ដើរបាន១០ឆ្នាំ តើ Wing នាំយកសេវាហិរញ្ញវត្ថុអ្វីខ្លះ ដែលអាចទាក់ទាញអតិថិជនរហូតដល់ ៣លាននាក់?

0
397

 បើនិយាយពី Wing មិនថា អ្នកទីក្រុងឬ អ្នកជនបទនោះទេ សុទ្ធតែបានស្គាល់ពីក្រុមហ៊ុននេះ ព្រោះពួកគាត់បានប្រើប្រាស់សេវាកម្ម Wing ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ​ដូចជា ផ្ទេរប្រាក់ទូទាំងប្រទេស ទៅកាន់សាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់។

បច្ចុប្បន្នេះ មានអតិថិជន ប្រមាណ ៣លាននាក់កំពុងប្រើប្រាស់សេវា Wing ជាពិសេសគឺសេវាផ្ទេរប្រាក់តាមរយៈWing តែម្ដង។ រហូតមកទាល់ពេលនេះ គឺមានរយៈពេល១០ឆ្នាំ ហើយដែល Wing​ បាននាំយកបច្ចេកហិរញ្ញវត្ថុដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា។ ដើរបាន១០ឆ្នាំ តើ Wing បាននាំយកសេវាហិរញ្ញវត្ថុអ្វីខ្លះ​ ដែលអាចទាក់ទាញអតិថិជនរហូតដល់ ៣លាននាក់?

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក Jojo Malolos អគ្គនាយក ធនាគារ ឯកទេស Wing បានមានប្រសាសន៍ថា Wing ចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីឆ្នាំ ២០០៩ ហើយការលេចមុខឡើងរបស់ Wing នេះទៀតសោត គឺស្របទៅតាមការវិវត្តន៍របស់សង្គមកម្ពុជា។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ ប្រជាជនកម្ពុជាកាន់តែច្រើន​ មានទូរស័ព្ទចល័តប្រើប្រាស់។ ដោយមើលឃើញពីឱកាសនេះ Wing ក៏ទាញយកប្រយោជន៍ ដោយផ្ដល់នូវសេវាហិរញវត្ថុចល័តតាមរយៈទូរស័ព្ទដៃ ទៅដល់ប្រជាជនដែលមិនមានគណនីធនាគារ។


អគ្គនាយកសញ្ជាតិហ្វីលីពីនរូបនេះ បានបន្តទៀតថា ការលេចខ្លួនរបស់ Wing នៅក្នុងទីផ្សារកម្ពុជា ពិតជាផ្ដល់ភាពងាយស្រួលដល់ប្រជាជនដែលមិនមានលទ្ធភាពបើកគណនីធនាគារ ឲ្យពួកគាត់ទទួលបានសេវាកម្មហិរញ្ញវត្ថុ។​ ជាក់ស្ដែង កាលពីមិនទាន់មាន Wing ប្រជាជនដែលមិនមានទូរស័ព្ទដៃ និងគណនីធនាគារ មានភាពលំបាកក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុជាខ្លាំង។ ឧទហរណ៍ថា ពេលត្រូវបង់វិក្កយបត្រ ពួកគាត់ត្រូវចំណាយពេលធ្វើដំណើរ ហើយពេលខ្លះត្រូវឈរតម្រង់ជួរយ៉ាងយូរពេលទៅបង់វិក្កយបត្រនោះ។ មួយវិញទៀត បើពួកគាត់ចង់ផ្ទេរប្រាក់ទៅកាន់ទីកន្លែងឆ្ងាយៗដូចជាពីខេត្តមួយទៅ ខេត្តមួយ ពួកគាត់ត្រូវផ្ញើតាមឡាន ដែលចំណាយពេលយូរ ហើយចំណាយលុយច្រើនលើថ្លៃសេវាទៀតផង។ ដូច្នេះ វត្តមានរបស់ Wing ធ្វើឲ្យប្រជាជនដែលមិនមានគណនីធនាគារ មានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាពតាមរយៈទូរស័ព្ទដៃរបស់ពួកគាត់។

ក្នុងឆ្នាំ​ ២០១១ Wing បានចាប់ផ្ដើមផ្លាស់ប្ដូរគំរូអាជីវកម្មរបស់ខ្លួន ដោយធ្វើការពង្រីកបណ្ដាញភ្នាក់ងារកាន់តែច្រើនឡើងៗ។ នៅពេលនោះ អតិថិជនរបស់ Wing កាន់តែមានភាពងាយស្រួល ព្រោះពួកគាត់អាចផ្ទេរប្រាក់ទៅគ្រប់ទីកន្លែងទូទាំងប្រទេស ហើយសាច់ញាតិរបស់ពួកអាចទទួលប្រាក់បាននៅ ភ្នាក់ងាររបស់Wing ផងដែរ។ លើសពីនេះ អតិថិជន​ក៏អាចបង់វិក្កយបត្រផ្សេងៗតាមរយៈភ្នាក់ងារ Wing។ តាមពិតទៅ ភ្នាក់ងាររបស់ Wing គឺប្រៀបបាននឹងបណ្ដាញសាខាធនាគារអញ្ចឹង​ ហើយមកទល់ពេលបច្ចុប្បន្ននេះ Wing មានភ្នាក់ងារទូទាំងប្រទេស ប្រមាណជាង ៥៣០០ភ្នាក់ងារ។

នៅក្នុងឆ្នាំ ២០១៦ Wing បានដាក់ឲ្យដំណើរការ គណនីWing( Wing account) ដែលហៅថា កាបូបលុយអេឡិចត្រូនិច ដែលអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងច្រើននៅលើទូរស័ព្ទប្រភេទស្មាតហ្វូន ឬទូរស័ព្ទប្រភេទធម្មតារបស់ពួកគេ ដូចជា បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ បង់វិក្កយបត្រផ្សេងៗ ទិញទំនិញតានអនឡាញ​ និងទូទាត់ទំនិញតាមបណ្ដាហាងដែលជាដៃគូរបស់ Wing តាមរយៈការស្កេន QR Code ជាដើម។

លើសពីនេះ Wing ធ្វើឲ្យអាជីវកម្មក្នុងស្រុកជាច្រើនកាន់តែមានភាពងាយស្រួល ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ដោយសហគ្រាសទាំងនោះ ទទួលបានសេវាកម្មពី Wing យ៉ាងសម្បូរបែប រួមមាន សេវាទូទាត់រវាងអាជីវករនិងអាជីវករ, សេវាទូទាត់រវាងអតិថិជននិងអាជីវករ, សេវាទូទាត់កម្រៃសេវាអាជីវករ និងសេវាបើកប្រាក់បៀរវត្សបុគ្គលិក សម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលជួយដល់ពួកគេ សម្រេចបានប្រសិទ្ធភាពការងារកាន់តែខ្ពស់ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរឹតតែប្រសើរ។ សហគ្រាសធុនតូចនិងមធ្យម, សាជីវកម្ម, ក្រុមហ៊ុន និងគ្រឹះស្ថានក្រូហិរញ្ញវត្ថុ​ ជាង ៨០០០ ស្ថាប័ន បាននិងកំពុង​ប្រើប្រាស់សេវាកម្ម របស់ធនាគារឯកទេស វីង ក្នុងការបង់ប្រាក់បៀវត្សរ៍ដល់ បុគ្គលិក ក៏ដូចជាទូទាត់លើសេវាកម្មរវាងអាជីវករ ឬអតិថិជនរបស់ស្ថាប័នទាំងនោះ។ សេវាកម្មផ្សេងទៀត រួមមាន e-wallet ឬហៅថា WingPay ដែលអាចឲ្យអតិថិជន វីង ធ្វើការទូទាត់ប្រាក់ ដោយការស្កេន QR កូដ។  សេវាកម្មជាច្រើនខាងលើនេះបាននាំមកនូវ អត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែសហគ្រាសទាំងនោះឡើយ ប៉ុន្តែបាននាំមកនូវចំណូលសម្រាប់អាជីវករ ក៏ដូចជាភ្នាក់ងារវីងដែលរង់ចាំផ្តល់សេវាកម្មទាំងនោះ ហើយភាគច្រើននៃភ្នាក់ងារវីងទាំងនោះ គឺជាស្ត្រីផងដែរ។   ឥឡូវនេះពួកគាត់មានលទ្ធភាព ដើម្បីបង្កើតប្រាក់ចំណូល ដែលបានជួយជំរុញសេដ្ឋកិច្ច នៅក្នុងស្រុកភូមិរបស់ពួកគាត់។

គួរជម្រាបផងដែរថា  ទស្សនាវដ្តី ធុរកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដ៏ល្បីមួយនៅប្រទេសអង់គ្លេស​​ មានឈ្មោះថា “Capital Finance International​” ទើបតែបានផ្ដល់ពានរង្វាន់កិត្តិយស ជូនធនាគារឯកទេស Wing ដែលជា អ្នកផ្តល់សេវាកម្មធនាគារ ​តាមទូរស័ព្ទចល័តដំបូងគេនៅ​កម្ពុជា ជា “ធនាគារដែលផ្ដល់ផលប្រយោជន៏ល្អបំផុត ដល់សង្គម” ក្នុងឆ្នាំ២០១៨៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here