រយៈពេល ១០ខែ ឆ្នាំនេះ កម្ពុជា ប្រមូលពន្ធចូលថវិកាជាតិ បាន១.៨៧ពាន់លានដុល្លារ

0
96

ក្នុងរយៈពេល១០ខែ នៃ ឆ្នាំ​២០១៨នេះ អគ្គនាយកពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបាន បានចំនួន៧,៤៩៤.៨៥ ប៊ីលានរៀល ស្មើនឹងប្រមាណ១,៨៧៣.៧១លានដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ ២០១៧ ឃើញថា ពន្ធ-អាករគ្រប់ប្រភេទ សម្រាប់រយៈពេល១០ ឆ្នាំ ២០១៨ កើនឡើង ១១៨៨,៨៥ប៊ីលានរៀល( ប្រមាណ ២៩៦,៩៨លានដុល្លារ) ពោលគឺកើនឡើង ១៨.៨៣ភាគរយ។

សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ចំនួន ៧,៦៩៣.៥០ ប៊ីលានរៀល (ប្រមាណជា ១ ៩២៣.៣៨ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា៖

  • បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រនូវយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។
  • សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ស្របតាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញផ្ទាល់របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ក៏ដូចជា គោលនយោបាយសារពើពន្ធនានាសម្រាប់អនុវត្តនាពេលខាងមុខនេះ។
  • រៀបចំកែសម្រួលតម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
  • រៀបចំកែសម្រួលយន្តការ នៃការបង្វិលសងអាករ លើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរជាងនេះថែមទៀត សម្រាប់ស្ថានទូត ក៏ដូចជាសហគ្រាសអាជីវកម្ម ព្រមទាំងគិតគូរដល់ការស្នើសុំបង្វិលសង របស់ភ្ញៀវទេសចរផងដែរ។
  • បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រង វាយតម្លៃលទ្ធផលការងារ និងការបណ្តុះបណ្តាល។
  • បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឱ្យរដ្ឋបាលពន្ធដារ ក្លាយជាស្ថាប័នរដ្ឋដែលទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីសាធារណជនគ្រប់មជ្ឈដ្ឋាន។
  • បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយបន្តអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន។
  • បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
  • ជូនដំណឹងនិងរំលឹកដល់ប្រជាពលរដ្ឋ មកបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធមធ្យោបាយធ្វើដំណើរ និងយានជំនិះគ្រប់ប្រភេទ ដែលនឹងផុតកំណត់នាដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
  • បន្តការចុះអង្កេត និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ។
  • សាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ត្រូវពង្រឹងបន្ថែមលើការតាមដានការដាក់លិខិតប្រកាស របស់អ្នកជាប់ពន្ធ៕

អត្ថបទដោយ៖ ហុង


 

 

LEAVE A REPLY

Please enter your comment!
Please enter your name here