Tim Cook ធ្វើការឲ្យគេទេ តើគាត់បានលុយរាប់លានដុល្លារមកពីណា ហើយគាត់ចាយលុយធ្វើអ្វីខ្លះ?

0
980

នាពេលថ្មីៗនេះក្រុមហ៊ុន Apple ទើប​តែ​បាន​ដំណែង​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ហក់​ឡើង​រហូត​ទៅដល់​១ទ្រីលាន​ដំបូង​បំផុត​ក្នុង​សតវត្ស​ទី២១នេះ ក្រោម​សករាជដឹក​នាំ​របស់នាយក​ប្រតិបត្តិ​សក់​សវ័យ​ ៦០ឆ្នាំ លោក​ Tim Cook។

ជាមួយនឹង​ជោគជ័យ​ក្នុង​ការ​ដឹក​នាំនេះ​ លោកTim Cook ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណថា​មាន​ទ្រព្យ​សម្បត្តិ​ ប្រមាណជា​៦២៥លាន​ដុល្លា​ តែ​ចំនួនប៉ុណ្ណេះមិនច្រើន​នោះទេ​បើធៀបទៅនឹង​អ្នកដឹកនាំ ឬស្ថាបនិក​ក្រុមហ៊ុន​ជាដៃគូ​ប្រកួត​ប្រជែង​លើ​វិស័យ​បច្ចេកវិទ្យាដែល​មាន​ដូចជា​លោក Larry Page ស្ថាបនិកGoogle ឬMark Zuckerberg ស្ថាបនិកក្រុមហ៊ុនFacebook។

លោកTim មិនមែន​ជាអ្នកចូលចិត្ត​ហ៊ឺហាជ្រុលខ្លាំង​អីទេ ដោយគាត់​ចូលចិត្ត​រស់នៅជីវិត​ដ៏សាមញ្ញ​ក្រោមហេតុ​ផលថា​​មិនចង់​ឱ្យ​ខ្លួន​ឯង​ភ្លេច​ប្រភពដើម​ចេញមកពីណា។ គាត់​មានផ្ទះមួយ​តម្លៃ​១.៩លានដុល្លា ដោយតម្លៃ​ប៉ុននេះនៅតំបន់​ Silicon Valley គឺមិនជាថ្លៃពេកនោះទេ ដោយផ្ទះរបស់​គាត់​ជាវីឡាតូច​មួយ​ប៉ុណ្ណោះបើប្រៀប​ទៅមហាសេដ្ឋីផ្សេងទៀត។

កាលឡើង​តំណែង​ជាCEO លើកដំបូង​នៅឆ្នាំ២០១១ លោកTim ទទួលបាន​ប្រាក់ប្រចាំឆ្នាំជា​គោលប្រមាណជា៩សែន​ដុល្លា​ក្នុង​មួយឆ្នាំ ហើយនៅឆ្នាំ២០១៧បានឡើង​រហូត​ដល់​ទៅ៣លានដុល្លា។ ទ្រព្យ​សម្បត្តិ​ ៦២៥លានដុល្លា​មិនមែន​កើត​ឡើង​ដោយសារ​ប្រាក់​ប្រចាំឆ្នាំរបស់​គាត់​នោះទេ តែ​ជា​ប្រាក់​ដែលបាន​មក​ពីភាគហ៊ុនដែលគាត់​មាន​នៅ​ក្នុង​ក្រុមហ៊ុនApple ដោយមាន​តំណែង​ជាCEOនេះ ព្រម​ទាំង​ភាគហ៊ុន​មួយចំនួន​របស់​គាត់​ពីក្រុមហ៊ុនNike ដែលមានប្រមាណជា ៣.៣លានដុល្លា។

យ៉ាង​ណាក៏ដោយ​គាត់​ជាមនុស្ស​មាន​ចិត្ត​សប្បុរសធម៌ម្នាក់​និងខ្វល់ខ្វាយ​ពីបញ្ហា​សង្គម ដោយ​ក្នុង​រយៈការដឹកនាំរបស់​គាត់​បានជម្រុញឱ្យ​ក្រុមហ៊ុន​Apple ធ្វើការចូលរួមចំណែក​ជាសាច់​ប្រាក់​ប្រមាណជា១៣០លានដុល្លា​ប្រយុទ្ធប្រឆាំង​នឹង​មេរោគអេដស៍តាមរយៈ​យុទ្ធនាការ​មួយដែល​Apple ហៅថា ​RED ព្រម​ទាំង​ទឹកប្រាក់​ប្រមាណជា១០០លានដុល្លា​ជម្រុញឱ្យ​មាន​ការចូលរួម​ឱ្យលើកកម្ពស់ភាព​ស្មើ​ភាពគ្នា​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ដោយគ្មាន​ការរើស​អើង។

គួរ​រម្លឹក​ផង​ដែរ​ថា លោកTim Cook ចាប់ផ្ដើម​ចូល​បម្រើ​ការងារ​នៅក្រុមហ៊ុន​Appleដំបូងនៅខែមីនាឆ្នាំ១៩៩៨ក្នុង​មុខតំណែង​ជា​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិ​ការ​ទូទាំង​ពិភពលោក ក្រោយមក​ឡើង​តំណែង​ជា​ប្រធានផ្នែក​ប្រតិបត្តិការ និង​ចុង​ក្រោយនៅឆ្នាំ២០១១គាត់​បាន​ក្លាយទៅជា​នាយកប្រតិបត្តិ​ក្រោយពីការស្លាប់​របស់​Steve Jobsដែលជាសហស្ថាបនិករបស់​ក្រុមហ៊ុន។​

អត្ថបទដោយ៖ ខុន សក្ក័ដា