នេប៉ាល់ នឹងបើកព្រលានយន្តហោះថ្មី១ ដែលអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា នាឆ្នាំក្រោយ

0
195
រូបដំណាង

នៅឆ្នាំក្រោយនេះ ប្រទេសនេប៉ាល់នឹងបើកព្រលានយន្តហោះថ្មីមួយ ដែលអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា ហើយពេលនោះប្រជាជននេប៉ាល់ក៏អាចធ្វើដំណើរទៅទស្សនកិច្ចអង្គរវត្ត រីឯពលរដ្ឋកម្ពុជា វិញក៏អាចធ្វើដំណើរមកទស្សនាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រនៅនេប៉ាលផងដែរ។ នេះជាការលើកឡើងរបស់លោក ប្រាឌីព គូម៉ា ហ្គែវ៉ាលី (Pradeep Kumar Gyawali) រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេប៉ាល់ ក្នុងជំនួបពិភាក្សាគ្នាជាមួយសម្តេចតេជោហ៊ុន សែន កាលពីម្សិលមិញនេះ។

លោករដ្ឋមន្ត្រីការបរទេស បានឱ្យដឹងទៀតថា កម្ពុជា និង នេប៉ាល់ នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាច្រើនទៀតតាមដែលអាចធ្វើបាន មានដូចជាវិស័យវប្បធម៌ សាសនា ជំនឿ ហើយសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នឹងបានផ្លាស់ប្តូរទស្សនៈគ្នា រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាមានដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងអំពើហិង្សាជាដើម។ បន្ថែមពីលើនេះ ប្រទេសនេប៉ាល់ នឹងខិតខំរិះរកវិស័យផ្សេងៗ ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលយើងមានសក្តានុពលច្រើន ហើយដែលអាចធ្វើទៅបាន។


ដោយឡែក សម្ដេចតេជោហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា កម្ពុជានឹងបើកស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់អាចបង្កើតស្ថានទូតនៅទីក្រុងភ្នំពេញ ផងដែរ។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាគ្នាខាងលើនេះ កម្ពុជា និង នេបាល់ បានចុះហត្ថលេខាលើឯកសារ៤សំខាន់ដូចជា ទាក់ទងនឹងការលើកលែងទិដ្ឋាការ ( visa) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕

អត្ថបទដោយ៖ ម៉េង​ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here