មូលហេតុធំៗ 3 ដែលធ្វើឲ្យមនុស្សក្រ តកូនតចៅ ពិបាកងើបចេញពី សំណាញ់នៃភាពក្រីក្រ

0
2395

ពេលបានធ្វើដំណើរទៅប្រទេសជឿនលឿនម្តងៗ ​ខ្ញុំតែងមានអារម្មណ៍ក្តុកក្តួល​ក្នុងចិត្ត​​ ព្រោះតែឃើញប្រទេសគេរីកចម្រើន​ ប្រជាជនគេ រស់នៅពេញដោយភាពសំបូរសប្បាយ។ តែ​យ៉ាងណា​ ខ្ញុំជឿថា ​ថ្ងៃណាមួយ​ខ្មែរ​គ្រប់រូប នឹងមានឳកាសរស់នៅធូធារពេញដោយក្តីសុខ​បើយើងគ្រប់គ្នា ដែលកំពុងខ្វះខាត ​នាំគ្នាខំអភិវឌ្ឍខ្លួនឯងឲ្យលឿន។

ខ្ញុំបានព្យាយាមរកមូលហេតុដែលធ្វើឲ្យមនុស្សយើងនៅក្រ ​​ហើយ​ខាងក្រោម​ជាមូលហេតុធំៗ​ ដែលធ្វើឲ្យមនុស្សក្រតកូនតចៅ​ ងើបមិនរួចពីសំណាញ់ នៃភាពក្រីក្រទ្បើយ៖

១​. ក្រ ក្តីស្រមៃ


ជឿឬមិនជឿ​ ខ្ញុំបានកំពុងតែពន្យល់ប្រាប់គ្រប់គ្នាថា​ ក្តីស្រមៃ​ជារបស់​មួយដែលមាន​ឥទ្ធិពល​បំផុ​ត នៅក្នុងការកែប្រែវាសនា​របស់មនុស្ស។ Business Cambodia​ធ្លាប់បានសសេរច្រើនមកហើយ ​ពីសហគ្រិនដែលកើតមកសែនក្រ ​តែគាត់មាន​ក្តីស្រមៃ​មុះមុត​ ហើយច្បាស់លាស់ ហើយ​ទីបំផុតទៅ​សហគ្រិនទាំងនោះ តែងជោគជ័យនៅទីបញ្ចប់។

ផ្ទុយទៅវិញ មនុស្សមួយចំនួន​តែងយកលេស​ថា កើតក្នុងប្រទេសក្រ​ គ្រួសារក្រ​​ទោះស្រមៃចង់ធ្វើអ្វីក៏ដោយ ក៏វាមិនអាចទៅរួចដែរ​ព្រោះគ្មានលុយនឹងគេទេ។​លេសនេះហើយ ​ដែលបានធ្វើឲ្យមនុស្សខ្ជិល ​ហើយមិនខំស្រមៃ​នឹងគេនោះទេ​ដល់យូរៗ​ទៅ​ ត្រូវរស់នៅដោយគ្មានក្តីស្រមៃ ​គ្មានមហិច្ឆតា​ គ្មានគោលដៅនឹងគេទេ។​

២​. ក្រ ចិត្តតស៊ូ

ធ្លាប់លឺឃ្លាមួយនេះ​ទេ “មនុស្សច្រើននាក់ណាស់​ ស្រមៃចង់ធ្វើនេះ​ ចង់ធ្វើនោះ​ចង់ក្លាយជាអ្នកមាន ​តែបានត្រឹមតែស្រមៃ​ គ្មានសកម្មភាពអ្វីទេ”? បើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំងនេះ ​នោះមានន័យថា ​អ្នកជាមនុស្សដែលក្រ​ចិត្តតស៊ូក្នុងជីវិតហើយ។​

ទាំងអស់គ្នាត្រូវចាំថា​ លើលោកយើងនេះ​ គ្មានអ្វីធ្លាក់មកពីលើមេឃ​ងាយៗ​នោះទេ​ក្រៅតែពីទឹកភ្លៀងតែប៉ុណ្ណោះ។ ​ដូចនេះអ្នកមិនត្រូវរំពឹងលើមេឃ ​ដើម្បីមកជួយ​កែប្រែ​ជីវិតអ្នកនោះទេ។​ ចង់ចេញរកសុី​អ្នកត្រូវមានក្តីស្រមៃ​ហើយ​ចេញសកម្មភាព​ផង​ទោះ​ជាការងារអ្វីក៏ដោយ ​តូចយ៉ាងណាក៏ដោយ​​លំបាកយ៉ាងណាក៏ដោយ​​ អ្នកត្រូវ​ចេញ​ធ្វើ​ បើនៅរង់ចាំ​នេះ ​រង់ចាំនោះ​នោះ​ជីវិតអ្នកនឹងមិនទៅមុខទ្បើយ។

៣.​ ក្រ គំនិតបង្កើតនិងចាយលុយ

មនុស្សយើងគ្រប់រូបកើតមនុស្សខ្លួនទទេរទាំងអស់គ្នា​​ តែអ្នកខ្លះមានសំណាង​​បានកើត​ក្នុងត្រកូលអ្នកមាន។ ​តែយ៉ាងណា​ បើគាត់គ្មានគំនិតបង្កើត និងចាយលុយនោះ​ទេ​ នោះ​លុយ​ដែលគ្រួសារ​គាត់បន្សល់ទុកឲ្យ ក៏មិនគង់ដែរ។

បើអ្នកនៅក្រ​ អ្នកត្រូវរៀនគំនិត​បង្កើតលុយដាក់ខ្លួន​ឲ្យច្រើន ​​រៀនបានលឿនកាលណា​ លុយរបស់អ្នកនឹងកើនលឿនកាលនោះ។​គំនិតបង្កើតលុយមានច្រើន​ណាស់ ​គំនិតខ្លះ​ត្រូវការលុយធ្វើជាដើមទុន​តែគំនិតជាច្រើនទៀត ​មិនត្រូវការលុយទេ។​ ខ្ញុំនឹងព្យាយាម​សសេរបង្ហាញនូវគំនិតទាំងនោះនៅពេលក្រោយ។

ចេះមានគំនិតរកលុយ​ជារឿងមួយ​ តែការចាយលុយនោះទៅវិញ​គឺជារឿងដែលរឹតតែ​សំខាន់។ ​អ្នកមាន គេកាន់តែចាយលុយកាន់តែច្រើន ​​លុយ​របស់ពួកគាត់កាន់តែកើន ​រីឯអ្នកក្រវិញ​ កាន់តែចាយលុយកាន់តែច្រើន​ លុយរបស់ពួកគាត់គឺកាន់តែអស់​នេះគឺដោយសារ​របៀបចាយលុយខុសគ្នា។ ​សូមនាំគ្នារៀនពីគំនិតចាយលុយឲ្យបានល្អ​ នោះភាពក្រីក្រ​នឹងរត់ចោលអ្នក។

សរុបទៅមូលហេតុដែលធ្វើឲ្យមនុស្សក្រ​ហើយ ក្រទៀត​គឺដោយសារមូលហេតុ៣ខាងលើនេះឯង។ ​សូមឈប់បណ្តោយខ្លួន​អ្នកឲ្យនៅក្រក្តីស្រមៃ​ ក្រចិត្តតស៊ូ ​និង​ក្រគំនិតបង្កើតនិង​ចាយលុយទៀតទៅ។​របស់ទាំងបីនេះ ​អ្នកអាចឈប់ក្រ​បាន​ដោយការព្យាយាម​របស់អ្នកផ្ទាល់បាន៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal
បំផុសគំនិតរកសុី និងនាំមនុស្សចេញរកសុី🙅🏻‍♂️ INSPIRE and ENABLE great entrepreneurs...

LEAVE A REPLY

Please enter your comment!
Please enter your name here