មកដឹង ទីផ្សារការងារដែលគេបោះបង់និងកកើតថ្មី ខណៈអាស៊ីអាគ្នេយ៍រងផលប៉ះពាល់ច្រើនជាងគេ

0
147

បច្ចេកវិទ្យានិងម៉ាស៊ីនជាអ្វីដែលគេនិយាយច្រើនបំផុតនៅពេលបច្ចុប្បន្ននេះ ហើយអ្វីដែលមនុស្សព្រួយបារម្ភនោះគឺ ការប្រែប្រួលនៃទីផ្សារការងារនាពេលអនាគត បើតាមការប៉ាន់ស្មានពីវេទិកាសេដ្ឋកិច្ចពិភពលោក (the World Economic Forum) ឲ្យដឹងថា នៅពេល ៤ ឆ្នាំខាងមុខ ការងារ ៧៥ លានកន្លែងនឹងត្រូវគេបោះបង់ចោលឬជំនួសដោយម៉ាស៊ីន និងមានការងារ ១៣០ លានកន្លែងថ្មី កើតឡើងដោយសារការវិវត្តន៍នៃបច្ចេកវិទ្យា ។

តាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Oxford Economics និងក្រុមហ៊ុន Cisco ឲ្យដឹងថា កន្លែងដែលគេព្រួយបារម្ភថានឹងរងផលប៉ះពាល់ពីបច្ចេកវិទ្យាច្រើនជាងគេ គឺអាស៊ីអាគ្នេយ៍ ដូចច្នោះដើម្បីទប់ទល់នឹងការផ្លាស់ប្តូរនេះ មនុស្សត្រូវផ្លាស់ប្តូរពីការងារកសិកម្មទៅជាការងារបែបសេវាកម្មខ្លះ ។ ការផ្លាស់ប្តូរនេះនឹងត្រូវធ្វើឡើងច្រើនជាងគេនៅប្រទេសនាំមុខសេដ្ឋកិច្ចចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ដែលស្នើនឹងការងារចំនួន ២៨ លានកន្លែង ក្នុងទស្សវត្សន៍ក្រោយនេះ ។

ឱកាសការងារថ្មី


ថ្វីត្បិតតែមានការងារដែលត្រូវបាត់បង់ពិតមែន ប៉ុន្តែអាស៊ីអាគ្នេយ៍ក៏ជាកន្លែងដែលផ្តល់ឱកាសច្រើនសម្រាប់ការងារថ្មីៗផងដែរ ។

ខណៈដែលបច្ចេកវិទ្យាថ្មីៗ បានឈានជើងចូលមក ផលិតភាពការងារនឹងកើនឡើង ខណៈថ្លៃផលិតនិងតម្លៃផលិតឬសេវាកម្មនឹងធ្លាក់ចុះ ធ្វើឲ្យការចំណាយឥតប្រយោជន៍ត្រូវកាត់បន្ថយ ដែលវានឹងបង្កើនតម្រូវការនៃការងារថ្មីៗ ។

ការងារមួយចំនួនដែលមានឱកាសរីកចម្រើនដូចជា ផ្នែកលក់រាយ លក់ដុំ ការងាររោងចក្រ សំណង់ និង ការងារផ្នែកដឹកជញ្ជូន ចំណែកវិស័យព័ត៌មានវិទ្យា ហិរញ្ញវត្ថុ និងសិល្បៈនឹងក្លាយជាវិស័យដែលមានប្រយោជន៍ ។

តាមរយៈការកកើតបច្ចេកវិទ្យាថ្មីៗ អ្នកធ្វើការត្រូវទាញប្រយោជន៍តាមរយៈការរៀនជំនាញថ្មីៗ រួមមានជំនាញអាជីពរបស់អ្នក បញ្ចូលគ្នាជាមួយជំនាញទន់ដូចជា ជំនាញទំនាក់ទំនង និងការគិតបែបវិភាគជាដើម ។

ការងារដែលបាត់បង់

ប្រភេទការងារមួយចំនួនដែលមានឱកាសបាត់បង់ច្រើន ជាប្រភេទការងារដែលមានជំនាញទាប អាចជំនួសដោយម៉ាស៊ីនបាន ។ ជាបឋមការងារទាំងនោះរួមមានផ្នែកកសិកម្ម និងកម្មករកម្រិតទាបដូចជា អ្នកសម្អាត និងអ្នកបញ្ជាម៉ាស៊ីនជាដើម ។

ការផ្លាស់ប្តូរនេះជាបញ្ហាប្រឈមធំសម្រាប់អាស៊ីអាគ្នេយ៍ ដោយសារស្ទើរតែគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍យើងសុទ្ធតែពឹងផ្អែកលើមុខរបរកសិកម្មបុរាណរាប់រយឆ្នាំមកហើយ ។

វិស័យផ្នែកកសិកម្មត្រូវបានគេកត់សម្គាល់ឃើញថា ផ្តល់ការងារ ៧៦ លានកន្លែងក្នុងប្រទេសសេដ្ឋកិច្ចឈានមុខ ៦ រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន ។ របាយការណ៍ដដែលបញ្ជាក់ថា មួយភាគបី នៃអ្នកធ្វើការទាំងនេះនឹងត្រូវបាត់បង់ការងារដោយសារបច្ចេកវិទ្យា នោះក៏ព្រោះតែពួកគេផ្តោតតែលើការងារដដែល និងប្រើកម្លាំង ខណៈដែលគេមើលឃើញថាការងារ ៩.៥ លានកន្លែងនៅថៃនិងវៀតណាម ភាគច្រើនជាការងារមានជំនាញទាប និងការងារស្រែចម្ការ ។

ជារួមមកការងារមួយចំនួនដែលធ្វើការជាទម្លាប់ដដែល របៀបវិលជុំ ជាការងារប្រឈមនឹងការបាត់បង់ខ្ពស់បំផុត ការងារដែលមានតម្រូវភាគច្រើនជាការងារដែលប្រើខួរក្បាលច្រើន ការងារដែលប្រើជំនាញខ្ពស់ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ CNBC

LEAVE A REPLY

Please enter your comment!
Please enter your name here