McKim គ្រាន់តែផឹកកាហ្វេ ១ កែវសោះអាចផ្លាស់ប្តូរជីវិតខ្ញុំ រហូតរកលុយបានរាប់លាន$

0
970

លោក Mike McKim គឺជា CEO និងជាស្ថាបនិក Cuvee Coffee ដែលជាផលិតផលកាហ្វេទឹកដោះគោស្រស់ និងកាហ្វេកំប៉ុងយ៉ាងល្បីល្បាញនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ។ មុនពេលក្លាយខ្លួនជាអ្នករកស៊ីម្នាក់ដ៏ល្បីល្បាញដូចសព្វថ្ងៃនេះ លោក Mike គឺជានិស្សិតម្នាក់ដែលសិក្សានៅសកលវិទ្យាល័យមួយនៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសារតែការផឹកកាហ្វេមួយកែវទើបធ្វើអោយលោកទទួលបានគំនិតថ្មីមួយដែលអាចធ្វើអោយជីវិតរបស់លោកផ្លាស់ប្តូរទាំងស្រុង ។ ពេលដែលលោកសិក្សាឆ្នាំទី៤នៃសលកវិទ្យាល័យមិត្តភ័ក្តិលោកម្នាក់បានបបួលលោកទៅផឹកកាហ្វេនៅក្នុងហាងកាហ្វេមួយកន្លែង ហើយអ្វីដែលធ្វើអោយលោកចាប់អារម្មណ៍នោះគឺការរៀបចំតុបតែង និងសេវាកម្មល្អ ប៉ុន្តែអ្វីដែលធ្វើអោយលោកទាស់ចិត្តនោះគឺរសជាតិកាហ្វេគឺមិនឆ្ងាញ់ទាល់តែសោះ។ នៅពេលនោះហើយដែលលោកមានគំនិតគិតទុកក្នុងចិត្តថាលោកចង់បើកហាងកាហ្វេមួយដែលមានរសជាតិឆ្ងាញ់ដាច់គេនៅក្នុងតំបន់នេះ។

ក្តីស្រម៉ៃមួយនេះក៏បាននៅដក់ជាប់ក្នុងចិត្តលោកជានិច្ច ហើយលោកក៏បានចំនាយពេលជាច្រើនសិក្សាស្វែងយល់ពីម៉ាកកាហ្វេល្បីៗនៅជុំវិញពិភពលោក និងស្វែងយល់ពីរបៀបនៃការផលិតកាហ្វេ តាំងពីការបេះគ្រាប់មកពីចំការ រហូតដល់ការឆុងកាហ្វេដាក់ចូលក្នុងកែវ ។ នៅពេលដែលលោកបានបញ្ចប់ការសិក្សាលោកក៏បានបើកហាងកាហ្វេមួយកន្លែងដែលមានឈ្មោះថា Cuvee Coffee ប៉ុន្តែអ្វីដែលលោករំពឹងទុកវាមិនដូចបំណងនោះទេចំពោះលោកដែលជាអ្នកទើបតែចេញរកស៊ីដំបូងបែបនេះ ។ ហាងលោកស្ទើតែគ្មានអតិថិជនចូលទិញក៏ព្រោះតែរសជាតិកាហ្វេរបស់ហាងលោកគឺមិនខុសពីហាងគេដ៏ទៃនោះទេ ។ ដោយសារតែបញ្ហានេះលោកក៏បានផ្អាកដំណើរកាហាងមួយរយះហើយលោកបានធ្វើដំណើរទៅជនបទដែលជាកន្លែងចំការដាំកាហ្វេផ្ទាល់តែម្តង លោកក៏បានទាក់ទងទិញគ្រាប់ការហ្វេពីកសិករទាំងនោះយកមកលីងដោយខ្លួនឯង និងបញ្ចូលរបៀបលីងថ្មីដោយខ្លួនលោកផ្ទាល់តែម្តង។ ដោយសារតែការច្នៃប្រឌិតរបស់លោកនេះហើយទើបធ្វើអោយលោកអាចទាក់ទាញការគាំទ្ររពីអតិថិជនបាន ។​ ក្រោយមកលោកក៏បានបើកដំណើរការហាងរបស់លោកឡើងវិញ ហើយដោយសាររូបមន្តផលិតកាហ្វេថ្មីនេះហើយដែលធ្វើអោយលោកអាចវាយលុកទីផ្សារកាហ្វេក្នុងសហរដ្ឋអាមេរិកបានយ៉ាងលឿន។

មកទល់ចប្ចុប្បន្ននេះ Cuvee Coffee បានក្លាយជាក្រុមហ៊ុនផលិតគ្រាប់កាហ្វេបោះដុំ កាហ្វេស្រស់ និងកាហ្វេកំប៉ុងយ៉ាងធំមួយ ហើយផលិតផលរបស់លោកបានលក់ចេញរាប់លានកញ្ចប់ទៅកាន់ហាងបោះដុំកាហ្វេនៅទូទាំងពិភពលោកដែលធ្វអោយលោកអាចរកចំណូលបានរាប់លានដុល្លា។


អត្ថបទដោយ នេន​ សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here