ការគិត ៥យ៉ាង ដែលធ្វើឱ្យមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ដូណាល់ ត្រាំ រកស៊ីជោគជ័យ

0
1537

លោក ដូណាល់ ត្រាំ បច្ចុប្បន្ននេះជាប្រធានាធិបតីទី៤៥ និងជាអតីតមហាសេដ្ឋីអចលនទ្រព្យដ៏ពូកែម្នាក់របស់សហរដ្ឋអាមេរិក។ ត្រាំ ត្រូវបានមនុស្សមួយចំនួនគិតថា ជាមនុស្សខុសពីបុគ្គលធម្មតា ព្រោះជោគជ័យទំាងជំនួញ និងនយោបាយ ហើយមូលហេតុសំខាន់បំផុតដែលធ្វើឱ្យគាត់ជោគជ័យនៅពេលនេះ គឺមកពីការគិតរបស់គាត់ខុសពីបុគ្គលធម្មតា ឬអ្នករកស៊ីធម្មតា។

ថ្ងៃនេះ Business Cambodia សូមលើកយករបៀបគិត ៥យ៉ាង ក្នុងចំណោមគំនិតសំខាន់ៗជាច្រើនផ្សេងទៀត ដែលធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្លាយជាមហាសេដ្ឋីអចលនទ្រព្យ។

១. មិនដែលបោះបង់

ត្រាំ ជាមនុស្សម្នាក់ដែលជឿជាក់យ៉ាងមុតមាំថា ការមិនព្រមបោះបង់នៅអ្វីមួយដែលខ្លួនកំពុងជួបបញ្ហានោះ នឹងធ្វើឱ្យគាត់រកឃើញភាពជោគជ័យយ៉ាងពិតប្រាកដ។ ដូចពាក្យមួយឃ្លាគាត់បាននិយាយថា “ទីណាមានឧបសគ្គ ឬបញ្ហាស្មុកស្មាញ ទីនោះហើយជាឱកាសល្អបំផុតសម្រាប់គាត់ ព្រោះមានសហគ្រិនមិនច្រើននាក់ទេ ដែលហ៊ានប្រថុយចាប់យកឱកាសទាំងនោះ”

២. រស់នៅក្នុងជីវិតបច្ចុប្បន្ន

អតីតមហាសេដ្ឋីអលនទ្រព្យវ័យ ៧២ឆ្នាំរូបនេះ ខ្វាយខ្វល់តែពីជីវិតបច្ចុប្បន្នរបស់គាត់តែប៉ុណ្ណោះ គាត់មិនដែលខ្វល់ពីអតីតកាលនោះទេ ព្រោះគាត់យល់ថាការមិនខ្វល់ពីអតីតកាល គឺជារឿងសំខាន់បំផុតដែលអាចធ្វើឱ្យគាត់ទទួលបានជោគជ័យ។ គាត់មានសុភាសិតមួយឃ្លាថា “ខ្ញុំព្យាយាមរៀនកំហុសពីអតីតកាល ប៉ុន្តែគម្រោងអនាគតរបស់ខ្ញុំ ផ្តោតសំខាន់តែនៅពេលបច្ចុប្បន្នប៉ុណ្ណោះ”

៣. គិតឱ្យធំ

បុគ្គលជោគជ័យទាំងផ្នែកជំនួញ និងនយោបាយរូបនេះ ធ្លាប់បានលើកឡើងថា “បើអ្នកជ្រុលជាគិតទៅហើយ ហេតុអ្វីមិនព្រមគិតឲ្យធំ ដោយលោកបានបញ្ជាក់ថា ការគិតនឹងកំណត់គោលដៅនេះហើយដែលធ្វើឲ្យមនុស្សមានវាសនាអនាគតខុសដាច់ពីគ្នា។ លោកពន្យល់ថា មនុស្សសាមញ្ញចូលចិត្តគិត និងកំណត់គោលដៅណាដែលមានសុវត្ថិភាព ឬងាយៗ ចូលចិត្តធ្វើតែរឿងតូចៗងាយនឹងសម្រេច មិនចូលចិត្តគិតធំនោះទេ ព្រោះខ្លាចលំបាក។

៤. រីករាយជាមួយនឹងការងាររបស់អ្នក

ត្រាំ ធ្លាប់បានលើកឡើងថា បុគ្គលជោគជ័យតែងតែលោតចេញពីគ្រែដេករបស់ពួកគេជារៀងរាល់ព្រឹក ពួកគេមានក្តីរំភើបសម្រាប់ថ្ងៃថ្មីជានិច្ច ខណៈមនុស្សបរាជ័យតែងតែត្រូវគេដាស់ជារៀងរាល់ព្រឹក។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា  “ប្រសិនបើអ្នកធ្វើការដូចជាការកម្សាន្ត នោះការងារដែលអ្នក កំពុងធ្វើនឹងមានតុល្យភាពខ្ពស់បំផុត”

៥. មានភាពវិជ្ជមានលើខ្លួនឯង

ត្រាំ បាននិយាយថា មនុស្សត្រូវតែមានភាពវិជ្ជមានលើខ្លួនឯងជានិច្ច ពោលគឺមិនត្រូវគិតអវិជ្ជមានមកលើខ្លួនឯងជាដាច់ខាត ព្រោះការគិតវិជ្ជមានគឺជារឿងសំខាន់បំផុតដែលនាំមនុស្សរកឃើញភាពជោគជ័យ និងធ្វើអ្វីមួយដោយមិនងាយនឹងបោះបង់នោះទេ ទោះបីជាមានឧបសគ្គធំយ៉ាងណាក៏តែនៅស៊ូបានដែរ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here