វិស័យសំណង់ គឺជាវិស័យ ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរមុខមាត់នៅក្នុងប្រទេសកម្ពុជា ហើយមកទល់បច្ចុប្បន្ននេះ ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា បានបង្កើតការងារដោយផ្ទាល់ និងមិនផ្ទាល់សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា សំណង់នៅកម្ពុជា ហាក់មានកំណើនកាន់តែខ្លាំង មានទាំង បណ្តុំអគារពាណិជ្ជកម្ម អគារខុនដូ ផ្សារទំនើប បុរី ជាពិសេសគម្រោងផ្ទះតម្លៃតម្លៃទាបកំពុងវាយលុកទីផ្សារលំនៅឋានជាខ្លាំង។
ទោះបីជាការផ្គត់ផ្គង់ផ្ទះតម្លៃទាប កំពុងចាប់បានទីផ្សារកាន់តែខ្លាំងក្តី ក៏ប៉ុន្តែ ក៏នៅមានក្តីបារម្ភផងដែរ ចំពោះគុណភាពសំណង់ ខណៈគេបានប្រៀបធៀបថា បើវាមានតម្លៃទាបនោះគុណភាពសំណង់ក៏ទាបតាមនឹងដែរ។
តាមរយៈមតិខាងលើ លោក ហឹម សីហា បានមានប្រសាសន៍ថា គុណភាពសំណង់ពិតណាស់ វាមិនល្អដូចបុរី ដែលមានតម្លៃ ១០ ទី ២០ម៉ឺនដុល្លារអាមេរិកនោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា គុណភាពសំណង់របស់ផ្ទះតម្លៃទាប អាចនឹងទទួលយកបាន។
លោកបានបន្ថែមថា គុណភាពនៃសំណង់មិនអន់ខ្លាំងពេក រហូតដល់បង្កជាគ្រោះថ្នាក់ដល់អ្នកស្នាក់នៅនោះទេ ។លោកអាចនិយាយបានថា គុណភាពដែលបារម្ភនោះគឺ គ្រឿងបរិក្ខារនៅក្នុងផ្ទះ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញក្តីបារម្ភចំពោះគុណភាពសំណង់ដែលបាន និងកំពុងសាងសង់ដែលមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយ និងបានអំពាវនាវដល់អ្នកអភិវឌ្ឍន៍វិស័យសំណង់ទាំងអស់ឱ្យរួមគ្នាផ្តោតការយកចិត្តទុកដាក់លើគុណភាពសំណង់នៅកម្ពុជាផង។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា “បញ្ហាដែលយើងត្រូវរួមគ្នាធ្វើគឺ បង្កើនគុណភាពដែលចាត់ទុកថា វានៅតែជាបញ្ហានៅឡើយ។ ការបង្កើនគុណភាពនេះ កន្លងមកយើងឃើញថា លក្ខណៈ និងសោភ័ណភាពយើងមានហើយ ប៉ុន្តែនៅខ្វះចន្លោះខ្លះត្រង់ការត្រួតពិនិត្យគុណភាព។
ឯកឧត្តម បញ្ជាក់ថា “សំណូមពររបស់ខ្ញុំនៅពេលនេះ គឺសុំឱ្យជួយពិនិត្យបង្កើនគុណភាពសំដៅផាសុកភាព។ វាជាការអៀនខ្មាស់ណាស់ឧទាហរណ៍ថាពេលយើងធ្វើរួច វាបាក់ ឬស្រុត ដែលអាចប៉ះពាល់ដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។