រឿងសំខាន់ៗ ៥យ៉ាង ដែលអ្នករកស៊ីជោគជ័យភាគច្រើនតែងតែធ្វើ មុនពេលចូលគេង

0
1913

បុគ្គលដែលទទួលបានជោគជ័យ ពួកគេតែងតែមានវិន័យ និងសកម្មភាពមួយចំនួនត្រូវធ្វើមុនពេលចូលគេង បើទោះបីជាពួកគេរវល់ខ្លាំងយ៉ាងណាក៏ដោយ។ ហើយសកម្មភាពដែលពួកគេធ្វើជារឿយៗនោះ គឺជាសកម្មភាពដែលជួយបំផុសគំនិត និងជួយពង្រឹងគោលដៅការងារក្នុងជីវិតរបស់ពួកគេឱ្យកាន់តែល្អប្រសើរជាងមុន។ Business Cambodia សូមលើកយកទម្លាប់សំខាន់ៗ ៥យ៉ាង ក្នុងចំណោមទម្លាប់សំខាន់ៗជាច្រើនផ្សេងទៀត ដែលបុគ្គលជោគជ័យភាគច្រើនតែងតែធ្វើ មុនពេលចូលគេង៖

១. អានសៀវភៅល្អ

បុគ្គលជោគជ័យ ពួកគេមិនដែលមានពេលទំនេរឥតប្រយោជន៍នោះទេ ទោះបីជាពួកគេរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេព្យាយាមអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនបន្ថែមដែរ។ ជាក់ស្តែង ដូចលោកមហាសេដ្ឋី​ Bill gates ស្ថាបនិកក្រុមហ៊ុន Microsoft ជាដើម។ ត្បិតថាគាត់មានលុយចាយលែងអស់ក៏ពិតមែន ប៉ុន្តែគាត់នៅតែមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ មិនដែលខានឡើយ។


២. ឆ្លុះបញ្ចាំងអំពី ភាពជោគជ័យ និងបរាជ័យ

មនុស្សដែលទទួលបានភាពជោគជ័យ ពួកគេមិនដែលអស់សង្ឃឹមពីការបរាជ័យម្តង ជាពីរដងរបស់ពួកគេនោះទេ ផ្ទុយទៅវិញពួកគេត្រឡប់មករកការបរាជ័យ ហើយកំណត់សម្គាល់នៅអ្វីដែលបានកើតឡើងទាំងល្អ និងអាក្រក់ យកមកកែតម្រូវឱ្យបានប្រសើរឡើងវិញ ដើម្បីឱ្យពួកគេមានឱកាសជោគជ័យ នាពេលអនាគត។

៣. សរសេរផែនការដែលត្រូវសម្រេចនៅថ្ងៃស្អែក

រឿងសំខាន់ដែលមនុស្សជោគជ័យតែងតែធ្វើ គឺការកំណត់សម្គាល់នៅអ្វីដែលពួកគេបានសម្រេច និងមិនទាន់បានសម្រេចក្នុងរយៈពេលមួយថ្ងៃៗ ហើយបន្ទាប់មកពួកគេកំណត់ផែនការផ្សេងៗទៀត ដែលពួកគេត្រូវសម្រេចនៅថ្ងៃស្អែក។

៤. រំលឹកគោលដៅជីវិត

ជាទូទៅបុគ្គលជោគជ័យ ពួកគេតែងតែរំលឹកគោលដៅក្នុងជីវិតរបស់ពួកគេ ថាតើខ្លួនគេបានធ្វើអ្វីខ្លះ សម្រាប់គោលដៅនាពេលអនាគតរបស់ពួកគេហើយ។ ការរំលឹកបែបនេះ​ គឺជារឿងចំបាច់បំផុត ព្រោះវានឹងជួយជំរុញទឹកចិត្តរបស់ពួកគេ ឱ្យមានកម្លាំងចិត្តក្នុងការបំពេញការងារកាន់តែខ្លាំងឡើងៗ ដើម្បីឆ្ពោសទៅរកអ្វីដែលពួកគេចង់បាន។

៥. កំណត់ម៉ោងរោទ៍

ការកំណត់ម៉ោងរោទ៍នៅចន្លោះពេលទៀងទាត់៖ អ្នកដែលគេងនិងភ្ញាក់ពីដំណេកទៀងទាត់ ពួកគេមានថាមពលច្រើនក្នុងការបំពេញការងារជារៀងរាល់ថ្ងៃ។ ការគេងស្កប់ស្កល់វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានភាពជោគជ័យ ព្រោះប្រសិនបើអ្នកមានទម្លាប់ ដែលត្រូវធ្វើជាធម្មតាមុនពេលចូលគេង អ្នកនឹងក្រោកឡើងជាមួយនឹងភាពស្រស់ស្រាយ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here