ពិតឬ សហគ្រិនខ្មែរភាគច្រើនចេញរកស៊ីតាមគ្នា គ្មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត?

0
776

សហគ្រិនជំនាន់ថ្មី ឬអ្នកជំនួញសម័យឌីជីថលត្រូវបានគេមើលឃើញអំពីសក្តានុពលរបស់ខ្លួន ក្នុងការចាប់ផ្តើមអាជីវកម្មហាក់ងាយស្រួល និងមានឱកាសច្រើន។ ជាក់ស្តែងសព្វថ្ងៃនេះ សហគ្រិនឆ្នើមកម្ពុជាមិនតិចនោះទេ បានចូលរួមប្រកួតប្រជែងកម្មវិធីអាជីវកម្មថ្នាក់ជាតិ និងអន្តរជាតិជាដើម។ មានសហគ្រិនជោគជ័យ និងពូកែច្បាស់ណាស់ សបញ្ជាក់ថាប្រទេសក៏មានសេដ្ឋកិច្ចរីកចម្រើនទៅតាមនេះដែរ។ សម្រាប់កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ចង់មិនចង់អ្វីដែលថ្មីៗ និងត្រូវលេចឡើងជាបន្តបន្ទាប់ ជាពិសេស គំនិតអាជីវកម្មបែបថ្មីៗ បានបង្កើតឡើងស្ទើរាលថ្ងៃលើទីផ្សារ។

ក្នុងនាមជាសហគ្រិនជំនាន់ថ្មី អ្នកត្រូវប្រាកដថា គំនិតអាជីវកម្មរបស់អ្នកត្រូវតែថ្មី មិនចម្លងគេ មិនធ្វើតាមគេទំាងស្រុងបើអ្នកចង់រស់រយៈពេលយូរទៅមុខបាន។

និយាយបែបម្យ៉ាង ស្ថានភាពនៃការ​ប្រកបអាជីវកម្មនៅកម្ពុជាសព្វថ្ងៃនេះហាក់រីកដុះដាលដូចផ្សិត ពីមួយថ្ងៃទៅមួយថ្ងៃបើកបន្តកន្ទុយគ្នាមិនស្រាក់ស្រាននោះទេ។ អាជីវកម្មស្ទើគ្រប់វិស័យ ត្រូវបានបង្កើតឡើង រាប់ចាប់តំាងពីមានលក្ខណៈគ្រួសារ រហូតមានលក្ខណៈស្តង់ដារក្រុមហ៊ុនអន្តរជាតិ មានទំាងកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មជាដើម។


យើងក្រឡេកមើលពីរបៀបនៃគំនិតចាប់ផ្តើមអាជីវកម្ម តាមរយៈបទសម្ភាស និងការស្រាវជ្រាវដែល Business Cambodia បានចុះផ្សាយកន្លងមក បានមើលឃើញថា អាជីវកម្មជាពន្លកជំនាន់ថ្មី សហគ្រិនខ្លួនឯងផ្ទាល់បានប្រើប្រាស់អស់កម្លាំងកាយចិត្ត និងគំនិត ដើម្បីឲ្យវាមានដំណើរការឡើង។ តែទំនោរនៃការរកស៊ីតាមគ្នា​ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ ហាក់ប្រកែកមិនបាន មានដូចជាអាជីវកម្មកាហ្វេ ភោជណីយដ្ឋាន របរលក់ម្ជូ និងរកស៊ីវិស័យអចលនទ្រព្យជាដើម មានគ្រប់ទិសទីនៅឡើយ។

ស្ថានភាពបែបនេះ យើងមិនអាចដកចេញ ពីទម្លាប់របស់ខ្មែរយើងបាននោះទេ ដោយសារតែទម្លាប់ជាប់និងខ្លួន ធ្វើឲ្យសហគ្រិនមួយចំនួន នៅតែឆ្លៀតឱកាស កេងចំណេញ ចេញរកស៊ីចម្លងគំនិតពីគេ ដោយចេតនា ហាក់ខ្វះសីលធម៌ផ្នែកគំនិតនៅឡើយ។

យើងអាចសង្ងត់ធ្ងន់ថា អាជីវកម្មបើកតាមគ្នា និងជួបហានិភ័យខ្ពស់បំផុតជាក់ស្តែង អាជីវកម្មហាងកាហ្វេត្រូវបានបានម្ចាស់ហាងកាហ្វេមួយចំនួនយល់ឃើញថា មិនយូរទេអាជីវកម្មមួយនេះ និងជួបហានិភ័យ ដោយសារមានអ្នកសម្រុកបើកបន្តកន្ទុយគ្នាច្រើន ខណៈអតិថិជន(អ្នកផឹក)មិនកើនឡើងខ្លាំងនោះទេ។

លោកង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាសហគ្រិនមួយរូបផងនោះ មើលឃើញថា «សហគ្រិនខ្មែរភាគច្រើនហាក់ចេញរកស៊ីតាមគ្នាច្រើន ដូចជាវិស័យដីឡូត៍ កាហ្វេ គ្មានការផ្តួចផ្តើម ការច្នៃប្រឌិតដោយខ្លួនឯង ខ្វះការប្រមើលនៅថ្ងៃអនាគត និងនិន្នាការទីផ្សារជាក់ស្តែង។ ដូច្នេះពេលមានដើមទុនហើយ ចាំតែចម្លងតាមគ្នា ឃើញគេរកស៊ីកាហ្វេ រកស៊ីកាហ្វេដែរ ឃើញគេរកស៊ីដីឡូត៍ ចេញធ្វើតាមគេ មិនដឹងថាខ្លួនពូកែ និងខ្លាំងអ្វីនោះទេ។

ហេតុផលនៃការចេញរកស៊ីតាមគ្នានេះហើយ បានជានៅពេលជួបស្ថានភាពលំបាកលើសតម្រូវការ មិនអាចបទបែនតាមតម្រូវការទីផ្សារ ព្រោះគ្មានគំនិតច្នៃប្រឌិត ហើយក្លាយជាជនរងគ្រោះលើទីផ្សារតែម្តង ជាក់ស្តែងដូចជាទូរស័ព្ទម៉ាកNokia ជាដើម។

ផ្ទុយទៅវិញ សហគ្រិនថ្មីជាច្រើន បានខិតខំបង្កើតអ្វីៗដែលថ្មី ដែលស្ទើគ្មានទាល់តែសោះលើទីផ្សារកម្ពុជា។ សហគ្រិនកម្ពុជា បើដើរតាមផ្លូវនេះ ច្បាស់ណាស់ហាក់ចំណេញពេលច្រើនទៅលើរបកគំហើយថ្មីៗ ដែលខ្លួនចង់បាន តែវាមានអត្ថប្រយោជន៍ច្រើននៅពេលចេញជារូបរាងឡើង។ មែនទែនទៅ ពួកគេប្រើពេលយូរក្នុងការចាប់ផ្តើម តែងាយស្រួលជោគជ័យ និងក្លាយជាមានលឿន ជាងអ្នករកស៊ីតាមគ្នា ឬទំនោរតាមគេឯង។ អ្នកជំនួញជើងចាស់ជាច្រើន បានផ្តល់ដំបូន្មានល្អៗដល់សហគ្រិនជំនាន់ក្រោយ ត្រូវតែរកស៊ីរបរណា ដែលមិនទាន់មាន ស៊ីមិនចេះអស់ម៉ូវជាដើម នេះបើតាមប្រសាសន៍របស់លោកឧកញ៉ាគួច ម៉េងលី ធ្លាប់លើកឡើងកន្លងមក។

តែរឿងជាក់ស្តែង យើងឃើញច្បាស់និងភ្នែក ប្រកែកមិនបាននោះគឺ យុវជនខ្មែរច្រើនណាស់ ចាប់ផ្តើមផ្តល់តម្លៃលើភាពជាសហគ្រិន ដោយកសាងតម្លៃខ្លួនឯង តាមរយៈបង្កើនសមត្ថភាព គំនិតច្នៃប្រឌិតថ្មីៗ មិនពឹងពាក់លើគំនិត ឬចម្លងគំនិតមានស្រាប់របស់អ្នកដទៃទៀតនោះទេ។ ពួកគេបានព្យាយាមប្រើប្រាស់ភាពឆ្លាតវៃរបស់ខ្លួន ច្នៃចេញជាអាជីវកម្មផ្ទាល់ខ្លួន រហូតទទួលបានជោគជ័យខ្លាំងស្ទើមិនគួរឲ្យជឿ ជាក់ស្តែង ស្ថាបនិកវ័យក្មេង DoyDoy ឯម ចាន់រិទ្ធីកុរ និងយុវតីវ័យក្មេងស៊ីថា ឧម៉ាវត្តី ម្ចាស់សំអាងការរស្មីមង្គលជាដើម។

សរុបមក ប្រទេសអភិវឌ្ឍន៍ជឿលឿនក៏ដោយ ក៏នៅតែមានការចម្លងគំនិតអាជីវកម្មដែល ចុះទម្រាំប្រទេសកម្ពុជា ជាប្រទេសក្មេងខ្ចីនៅឡើយ វាមិនចម្លែកពេកទេ។ តែអ្វីដែលសហគ្រិនវ័យក្មេងកម្ពុជា ត្រូវធ្វើនោះគឺ ត្រូវតែខំបង្កើតនៅគំនិតថ្មីៗដោយខ្លួនឯង ចៀសវាចម្លងតាមគេទំាងស្រុងមិនច្នៃប្រឌិតសូម្បីតែបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចដាក់បន្ទុកលើប្រទេស ហើយចេញរកស៊ីតាមគ្នា មិនគិតពីតម្លៃខ្លួន និងជាតិនោះឡើយ។

ដូច្នេះហើយ ចាប់ពីកាលនេះតទៅ សហគ្រិនថ្មីៗជំនាន់ក្រោយរបស់កម្ពុជា ត្រូវតែជាសហគ្រិនឆ្នើម មានគំនិតថ្មីៗ​ មានរបកគំហើញថ្មី សម្រាប់ចូលរួមកសាងសង្គមជាតិយើងឲ្យមានសេដ្ឋកិច្ចរីកចម្រើន។ ពិតណាស់ ផលប្រយោជន៍បុគ្គលអាចមិនមែនជាប្រយោជន៍សង្គមជាតិ តែប្រយោជន៍ជាតិច្បាស់ណាស់ គឺត្រូវតែជាប្រយោជន៍​បុគ្គលម្នាក់ៗ ដែលរស់នៅក្នុងសង្គម៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: vuthea.businesscambodia@gmail.com,Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here