ខេត្តសៀមរាប – គោលដៅទីបីនៃសិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

0
107

កាលពីថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង​ ឃែភីថល បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ​ នៅសណ្ឋាគារ Apsara Angkor Hotel ខេត្តសៀមរាប។ សិក្ខាសាលានេះ គឺជាគោលដៅទីបីនៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួន 5 ប្រចាំឆ្នាំ 2018 ក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា បង្កើនទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវចំណេះជំនាញសម្រាប់ការវិនិយោគមួយនេះ។

ក្នុងចំណោមខេត្តទាំងប្រាំ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង​ ឃែភីថល បានចូលរួមសិក្ខាសាលានៅខេត្តព្រះសីហនុ និងខេត្តកំពង់ចាមរួចមកហើយ ហើយក្រុមហ៊ុន នឹងមានវត្តមាននៅសិក្ខាសាលាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ ណែនាំអំពីឧបករណ៍និស្សន្ទ ក៏ដូចជាបញ្ជាក់ពីភារកិច្ចរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងការសម្រួលដល់ការរីកលូតលាស់នៃទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។


លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការអភិវឌ្ឍនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្ប ញ្ញាតិ បញ្ហាប្រឈមដែលកំពុងកើតមានឡើង និងផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការជម្រុញវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង​ ឃែភីថល គឺជាក្រុមហ៊ុនឈ្មួញជើងសាតែមួយគត់ ដែលចូលរួមក្នុងគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំនេះ ហើយដោយសារភាពស្វិតស្វាញរបស់ក្រុមហ៊ុនក្នុងការចូលរួមត្រួសត្រាយផ្លូវនៃទីផ្សារហិរញ្ញវត្ថុកម្ពុជាឱ្យស្របនឹងបទដ្ឋានអន្តរជាតិ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង​ ឃែភីថល បានឆ្លុះបញ្ចាំងពីភាពដែលមានវិជ្ជាជីវៈពិតប្រាកដ ហើយបានបង្កើតជាគំរូសម្រាប់ក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗទៀត។

លោក Hosea Poon នាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង​ ឃែភីថល ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសសម្រាប់សិក្ខាសាលានៅខេត្តសៀមរាបនេះ។ ជាមួយនឹងក្ដីសោមនស្សរីករាយ  លោក Poon បានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុជាសាធារណៈ គឺជាស្ថិតនៅតំបន់កំពូលនៃបញ្ជីការងារអាទិភាពរបស់ក្រុមហ៊ុន ​ហ្គោលដេន អេហ្វអិកស៍ លីង​ ឃែភីថល។

លោក Poon បានបន្ថែមថា៖ “ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តរីកលូតលាស់ និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់វា។ ក្រុមហ៊ុនឈ្មួញជើងសាជាច្រើន​ បានទទួលអាជ្ញាបណ្ណ ដូច្នេះ ការវិវឌ្ឍនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា នឹងកាន់តែឆាប់រហ័ស។ ពួកយើងកំពុងស្ថិតនៅលើដំណើរដ៏អស្ចារ្យមួយ។”

ជាមួយនឹងភាពជោគជ័យពីសិក្ខាសាលានៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តសៀមរាប អនាគតនៃវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា ត្រូវបានរំពឹងថា វានឹងកាន់តែភ្លឺស្វាង។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here