ផ្លូវចេញរកស៊ីអចលនទ្រព្យ សម្រាប់យុវជនអត់ដើមទុន និងគ្មានបទពិសោធន៍ពីសហគ្រិនស្ត្រីឆ្នើមកម្ពុជា

0
8370

យុវជនកម្ពុជាជំនាន់ថ្មីច្រើនណាស់ កំពុងមានទំនោរចង់មានអាជីវកម្មផ្ទាល់ខ្លួន ស្របពេលស្ថានការណ៍នៃកំសួលសេដ្ឋកិច្ចកម្ពុជាកំពុងមានដំណើរការល្អ។ ចង់ចេញរកស៊ីពិតប្រាកដនៅវ័យក្មេង ពិតជារឿងល្អ ដែលយើងស្វែងរកនូវ​ចំណង់ចំណូលចិត្តខ្លួនឯងឃើញ តែរឿងសំខាន់មួយទៀត តើយើងគួរចេញរកស៊ីតាមវិធីណា? នឹកឃើញចង់រកស៊ី ចេញភ្លាម ដោយកខ្លួនឯងធ្វើដើមទុន ឬធ្វើការដកពិសោធន៍មុនចេញរកស៊ី ជាការល្អសម្រាប់អ្នក?

លោកស្រីសំ លីនណា មានប្រសាសន៍ថា បានចេញរកស៊ីតាំងពីនៅក្មេងអាយុ១៦ឆ្នាំ ហើយមុខរបរវិញ រាប់តាំងពីដាក់ទូរស័ព្ទសាធារណៈ កត់លេខឆ្នោត នាំចូលទំនិញពីប្រទេសជិតខាង និងគ្រឿងសង្ហារឹមសព្វថ្ងៃ។ ខណៈចេញរកស៊ីនៅក្មេង លោកស្រីបានសួរខ្លួនឯង និងជាការសម្រេចចិត្តដ៏ធំនោះ តើគួរធ្វើការងារឲ្យគេ ឬចេញរកស៊ីនៅក្មេងទាំងខ្លួនគ្មានបទពិសោធន៍ និងថវិកាក្នុងខ្លួន។

សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៧រូបនេះ បានបញ្ជាក់ថា ហើយអ្វីដែលលោកស្រីបានសម្រេចចិត្ត និងចាប់ផ្តើមអាជីវកម្មតាំងពីតូច និងគ្មានដើមទុ​ន រហូតបានគៀគរកម្ចីដើមទុនពីធនាគារ បូករួមទាំងការសន្សំពីអាជីវកម្មតូចតាចកន្លងមក។ ហើយដំណើរការអាជីវកម្មនេះ បានមកពីការជឿជាក់លើខ្លួនឯង បើយើងមិនយកខ្លួនឯងជាដើមទុន យើងមិនដឹងថាយើងពូកែអ្វីនោះទេ ចេញរកស៊ីតាមរយៈណាទេ។


បញ្ហាខ្វះដើមទុន និងខ្វះបទពិសោធន៍រកស៊ី ជាបញ្ហាប្រឈមធំ ឬជាចំណុចធ្វើឲ្យយុវជននៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចេញរកស៊ីនាពេលសព្វថ្ងៃនេះ។ ការចាប់ផ្តើមអាជីវកម្មដំបូងមិនទទួលបានប្រាក់ចំណេញភ្លាមទេ ហើយអាចខាតដើមទៀតផង តែជាចំណុចចាប់ផ្តើមទៅកាន់ភាពជោគជ័យលើអាជីវកម្ម ព្រោះដំណើររាប់ពាន់ជំហ៊ាន ត្រូវតែចាប់ផ្តើមពីជំហានទី១ទៅ។

បន្ថែមពីលើនេះ យើងត្រូវគិតដែលថា មុខរបរអ្វីដែលយើងចង់ចាប់ផ្តើមរកស៊ី បើចង់រកស៊ីអចលនទ្រព្យ តែមិនទាន់មានបទពិសោធន៍ ឬជំនាញច្បាស់ យើងត្រូវធ្វើការឲ្យគេសិន តែត្រូវមានផែនការច្បាស់ ក្នុងការកំណត់គោលដៅធ្វើការងារ។ ត្រូវធ្វើការក្រុមអចលនទ្រព្យ ធ្វើការរយៈពេលប៉ុន្មានឆ្នាំ ធ្វើការដើម្បីអ្វី គឺសម្រាប់ក្រេបយកចំណេះដឹងពីកុ្រមហ៊ុន ដើម្បីចេញរកស៊ី តែឆ្នាំទី១ គួរចេះអ្វី ឆ្នាំទី២គួរចេះអ្វី ហើយក្នុងកំឡុងពេលនេះយើងអាចសន្សំដើមទុនសម្រាប់ចេញរកស៊ីដោយខ្លួនឯងផងដែរ។

ម្យ៉ាងវិញទៀត លោកស្រីយល់ឃើញថា ការចាប់ផ្តើមអាជីវកម្មនៅវ័យក្មេង ទាំងគ្មានពិសោធន៍ និងដើមទុន ត្រូវតែចាប់ផ្តើមពីការយកខ្លួនឯងធ្វើដើមទុន និងខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីចិត្ត នោះអាជីវកម្មរបស់អ្នកនិងជោគជ័យ និងរស់រាបានយូរ។ តែបើចេញរកស៊ីដំបូងខាត ក៏ជាបទពិសោធន៍ដ៏ល្អសម្រាប់អាជីវកម្មយើងក្រោយទៀត។

លោកស្រីជឿថា បើយុវជនមានគម្រោងការច្បាស់យ៉ាងច្រើនប្រើពេល៣ឆ្នាំ អាចចេញរកស៊ីមុខរបរដែលខ្លួនឯងបានហើយ ដែលមានទាំងចំណេះដឹង បទពិសោធន៍ និងដើមទុនគ្រប់គ្រាន់ កើតចេញពីការធ្វើការងារឲ្យគេ។

ដូច្នេះបើយើងចេញរកស៊ីវិស័យអចលនទ្រព្យ អាចចាប់ផ្តើមធ្វើការងារឲ្យគេសិន ដើម្បីយកបទពិសោធន៍ រៀនលើទីលានផ្ទាល់ មុននឹងចាប់ផ្តើម ព្រោះកម្ពុជាសព្វថ្ងៃមិនទាន់មានសាលាបណ្តុះបណ្តាលជំនាញនេះផ្លូវការនៅឡើយទេ។ មានតែការធ្វើការឲ្យក្រុមហ៊ុនអចលនទ្រព្យ សន្សំបទពិសោធន៍ និងដើមទុនដែលជាផ្លូវដ៏ល្អសម្រាប់អ្នកគ្មានចំណេះដឹង និងដើមទុន ឬអ្នករកស៊ីថ្មីថ្មោង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here