មានអ្វីពិសេសជាងគេបានជា Macbook លក់ថ្លៃលើសពីកុំព្យូទ័រផ្សេង ខណៈកម្លាំងម៉ាស៊ីនប្រហាក់ប្រហែលគ្នា

0
446

មនុស្សជាច្រើនបានចំណាយលុយខ្ទង់ពាន់ដុល្លារទិញ Macbook ទោះបីជាដឹងថាកុំព្យូទ័រផ្សេងៗមានម៉ាស៊ីនប្រហាក់ប្រហែលគ្នាតែតម្លៃទាបជាងនេះស្ទើរតែពាក់កណ្តាល ហើយបើទោះបីជាក្រុមហ៊ុន Apple បានប្រើប្រាស់ CPU ធម្មតាប្រភេទ Intel ប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីអតិថិជននៅតែហ៊ានបង់លុយពាន់ដុល្លារឲ្យ Apple?

១-គុណភាព

គុណភាពត្រង់នេះមិនមែនសម្តៅដល់ល្បឿនវាលឿនឬយឺតទេ ប៉ុន្តែចង់សម្តៅដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងការរៀបចំផលិត Macbook ។ អ្វីដែល Macbook ប្រើសុទ្ធតែធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាប្រណិត ដូចជាតួខ្លួនធ្វើពីលោហៈរលោងជាដើម ម៉ាស៊ីនប្រើមិនងាយក្តៅ ហើយការរចនាពីមួយជំនាន់ទៅមួយជំនាន់កាន់តែមានភាពទាក់ទាញដូចជាការបំពាក់ Touch bar នៅលើ Macbook Pro ជាដើម ។


២-អាយុវែង

Macbook ត្រូវបានគេទទួលស្គាល់ថាមានអាយុកាលវែងទាំង Hardware និង Software ជាពិសេសអ្នកប្រើប្រាស់អាច Update OS ទៅកាន់ជំនាន់ថ្មីៗជាបន្តបន្ទាប់ដើម្បីទទួលបានបទពិសោធន៍ថ្មី ដោយមិនបាច់លុប OS ចាស់ចោល ខុសពីការប្រើកុំព្យូទ័របំពាក់ Window ដែលត្រូវឈូស Window ចាស់ចោលដើម្បីបានប្រើ Window ថ្មី ។

៣-សុវត្ថិភាព

អ្នកណាក៏ទទួលស្គាល់ដែលថា Macbook មានសុវត្ថិភាពខ្ពស់ជាងកុំព្យូទ័រដែលប្រើ Window នេះក៏ព្រោះតែកុំព្យូទ័រប្រើ Window ភាគច្រើនផ្តោតលើការងារការិយាល័យដូចជាផ្នែក គណនេយ្យ ហិរញ្ញវត្ថុជាដើម ចំណែក Macbook ផ្តោតលើការប្រើប្រាស់ផ្ទាល់ខ្លួន និងការបង្កើតមាតិកាផ្សេងៗ ដូចនេះ Hacker ប្រាកដជាផ្តោតលើការវាយប្រហារលើកុំព្យូទ័រប្រើ Window ច្រើនជាង ។ មួយទៀតគឺ Apple តែងតែរឹតបណ្តឹងសុវត្ថិភាពលើ Mac OS ជាង Window ដោយសារ Window មានអ្នកប្រើប្រាស់ច្រើនដូចនេះចំណុចខ្សោយក៏ច្រើន ខណៈដែល Mac OS ប្រើសម្រាប់តែ Macbook ប៉ុណ្ណោះ ។

៤-ទំនាក់ទំនងរវាង iPhone និង Macbook

ជាយុទ្ធសាស្រ្តមួយសម្រាប់ Apple គឺក្រុមហ៊ុននេះបានបង្កើតប្រព័ន្ធ Ecosystem មួយដែលធ្វើឲ្យផលិតផលទាំងអស់ប្រទាក់ក្រឡាគ្នា ដូចជា iWatch អាចភ្ជាប់ជាមួយ iPhone ចំណែក iPhone អាចភ្ជាប់ជាមួយ Macbook ។ មុខងារពិសេសៗរបស់ iPhone ភាគច្រើនមាននៅលើ Macbook ខណៈដែល Apple ខំធ្វើយ៉ាងណាឲ្យ Macbook អាចដំណើរការជាមួយកម្មវិធីសំខាន់ គឺទិញ Macbook តែមួយអាចប្រើសម្រាប់ការងារសំខាន់ដោយមិនបាច់ដំឡើងកម្មវិធីផ្សេង ។

៥-ស្រួលប្រើ

អាចនិយាយបានថា Macbook ផ្តល់នូវភាពទាក់ទាញក្នុងការប្រើប្រាស់ (user-friendly) ជាងកុំព្យូទ័រផ្សេងទាំងរូបរាងនិងការរចនារបស់ Mac OS ។ អ្នកជំនួញភាគច្រើនសុទ្ធតែកាន់ Macbook ចូលប្រជុំដើម្បីកត់ត្រា ដោយសារវាមានរូបរាងតូចច្រឡឹងងាយស្រួលយកតាមខ្លួន ចំណែកអ្នក IT មួយចំនួនបានប្តូរទៅប្រើ Macbook ដោយបទពិសោធន៍នៃការប្រើល្អ ជាមួយគ្នានេះ Apple មានសេវាកម្មបម្រើអតិថិជនទូទាំងពិភពលោកពេលមានបញ្ហាផ្សេងៗ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here