ទឹម លក្ខិណា ម្ចាស់ហាង Carino ប្រាប់មូលហេតុរកស៊ី៨ឆ្នាំ ខាតហើយខាតទៀតតែមិនព្រមឈប់

0
773

(ភ្នំពេញ)៖ ម្ចាស់ហាងលក់សម្លៀកបំពាក់ ការីណូ (Carino) ចាប់ផ្តើមរកស៊ីតាមក្តីស្រមៃ ជម្នៈបញ្ហារាប់មិនអស់ ដើរខុសរកស៊ីខាតហើយខាតទៀតតែមិនព្រមចុះចាញ់ រហូតទាល់តែរកបានជោគជ័យក្នុងអាជីវកម្មមួយនេះ។

អ្នកនាង ទឹម លក្ខិណា ម្ចាស់ហាងខាងលើបានបង្ហើបឲ្យដឹងថា៖ អាជីវកម្មរបស់អ្នកនាងដំណើរការមកទល់នឹងពេលបច្ចុប្បន្ននេះប្រមាណជាង៨ឆ្នាំហើយ ឆ្លងកាត់ព្យុះភ្លៀង រឿងទឹកភ្នែកបាក់ទឹកចិត្តមិនតិចឡើយ ពិសេសនៅអំឡុងឆ្នាំ២០១៤ និង២០១៥តែម្តង ខណៈពេលដែលហាងរបស់អ្នកនាងចាប់ផ្តើមប្រកាសលក់តែផលិតផលឌីសាញដោយកូនខ្មែរ ផលិតនៅក្នុងស្រុក ដែលខ្លួនគាត់ជាអ្នកជំនាញឌីសាញស្រាប់ ដែលនៅក្នុងរយៈពេលប្រមាណជិត២ឆ្នាំនោះការលក់របស់ហាងអ្នកនាងបានធ្លាក់ចំណុចក្បែរសូន្យ។

ស្របពេលដែលហាងលក់សម្លៀកបំពាក់មួយនេះខាតរាល់ខែ ដោយសារតែគ្មានអ្នកគាំទ្រ និងលើកតម្កើងស្នាដៃផលិត និងឌីសាញក្នុងស្រុកដោយដៃកូនខ្មែរ ហើយដោយសារតែភ្ញៀវភាគច្រើនរអ៊ូរឿងសម្លៀកបំពាក់មានម៉ូតតិចពេក ធ្វើឲ្យអាជីវកម្មប្រឈរមុខនឹងបញ្ហាហិរញ្ញវត្ថុត្រូវបង្ខំចិត្តទៅខ្ចីលុយម្ចាស់បំណុលដែលជាមីងរបស់ខ្លួនបន្ថែមទៀត ទាំងដែលបំណុលចាស់មិនទាន់បានសងនៅឡើយផង។


ដោយការតាំងចិត្ត ភាពស្មោះត្រង់ និងសេចក្តីព្យាយាមខិតខំធ្វើការយ៉ាងខ្លាំង អ្នកនាង និងស្វាមីអាចទទួលប្រាក់កម្ចីបន្ថែម បង្កើនក្រុមកាត់ដេរ និងបង្កើតយុទ្ធសាស្ត្រទីផ្សារថ្មីតាមប្រព័ន្ធអនឡាញ ទើបចាប់ផ្តើមមានគេស្គាល់ មានគេពេញចិត្ត និងទុកចិត្ត ធ្វើឲ្យអាជីវកម្មមួយនេះអាចងើបឈរឡើងវិញបាន ពង្រីកក្រុមការងារពីបុគ្គលិក៥នាក់ ឡើងដល់១២នាក់ និងមានប្រាក់ចំណូលអាចទប់ទល់នឹងការចំណាយផ្សេងៗបាន។

អ្នកនាង ទឹម លក្ខិណា បាននិយាយទាំងមុខស្រពោនថា៖ នៅខែដែលគាត់ប្រថុយចុងក្រោយនោះ គឺជាខែចុងក្រោយហើយ ដែលអាជីវកម្មរបស់គាត់គ្មានប្រាក់បើកឲ្យបុគ្គលិក ព្រមទាំងគ្មានលទ្ធិភាពទប់ទល់នឹងការខាតបន្តទៀតឡើយ ប៉ុន្តែជាលទ្ធផលនៃការជ​ន្នៈមិនចុះចាញ់របស់គាត់ រួមទាំងស្វាមី បែរជាហុចផ្លែផ្កាស្ទើរតែមិនគួរឲ្យជឿ ដែលធ្វើឲ្យអ្នកនាង ស្វាមី និងបុគ្គលិកសប្បាយចិត្តស្ទើរតែស្រក់ទឹកភ្នែក។

ម្ចាស់ហាងរូបនេះបញ្ជាក់ថា៖ អ្នកនាង និងស្វាមីតាំងចិត្តយ៉ាងរឹងមាំមិនព្រមបោះបង់អាជីវកម្មនេះ ដោយសារតែវាជាក្តីស្រមៃរបស់អ្នកទាំងពីរ ហើយវាជាក្តីសង្ឃឹមតែមួយគត់សម្រាប់អ្នកនាង គ្រួសារ និងបុគ្គលិកទាំងអស់ ដែលតស៊ូលំបាកជាមួយគ្នាប្រៀបដូចគ្រួសារតែមួយអ៊ីចឹង ៕

 

ហាងលក់សម្លៀកបំពាក់រចនាម៉ូត និងកាត់ដេរដោយខ្មែរពិតៗ មាននៅ Carino

Facebook Page: Carino

លេខទំនាក់ទំនង៖ 081 766 015

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here