ហត្ថាកសិករ ចាប់ផ្ដើមបោះផ្សាយលក់ មូលបត្របំណុល នៅផ្សារហ៊ុនកម្ពុជា ជាផ្លូវការហើយ!

0
3184

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (ហត្ថាកសិករ) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ បានក្លាយជាក្រុមហ៊ុនដំបូងក្នុងស្រុក ដែលបាន ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវក្ម ជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា(ផ្សារភាគហ៊ុនកម្ពុជា) នៅថ្ងៃម្សិលមិញនេះ។

បន្ទាប់ពីការចុះបញ្ជីលក់ជាផ្លូវការនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ វិនិយោគិនរូបវន្តបុគ្គល​ អាចដាក់សំណើទិញ ឬលក់ សញ្ញាបណ្ណនេះតាមរយៈឈ្មួញជើងសាមូលបត្ររបស់ខ្លួន ដែលដំណើរការ​នៃ​ការ​ជួញដូរនេះប្រហាក់ប្រហែលនឹងដំណើរការនៃការជួញដូរមូលបត្រកម្មសិទ្ធិ ។

តម្លៃចារឹកក្នុងមួយសញ្ញាបណ្ណ គឺ ១០០.០០០ រៀល ជាមួយនឹងអត្រាគូប៉ុង (អត្រាការប្រាក់) ៨,៥០% ក្នុងមួយឆ្នាំ ។ តម្លៃនៃសញ្ញាបណ្ណ អាចនឹងប្រែប្រួលផ្អែកលើតម្រូវការទីផ្សារ (ទិញ និងលក់) និងអត្រាការប្រាក់នៃផលិតផលដូចជាប្រាក់បញ្ញើមានកាលកំណត់ និងគណនីសន្សំ ។ វិនិយោគិនសញ្ញាបណ្ណ អាចទទួល​បាន​ប្រាក់ចំនេញ ឬខាតមូលធន ដោយ​ផ្អែក​លើ​តម្លៃសញ្ញាបណ្ណ បន្ថែមលើការទទួលបានអត្រាគូប៉ុង ៨,៥០% ក្នុងមួយឆ្នាំ (ទូទាត់រៀងរាល់ឆមាស) រហូតដល់ឥណប្រតិទាននៅឆ្នាំ ២០២១ (សញ្ញាបណ្ណនេះមានរយៈពេល ៣​ ឆ្នាំ គិតចាប់ពី ថ្ងៃទី ១៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១) ។

ទំហំសរុបនៃការបោះផ្សាយសញ្ញាបណ្ណ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ គឺ ១២០ ពាន់លានរៀល (ប្រហែល ៣០ លានដុល្លារអាមេរិក) ដោយ​មាន​ការ​ចូលរួមធ្វើបរិវិសកម្មពីសំណាក់វិនិយោគិនស្ថាប័នក្នុងស្រុក និងក្រៅស្រុក ។ ការដាក់ឲ្យដំណើរការទីផ្សារមូលបត្របំណុលនេះ នឹងផ្តល់នូវប្រភពមូលនិធិថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងជាជម្រើសវិនិយោគថ្មីមួយទៀតសម្រាប់វិនិយោគិន ។

ចំពោះសាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណ ហត្ថាកសិករ នឹងត្រូវប្រើប្រាស់ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទាន រួមទាំងជាទុនបង្វិល និងសម្រាប់ចំណាយមូលធនរបស់ក្រុមហ៊ុន ។ មិនតែប៉ុណ្ណោះ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងជួយគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅតាមជនបទ ដែលរួមមានសហគ្រិនជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ៖ ហុង