បារាំងនឹងជួយអភិវឌ្ឍក្រុងភ្នំពេញឲ្យក្លាយជាទីក្រុង​បៃតង និងទំនើបទាន់សម័យ

0
4519

ឯកឧត្តមឃួន ស្រេង អភិបាលក្រុងភ្នំពេញ បានស្នើដល់អភិបាលក្រុងបារីស ឲ្យជួយអភិវឌ្ឍន៍ក្រុងភ្នំពេញ ឲ្យក្លាយទៅជាទីក្រុងបៃតង ទំនើបទាន់សម័យ ប្រកបដោយបរិស្ថានល្អ សាកសមជាទីក្រុងអភិវឌ្ឍន៍មួយប្រកបដោយភាពស៊ីវិល័យ។ នេះបើយោងតាមការប្រកាសព័ត៌មានពីរដ្ឋបាលរាជធានីភ្នំពេញ។

កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ បានអញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ អាន អុី​ដាល់ហ្គោ (Anne HIDALGO) អភិបាល​ក្រុង​ប៉ារីស និងជាប្រធានសមាគមអន្ដរជាតិអភិបាល​ក្រុងប្រើប្រាស់​ភាសា​បារាំង (AIMF)​។​
លោកជំទាវ​ទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់រាជធានីភ្នំពេញក្នុងក្របខណ្ឌ AIMF ប្រចាំទ្វីបអាស៊ី និងបានគូសបញ្ជាក់ផងដែរថាទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ។

ឯកឧត្ដម​ឃួន ស្រេង ​បាន​អរគុណលោកជំទាវអភិបាលក្រុងប៉ារីសដែលតែងតែបន្ត​គាំទ្រ​កិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងរាជធានីភ្នំពេញ-ទីក្រុងប៉ារីស និងបានសំណូមពរស្នើសុំឲ្យទីក្រុងប៉ារីសគាំទ្រ និងជួយដល់រាជធានីភ្នំពេញលើ ៣ចំណុច​ ដូចខាងក្រោម​៖ ១. បន្តជួយ​គាំទ្រ​រាជធានីភ្នំពេញ នៅ​ក្នុង​ក្របខណ្ឌ ការងាររបស់ AIMF និងស្នើលោកជំទាវគាំទ្រដល់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្ដរជាតិអភិបាល​ក្រុងប្រើប្រាស់​ភាសា​បារាំង (AIMF) លើកទី៣៩ នៅឆ្នាំ២០១៩​។​ ២. ជួយដល់រាជធានីក្នុងការបញ្ជូនអ្នកជំនាញការមកផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស និងទី៣. ​ជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍទីក្រុងឲ្យក្លាយជាទីក្រុង​បៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។


ជាការឆ្លើយតប លោកជំទាវអភិបាលក្រុងប៉ារីស បញ្ជាក់ថា ពាក់ព័ន្ធនឹងការរៀបចំទីក្រុង ឯកភាពថានឹងរៀបចំក្រុមបច្ចេកទេស និងជំនាញការដើម្បីធ្វើការសិក្សាបច្ចេកទេសលើការគ្រប់គ្រងចរាចរណ៍ និងលើការងារបរិស្ថាន ជាពិសេសលើការគ្រប់គ្រងសំណល់សល់ពីការសាងសង់សំណង់ធំៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនៃទីក្រុងទាំងពីរ។

ជាចុងក្រោយ លោកជំទាវឯកភាពនឹងមកបំពេញទស្សនកិច្ច​ផ្លូវការនៅ​រាជធានីភ្នំពេញ ក្នុង​ពេល​វេលា​សមស្របណាមួយ ដើម្បី​បន្តរឹតចំណង​មិត្ត​ភាព​រវាង​ទីក្រុង​​ទាំងពីរ​៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here