រ៉ុន ប៊ីនណា៖ ខ្ញុំមានអារម្មណ៍ថាខ្លួន​​ឯងជោគជ័យ តាំងពីថ្ងៃដែលខ្ញុំ មិនទាន់បើកហាងមកម្លេះ

0
640

មុននឹងសម្រេចចិត្តចាប់ផ្តើមអាជីវកម្មអ្វីមួយ ច្បាស់ណាស់ម្ចាស់អាជីវកម្មទាំងអស់នោះ តែងតែមានជំនឿចិត្តខ្ពស់បំផុត ក្នុងការធ្វើឱ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ។ ក៏ប៉ុន្តែ លទ្ធផលជាក់ស្តែងពីការធ្វើអាជីវកម្មរបស់ពួកគេ ហាក់ផ្ទុយស្រឡះពីការគិត ពោលគឺមានអាជីវកម្មខ្លះរកស៊ីយូរហើយតែមិនចំណេញ ខ្លះបើកហាងហើយតែមិនមានភ្ញៀវចូល និងខ្លះទៀតលក់ផលិតផលមិនដាច់​ ជាដើម។

ដោយឡែក យុវជនវ័យក្មេង រ៉ុន ប៊ីនណា ស្ថាបនិកហាងផ្កា “PKAA EMBASSY” ដែលបានបង្កើតឡើងជាង ២ឆ្នាំមកហើយនោះ បានលើកឡើងយ៉ាងដូច្នេះថា “ ខ្ញុំមានអារម្មណ៍ថា អាជីវកម្មរបស់ខ្ញុំជោគជ័យ តាំងពីមុនថ្ងៃដែលខ្ញុំបើកហាងទៅទៀត ព្រោះមានការគាំទ្រជាខ្លាំងពីសំណាក់មិត្តយុវវ័យនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគ្រាន់តែខ្ញុំបង្ហោះវីដេអូមួយ និងរូបផ្កាប៉ុន្មានសន្លឹកតែប៉ុណ្ណោះ” ។


ស្ថាបនិកហាងផ្ការូបនេះ បានរំលឹកផងដែរថា នៅពេលដែលខ្លួនចាប់ផ្តើមដំណើរការហាងក្នុងរយៈពេល ៣ខែដំបូង គឺខាតរហូតមិនដែលចំណេញឡើយ ប៉ុន្តែខាតមិនច្រើននោះទេ ហើយក៏មិនធ្វើឱ្យខ្លួនពិបាកចិត្តអ្វីដែរ ផ្ទុយទៅវិញបែបជាធ្វើឱ្យគាត់សប្បាយចិត្ត ព្រោះគាត់ដឹងច្បាស់ថាអាជីវកម្មរបស់ខ្លួន កំពុងតែខិតជិតដល់ចំណុចល្អមួយនឹងគេហើយ។ ជាក់ស្តែង ចូលដល់ខែទី៤ ហាងរបស់គាត់ក៏អាចរកប្រាក់ចំណេញបាន ដូចអ្វីដែលគាត់បានគិតទុក។

សហគ្រិនវ័យ ២៥ឆ្នាំម្នាក់នេះ បានបញ្ជាក់ទៀតថា ចំណុចពិសេសបំផុតដែលធ្វើឱ្យហាងរបស់ខ្លួនអាចឈរជើងបានមកទល់ពេលនេះ គឺដោយសារតែការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជន ពោលគឺនៅពេលដែលអតិថិជនមកទិញផ្កាម្តងៗ មានអ្នកខ្លះមិនដឹងថាត្រូវទិញផ្កាប្រភេទអ្វីជូនដល់សង្សារ ឬក៏មិត្តរបស់ពួកគេនោះទេ ដូច្នេះគាត់ជាអ្នករៀបចំឱ្យទាំងអស់ គ្រាន់តែតម្រូវឱ្យអ្នកទិញប្រាប់ថាទិញយកទៅជូននរណា និងតម្លៃត្រឹមប៉ុន្មានតែប៉ុណ្ណោះ។

យុវជនរត់ចោលសាលាត្រឹមថ្នាក់ទី ១០រូបនេះ បានបង្ហើបផងដែរថា ក្នុងមួយខែរូបគេអាចរកចំណូលពីការលក់ផ្កាបានចន្លោះពី ៧ពាន់ដុល្លារ ទៅដល់ ១ម៉ឺនដុល្លារឯណ្ណោះ សម្រាប់ខែធម្មតា។ ចំណែកខែដែលមានបុណ្យ ដូចជាបុណ្យសង្សារវិញ អាចលោតដល់ជាង ១ម៉ឺនដុល្លារក៏មានដែរ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here