មូលហេតុ២ធ្វើឲ្យសៃឡូទិញពោត-ដំឡូងចាស់ៗនៅខេត្តប៉ៃលិនមួយចំនួនបង្ខំចិត្តបិទទ្វារ

0
1396

សៃឡូទិញដំឡូងពោតសម្រាប់ទុកលក់បន្តទៅក្រុមហ៊ុនកែច្នៃក្នុងស្រុក និងក្រៅស្រុកនៅក្នុងខេត្តប៉ៃលិនមានចំនួនច្រើនគួរសម្យ ទន្ទឹមនឹងផ្ទៃដីសម្រាប់ដាំដុះមានទំហំធំ និងអាចប្រមូលផលបានច្រើនពីមួយរដូវដល់មួយរដូវ។ ប៉ុន្តែដោយសារកំណើនកន្លែងទិញស្តុកទុកបែបនេះមានចំនួនចេះតែកើនឡើង ហើយពង្រីកកាន់តែធំ និងកាន់តែទំនើបជាងមុនទៀតនោះ បានរុញច្រានឲ្យកន្លែងដែលមានទំហំតូច និងមិនសូវកន្លែងកន្លែងផ្ទុកធំទូលាយនៅកៀកៗគ្នាមួយចំនួន បានសម្រេចចិត្តបិទទ្វារទៅវិញជាច្រើនកន្លែង។

Business Cambodia សូមលើកមូលហេតុ២ធំៗធ្វើឲ្យសៃឡូទិញដំឡូងចាស់ៗនៅខេត្តប៉ៃលិនមួយចំនួនបង្ខំចិត្តបិទទ្វារដូចខាងក្រោម៖

១.ខ្វះលទ្ធភាពកែច្នៃបន្ថែម


ការទិញស្តុកលក់បន្តមិនទាន់អាចផ្តល់កម្រៃខ្ពស់ខ្លាំងឡើយសម្រាប់ឈ្មួញកណ្តាលនៅក្នុងសង្វាក់ទិញ-លក់ផលកសិកម្មបែបនេះ ផ្ទុយមកវិញប្រសិនម្ចាស់អាជីវកម្មនេះ បន្ថែមការកៃច្នៃទៅជាពោត ឬដំឡូងឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ជាក់ស្តែងជាម្សៅ សម្រាប់បំពេញសង្វាក់ផលិតកម្មផលិតចំណីសត្វ និងផលិតផលសម្រេចផ្សេងៗទៀត ដែលមានតម្រូវការច្រើនជារៀងរាល់ឆ្នាំ នោះទើបធ្វើឲ្យតម្លៃលក់ចេញកើនឡើងខ្ពស់។

ប្រសិនចង់បំប៉នសង្វាក់ផលិតកម្មឲ្យទទួលបានចំណេញច្រើនជាងនេះ គួរណាស់តែមានបំពាក់ម៉ាស៊ីនកែច្នៃដំឡូង និងពោត ដែលអាចក្លាយជាផលិតផលពាក់កណ្តាលសម្រេច និងនាំចេញដោយខ្លួនឯង(បើអាច) ដែលនាំឲ្យចំណូលកើនជាងមុន បើទោះជាបរិមាណតិចជាងទិញស្តុកទុកហើយលក់វិញក្តី។

២.ប្រកួតប្រជែង

ដូចជម្រាបជូនមុននេះ​ សៃឡូតូចៗរំពឹងលើការទិញស្តុកទុកហើយ ដឹកទៅលក់នៅរោងចក្រកែច្នៃក្នុងស្រុក ឬនាំចេញទៅប្រទេសថៃ ប៉ុន្តែដោយសារតែកំណើននៃឡានធំៗសម្រាប់ដឹក និងតម្លៃដឹកជញ្ជូនថយចុះជាងមុនផង បានជួយឲ្យកសិករងាកទៅរកសៃឡូធំៗដែលហ៊ានឲ្យតម្លៃខ្ពស់ជាងគេ បើទោះជានៅឆ្ងាយបន្តិចក្តី។

តែប្រសិនបើសៃឡូណាចង់បានពោត ឬដំឡូងមកបំពេញសង្វាក់ផលិតកម្មរបស់ខ្លួនណាស់ គួរតែរកមធ្យោបាយចុះកុងត្រាជាមួយកសិករអ្នកដាំ ក្នុងចំនួនកំណត់ណាមួយ ដែលអាចជួយឲ្យវត្ថុធាតុដើមគ្រប់គ្រាន់ សម្រាប់កែច្នៃ ក្លាយជាផលិតផលពាក់កណ្តាលសម្រេច រួចសឹមលក់ ឬនាំចេញ ទើបអាចចំណេញច្រើនដូចដែលជម្រាបជូនខាងលើ៕

 

អត្ថបទដោយ៖ Noun Vannak

 

LEAVE A REPLY

Please enter your comment!
Please enter your name here