កសាងកេរ្តិ៍ឈ្មោះល្អ ជំរុញឲ្យសហគ្រិនជោគជ័យលើវិស័យអចលនទ្រព្យ

0
206

នរណាក៏ទទួលស្គាល់ថា ការកសាងកេរ្តិ៍ឈ្មោះល្អក្នុងសង្គមតែងតែញាំឲ្យអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ ឬនិយាយថា ជាផ្នែកដ៏សំខាន់មួយក្នុងការរុញច្រានឲ្យរីកចម្រើន។ សម្រាប់វិស័យអចលនទ្រព្យក៏មិនខុសពីអាជីវកម្មផ្សេងដែល សហគ្រិនខ្លួនឯងត្រូវតែកសាងកេរ្តិ៍ឲ្យបានល្អក្នុងសង្គម ខ្លាំងដូចធ្វើឲ្យក្រុមហ៊ុនរឹងមាំផងដែរ។

ចេញរកស៊ីលើវិស័យអ្វីក៏ដោយ ការកសាងទំនាក់ទំនងល្អ ឬជំនឿចិត្តជាមួយមហាជន ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អ វាជាចំណុចសំខាន់សម្រាប់សហគ្រិន ជាពិសេសអ្នករកស៊ីវិស័យអចលនទ្រព្យតែម្តង។ ដោយសារតែ ការជឿទុកចិត្តនេះ ហើយទើបឈានរហូតដល់ការប្រើប្រាស់សេវាកម្មរបស់យើង ដោយមិនគិតពិចារណាច្រើន លើក្រុមហ៊ុន ព្រោះគេបានស្គាល់ថា យើងជាបុគ្គលបែបណា មានភាពច្បាស់លាស់ ទទួលខុសត្រូវខ្ពស់ មានឆន្ទៈ និងភាពស្មោះត្រង់ ហើយបញ្ជាក់ថាក្រុមហ៊ុនយើងល្អរួចទៅហើយ។

សហគ្រិនជោគជ័យខ្លះ ធ្លាប់លើកឡើងថា បើមិនទាន់មានទំនាក់ទំនងល្អច្រើនជាមួយមហាជនទេ កុំទាន់អាលចេញរកស៊ីអី ដូច្នេះមានន័យថា ទំនាក់ទំនងល្អនេះហើយ ដែលជាចំណុចពិសេសឱ្យអាជីវកម្មរបស់យើងដើរបាន ដោយមិនបាច់ធ្វើទីផ្សារ ព្រោះយើងបានធ្វើទីផ្សាររួចទៅហើយកំឡុងពេលស្គាល់គ្នាជាមួយមហាជន។ ជាការពិតបើគេស្គាល់ថាយើងជាមនុស្សល្អក្នុងសង្គមហើយ គេនឹងមិនសូវជាបារម្ភអំពីសេវាកម្ម ឬទំនិញរបស់យើងពេកនោះទេ។


អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ឬចាប់អាជីពជាអ្នកជំនួញខាងអចលនទ្រព្យ អ្នកត្រូវតែជាមនុស្សដែលស្គាល់គេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បើចង់មានលុយ៥ ឬ១០លានដុល្លារ យើងត្រូវស្គាល់មនុស្សឲ្យបានរាប់ពាន់នាក់ ហើយមនុស្សសំខាន់ យើងត្រូវស្គាល់ទៀតនោះ គឺមនស្សជោគជ័យក្នុងវិស័យអចលនទ្រព្យ។ យើងអាចរាប់អាន និងរៀនសូត្រពីអ្នកជោគជ័យខាងអចលនទ្រព្យ ដើម្បីរៀនពីបទពិសោធន៍ និងចំណេះដឹង ហើយគេក៏អាចផ្តល់ឱកាសឲ្យយើងក្លាយជាអ្នកភាគហ៊ុនក្នុងក្រុមហ៊ុន និងទទួលបានភាពជោគជ័យផងដែរ។

ដូច្នេះការកសាងកេរ្តិ៍ក្នុងសង្គម មិនងាយធ្វើនោះទេ ហើយត្រូវការការខិតខំប្រឹងប្រែង និងសេក្តីព្យាយាមធ្វើខ្លួនឯងឲ្យតម្លៃ សម្រាប់ជាទីពឹងដល់អតិថិជន មិត្តភក្ត ឬមនុស្សជុំវិញខ្លួនបានល្អ។ កេរ្តិ៍ឈ្មោះល្អ មិនអាចប្រើលុយដើម្បីដូរវានោះទេ តែគ្រាន់តែត្រូវការភាពស្មោះត្រង់ ច្បាស់លាស់លើការងារ ទំនាក់ទំនងល្អ ចេះជួយជ្រោមជ្រែងគ្នា ពេលមានតម្រូវការ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here