មហាសេដ្ឋីចិត្តធម៌ Bill gates បោះលុយ ២០០ លានដុល្លារអភិវឌ្ឍន៍បង្គន់បច្ចេកវិទ្យា កែច្នៃលាមកឡើងវិញ

0
652

កាលពីថ្ងៃអង្គារកន្លងទៅ មហាសេដ្ឋីចិត្តធម៌ Bill gates បានឡើងឆាកនិយាយទល់មុខថ្នាក់ដឹកនាំធំៗ អ្នកវិនិយោគ និងមន្ត្រីរដ្ឋាភិបាល មកពីជុំវិញពិភពលោក ជាមួយកែវដាក់លាមកនៅក្នុងដៃ ដើម្បីបកស្រាយពីបញ្ហាសុខភាពទាក់ទងនឹងការបញ្ចេញកាកសំណល់ចោល ។

នៅក្នុងកម្មវិធី Reinvented Toilet Expo នៅប្រទេសចិន លោក Bill gates លើកឡើងថា នៅក្នុងកែវនេះមានវីរ៉ុស ២០០ ទ្រីលានក្បាល បាក់តេរី ២០ លានក្បាល និងបរាសិត ១០០ ០០០ ក្បាល ។ លោក Gates ថានៅលើពិភពលោកយើង កន្លែងណាដែលគ្មានប្រព័ន្ធអនាម័យឬប្រព័ន្ធលូ មានមនុស្សជាច្រើនបានបន្ទោរបង់ដោយគ្មានអនាម័យ ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ មូលនិធិ Bill and Melinda Gates បានបោះលុយ ២០០ លានដុល្លារដើម្បីជំនួយសកលវិទ្យាល័យនៅជុំវិញពិភពលោកស្រាវជ្រាវអភិវឌ្ឍន៍បង្គន់ជំនាន់ថ្មី គោលដៅធំដើម្បីអភិវឌ្ឍន៍បង្គន់បច្ចេកវិទ្យា ផ្ទុកកាកសំណល់ដែលមិនបាច់ភ្ជាប់នឹងប្រព័ន្ធលូ ។


ប្រព័ន្ធបង្គន់ថ្មីនេះនឹងច្នៃលាមកនៅក្នុងបង្គន់ទៅជាជី ថាមពល និងទឹកស្អាតអាចឲ្យយើងផឹកបាន នេះមានន័យថាបង្គន់នេះតែមួយមានបំពាក់បច្ចេកវិទ្យារួចជាស្រេចដើម្បីកែច្នៃលាមកឡើងវិញ ។

បន្ទាប់ពីចំណាយពេល ៧ ឆ្នាំ និងលុយ ២០០ លានដុល្លារ គម្រូបង្គន់បច្ចេកវិទ្យាដំបូងបានចេញជារូបរាងនឹងដាក់ឲ្យប្រើប្រាស់សាកល្បងនៅឥណ្ឌា អាហ្វ្រិក និងចិន ។ បង្គន់ថ្មីនេះបំពាក់ដោយប្រព័ន្ធសូឡាពន្លឺព្រះអាទិត្យ និងប្រព័ន្ធអេកូលូស៊ីអនាម័យ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Cal Tech ។

ប្រព័ន្ធអេកូលូស៊ីអនាម័យ នឹងធ្វើការសម្អាតទឹកដែលចាក់ចូលបង្គន់ទៅជាទឹកស្អាត ដើម្បីយកមកប្រើប្រាស់ឡើងវិញសម្រាប់ការលាងសម្អាតម្តងទៀត ។

ចំណែកបង្គន់ផ្សេងៗទៀតដែលអភិវឌ្ឍន៍ដោយសកលវិទ្យាល័យស្រាវជ្រាវផ្សេងៗ ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗគ្នា ប៉ុន្តែក្នុងគោលបំណងដូចគ្នា ។

ក្រៅពីសកលវិទ្យាល័យនៅប្រទេសផ្សេងៗ សកលវិទ្យាជើងចាស់ Duke University កំពុងចាប់ផ្តើមប្រើប្រាស់មូលនិធិនេះដើម្បីធ្វើតេស្តលើបង្គន់ជំនាន់ថ្មី ។

គួរបញ្ជាក់ថា បង្គន់បច្ចេកវិទ្យានេះ ជាបឋមវាមានតម្លៃខ្ពស់បន្តិច ហើយវាមានលទ្ធភាពសម្រាប់ការប្រើប្រាស់តាមផ្ទះ និងគ្រោងដាក់ឲ្យប្រើប្រាស់តាមសាលា អាផាតមិន និងសហគមន៍ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here