យីហោក្នុងស្រុកគួររៀនពីមូលហេតុ៣នេះដែលធ្វើឲ្យហ្រ្វេនឆាយក្រៅស្រុកមួយចំនួនឆាប់បិទទ្វារទៅវិញ

0
690

ក្រោយប្រ៊េនល្បីៗដែលភាគច្រើនជាហ្រ្វេនឆាយមកពីក្រៅស្រុកចាប់ផ្តើមចូលទីផ្សារកម្ពុជា​ និងហ្រ្វេនឆាយក្នុងស្រុកចាប់ផ្តើមកកើតឡើង គេកត់សម្គាល់ឃើញថា មានយីហោខ្លះរឹងមាំអាចពង្រីកសាខាបានច្រើន ហើយខ្លះទៀតនៅនឹងទ្រឹងមិនទៅណាសោះ និងមួយចំនួនទៀតបិទទ្វារ ឬស្ទើរតែបិទទ្វារទៅហើយ ទោះពេលខ្លះដំបូងៗឡើយលក់ដាច់គ្រាន់បើក្តី។

និយាយពីការបិទទ្វារនេះទៀតសោត គឺច្រើនតែជាយីហោដែលមិនសូវល្បី និងមិនសូវជារឹងមាំនោះទេ ដែល Business Cambodia មូលហេតុ៣ដែលធ្វើឲ្យហ្រ្វេនឆាយក្រៅស្រុកមួយចំនួនឆាប់បិទទ្វារទៅវិញ ក្នុងពេលដ៏ខ្លី និងខាតបង់ ហើយជាមេរៀនដ៏ល្អសម្រាប់អ្នកចេញរកស៊ីថ្មីថ្មោងក្នុងឧស្សាហកម្មអាហារ៖

១.ប្រភេទអាជីវកម្មមិនសូវមានសក្តានុពល


មានន័យថា ជាប្រភេទអាហារដែលគេឆាប់នឿយណាយ និងមិនចាំបាច់ទៅទៀត។ និយាយមួយបែបទៀតជាប្រភេទអាហារដែលស្ថិតនៅលេខរៀងចុងក្រោយបង្អស់នៃជម្រើសរបស់អតិថិជន ម្លោះហើយចំនួនភ្ញៀវដើរចូលហាងក៏បានត្រឹមពេលបើកថ្មីៗប៉ុណ្ណោះ លុះបានស្គាល់រសជាតិ និងទីតាំងអស់ហើយ លែងជាកន្លែងគួរឲ្យចាប់អារម្មណ៍ទៀតហើយ។

ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មថ្មីថ្មោង ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តជ្រើសរើសយកអាជីវកម្មណាមួយមករកស៊ី ព្រោះយីហោអ្នកមិនអាចទៅបានឆ្ងាយនោះឡើយ ប្រសិនបើអ្នកដើរបញ្ច្រាស់ពីអាជីវកម្មដែលមានសក្តានុពល និងតម្រូវការច្រើននោះ។

២.ចំណាយច្រើនពេក

មូលហេតុទីពីរនេះ គឺផ្តោតទៅលើការចំណាយលើបុគ្គលិក និងការគ្រប់គ្រងលើវត្ថុធាតុដើមតែម្តង ព្រោះវាអាចប៉ះពាល់ខ្លាំងទៅលើការចំណាយ ដ្បិដអីស្ទើរគ្រប់ផ្នែកនៃអាជីវកម្មផ្នែកអាហារនេះមានផលពិបាកមួយចំនួន ប្រសិនបើលក់មិនសូវដាច់ ឬចំណាយច្រើនលើវត្ថុធាតុដើមដោយជៀសមិនរួច។

បើចង់ដោះស្រាយចំណុចស្មុគស្មាញនេះ ម្ចាស់ហាងត្រូវសិក្សាលើផ្នែកបុគ្គលិកម្តងទៀត រៀបចំប្រព័ន្ធការងារឲ្យមនុស្សតិច តែធ្វើការមានប្រសិទ្ធភាព និងបានផលច្រើន។ រីឯបញ្ហាវត្ថុធាតុដើមក៏ដូចគ្នាដែរ ត្រូវមានវិធីទិញដើម្បីឲ្យថ្លៃដើមចុះទាប និងរបៀបរក្សាទុកឲ្យបានយូរ ក៏ដូចជារកវិធីលក់ឲ្យចេញមុននឹងវត្ថុធាតុដើមលែងមានគុណភាពតទៅទៀត។

៣.ឆាប់បោះបង់ពេក

ជួនកាលអាជីវកម្មបិទទ្វារមួយចំនួនក៏អាចនឹងក្លាយទៅជាអាជីវកម្មដែលមានអតិថិជនចូលពេញៗហាងបានដែរ ប៉ុន្តែទាស់ត្រង់ថា ការជ្រៀតខ្លួនចូលទីផ្សារក្នុងរយៈពេលខ្លីពេក និងមិនបានកែប្រែអ្វីសោះលើផលិតផលដើម្បីឲ្យទាក់ទាញជាងមុនទៀតនោះ វាជារឿងគួរឲ្យសោកស្តាយជាទីបំផុត ប្រសិនបើផលិតផលនោះជាគំនិតបង្កើតថ្មី ហើយប្រកបដោយគុណប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

ឧទាហរណ៍នៅត្រង់ចំណុចនេះ ម្ចាស់យីហោហ្រ្វេនឆាយភ្លៅមាន់បំពង KFC រកស៊ីលក់មាន់បំពង ដួលមួយលើក ហើយងើបឡើងវិញមករកស៊ីម្តងទៀត នៅតែលក់មាន់បំពងដដែល តែចេញលក់ហ្រ្វេនឆាយតែម្តង។ ងើបមកលើកទីពីរនេះគាត់ចំណាយពេល១០ឆ្នាំឯណោះទម្រាំចេញលក់ហ្រ្វេនឆាយមកក្រៅស្រុក ដែលបច្ចុប្បន្នហ្រ្វេនឆាយលំដាប់ពិភពលោកមួយនេះ នៅតែស្ថិតក្នុងចំណាត់ថ្នាក់ជួរមុខបង្អស់នៃអាជីវកម្មហ្រ្វេនឆាយនៅលើពិភពលោក និងចូលប្រទេសជាច្រើនរួមមានទាំងកម្ពុជាផង៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here