និងចំណាយដើមទុនតិចថែមទៀតផង។ កត្តាដែលសំខាន់នោះ ថាតើយើងចេះប្រើសមត្ថភាព និងការតស៊ូរបស់យើងបានកម្រិតណា ដើម្បីស្វែងរកឱកាសជោគជ័យ។

សហគ្រិនស្រ្តីវ័យក្មេង កញ្ញ៉ា លីម ហ៊ួង ស្ថាបនិកក្រុមហ៊ុន First Solutios Cambodia Co., Ltd​ ដែលជាក្រុមហ៊ុនសម្របសម្រួលនិងរៀបចំឯកសារផ្នែកពាណិជ្ជកម្មដល់វិនិយោគិនបរទេសដែលមករកស៊ីនៅស្រុកខ្មែរ បានចាប់ផ្តើមបង្កើតចំណូលដោយខ្លួនឯង ទាំងនៅរៀនត្រឹមថា្នក់ទី១០ និងបានចាប់យកឱកាសចេញរកស៊ីដោយខ្លួនឯងតាំងពីឆ្នាំ២០១៥ ដោយចំណាយទុនផ្ទាល់ខ្លួនប្រមាណជាង ២ម៉ឺនដុល្លារអាមេរិក។

មូលហេតុដែលថា សហគ្រិនវ័យក្មេងរូបនេះ ចេះចាប់យកឱកាសចេញរកស៊ីដោយខ្លួនឯង ព្រោះកាលនៅរៀនថ្នាក់វិទ្យាល័យ គាត់បានចូលរួមក្នុងកម្មវិធីយុវជនអាស៊ាន ដូច្នេះក្នុងមួយឆ្នាំៗត្រូវដើរតាមបណ្តាប្រទេសនៅអាស៊ានយ៉ាងតិច ៤ ដង ដើម្បីធ្វើការសម្របសម្រួល បកប្រែជាមួយយុវជនអាស៊ានក្មេងៗ ដទៃទៀត។ ហេតុនេះហើយ បានធ្វើឱ្យគាត់មានចំណេះដឹង និងបទពិសោធន៍ ព្រមទាំងទំនាក់ទំនងជាច្រើននៅប្រទេសក្រៅ ដែលជាឱកាសជំរុញឱ្យគាត់ចាប់ផ្តើមចេញរកស៊ីលើមុខរបរជាអ្នកសម្របសម្រួលនិងរៀបចំឯកសារផ្នែកពាណិជ្ជកម្មដល់វិនិយោគិនបរទេស ដើម្បីបង្កភាពងាយស្រួល ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនច្រើន ព្រោះពួកគេមានទំនុកចិត្តលើកញ្ញាស្រាប់ លើផ្នែកប្រឹក្សាយោបល់ពាណិជ្ជកម្ម និងការផ្នែកធនធានមនុស្សជាដើម​។


សូមបញ្ជាក់ថា នាយិកាវ័យក្មេងខាងលើនេះ បច្ចុប្បន្នគាត់អាចប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញនូវភាសាចិន ជប៉ុន និងភាសាអង់គ្លេស។ ហើយក្នុងមួយខែ កញ្ញា អាចទាញចំណូលពីក្រុមហ៊ុន  First Solutios Cambodia Co., Ltd របស់ខ្លួនប្រមាណជា ៥ពាន់ដុល្លារអាមេរិក ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here