Arnold អតីតថ្នាក់ដឹកនាំរដ្ឋCalifornia ប្រាប់គោលការណ៍៥ អាចឲ្យអ្នករកឃើញជោគជ័យក្នុងជីវិត

0
2014

មហាសេដ្ឋី Arnold Schwarzenegger អតីតថ្នាក់ដឹកនាំរដ្ឋ California ជាតារាសម្តែង ជាអ្នកផលិតរឿង ជាអ្នកនិពន្ធ ជាគ្រូបង្វឹកកាយសម្ព័ន្ធ ជាអ្នកនយោបាយ ជាអ្នកជំនួញ និងជាវិនិយោគិនដ៏មានឥទ្ធិពលមួយរូបនៅអាមេរិក បង្ហើបប្រាប់ពីគោលការណ៍សំខាន់៥ចំណុច ដែលអាចឲ្យអ្នករកឃើញជោគជ័យក្នុងជីវិត។

គោលការណ៍ទី១៖ ក្តីស្រមៃ


លោក Arnold បានមានប្រសាសន៍ថា លោកកើតក្នុងសម័យសង្គ្រាមលោកលើទី២ ទទួលរងភាពឈឺចាប់ ជីវិតអត់ឃ្លាន និងភ្លើងសង្គ្រាមគ្រប់ទិសទី ធ្វើឲ្យលោកមានចិត្តចង់ដើរចេញពីទីស្ថាន និងស្ថានភាពដ៏អាក្រក់មួយនេះ។

ក្នុងពេលមួយ លោកបានមើលឃើញនូវទស្សនាវដ្តីបរទេសបង្ហាញពីរូបអ្នកបុរសសាច់ដុំធំម្នាក់ ដែលល្បីល្បាញនៅអាមេរិក ធ្វើឲ្យលោកជាប់ចិត្តអានពីបុរសម្នាក់នោះតាំងពីដើមរហូតដល់ចប់ ជម្រុញឲ្យលោកមានក្តីស្រមៃចង់រស់នៅលើទឹកដីអាមេរិក ប្រទេសដែលលោកយល់ថាសុខសាន្តជាងអូទ្រីស ហើយដើម្បីទៅដល់ក្តីស្រមៃមួយនេះ លោកតាំងចិត្តកំណត់គោលដៅទៅជាអ្នកហាត់កាយសម្ព័ន្ធម្នាក់ដ៏ខ្លាំងក្លា ដើម្បីចូលរួមការប្រកួតនឹងគេ ក៏ដូចជាចូលរួមសម្តែងភាពយន្តនាពេលអនាគតដូចនិម្មិតរូបរបស់លោកនៅក្នុងទស្សនាវដ្តី៍នោះដែរ។

Arnold មានប្រសាសន៍ថា “អ្នកត្រូវតាមប្រម៉ាញ់គោលដៅ ក្តីស្រមៃប្រចាំជីវិតរបស់អ្នក ចាប់វាឲ្យជាប់ប្រឹងប្រែងដើម្បីសម្រេចក្តីស្រមៃមួយនោះរាល់ថ្ងៃ”។

គោលការណ៍ទី២៖ កុំគិតតូចពេក

រៀនធ្វើជាមនុស្សដែលមានក្តីស្រមៃធំក្នុងឆាកជីវិត ប៉ុន្តែចាប់ផ្តើមពីតូចបំផុត កុំមើលងាយការងារតិចតួចដំបូងនោះឲ្យសោះ បើអ្នកចង់ជោគជ័យសម្រេចក្តីស្រមៃរបស់អ្នកនាពេលអនាគត។

Arnold បានបញ្ជាក់ថា ដើម្បីប្រឡូកក្នុងវិស័យភាពយន្តក្នុងក្តីស្រមៃទៅជាតារាសម្តែងដ៏លេចធ្លោនាពេលអនាគត លោកព្យាយាមបង្កើតឱកាសឲ្យខ្លួន ចូលរួមសម្តែងគ្រប់ឈុតឆាក ទោះជាតិចតួចក្តីឲ្យតែអ្នកដឹកនាំរឿងយល់ព្រម លោកមិនចោលឱកាសមួយនោះឡើយ ហើយទីបំផុតលោកពិតជាអាចទៅដល់ចំណុចដែលលោកប៉ងពិតមែន។​

គោលការណ៍ទី៣៖ កុំខ្វល់នឹងពាក្យសម្តីអ្នកដទៃច្រើនពេក

បុរសដ៏មានឥទ្ធិពលរូបនេះមានប្រសាសន៍ថា លោកជាមនុស្សម្នាក់ដែលឈ្មោះពិបាកហៅ រូបរាងមិនសូវស្អាត និងមានសំលេងយ៉ាងចម្លែកដូចមនុស្សយន្ត ធ្វើឲ្យមនុស្សជុំវិញខ្លួនសើចចំអកឲ្យលោក នៅពេលណាដែលលោកប្រាប់ពីក្តីស្រមៃចង់ក្លាយជាតារាសម្តែងភាពយន្តនាពេលខាងមុន។

លោកបញ្ជាក់ថា៖ ទាំងមិនមិត្តភក្តិ មិត្តរួមការងារ ប្រធានក្រុមហ៊ុនរបស់លោក និងអ្នកដែលលោកស្គាល់ផ្សេងទៀត សុទ្ធតែសើចចំអក និងប្រឆាំងនឹងក្តីស្រមៃរបស់លោក។ ពួកគេតែងតែប្រាប់លោកថា វាជារឿងដ៏ល្ងង់ខ្លៅ ជាក្តីស្រមៃដែលមិនអាចទៅរួច ប៉ុន្តែលោកមិនបានស្តាប់គំនិតប្រឆាំងទាំងនោះទេ ទើបលោកអាចមានថ្ងៃនេះ។

គោលការណ៍ទី៤៖ ប្រឹងប្រែងធ្វើការឲ្យខ្លាំងបំផុត

រាល់ការលះបង់តែងតែមានតម្លៃតបស្នងមកវិញ ទោះជាមិនបានមកវិញភ្លាមៗ តែវានឹងបានមកវិញនាពេលណាមួយ ហេតុនេះកុំនៅស្ងៀម បណ្តោយឲ្យពេលវេលាកន្លងហួសឲ្យសោះ ហើយក៏កុំខ្លាចក្នុងការធ្វើការងារដូចមនុស្សឆ្កួតឲ្យសោះ។

ភាពជោគជ័យរបស់អ្នកថ្ងៃនេះ បានមកពីការប្រឹងប្រែងរបស់អ្នកកាលពីថ្ងៃមុន ហើយArnold ផ្ទាល់ ក្រោយពេលលោកដាក់គោលដៅរួចហើយ លោកបានចំណាយពេលប្រមាណ៥ម៉ោងក្នុងមួយថ្ងៃ ហ្វឹកហាត់ខ្លួនឯងឲ្យទៅជាអ្នកកាយសម្ព័ន្ធសាច់ដុំធំ និងខ្លាំងក្លាបំផុត អស់ពេលជាច្រើនឆ្នាំ ទម្រាំអាចឡើងប្រកួតបង្ហាញសាច់ដុំនឹងគេបាន ហើយទទួលបានជោគជ័យនោះ។​

គោលការណ៍ទី៥៖ ឲ្យទៅវិញ

គោលការណ៍ទី៥នេះ ផ្តោតលើការចែករំលែកទាំងចំណេះដឹង បទពិសោធន៍ លុយកាក់ និងក្តីស្រមៃអ្នកមានត្រឡប់វិញក្នុងផ្លូវដ៏ត្រឹមត្រូវបំផុត ហើយArnold ផ្ទាល់ លោកតែងតែធ្វើវាជាប្រចាំ ជាហេតុធ្វើឲ្យលោកទទួលបានការកោតសរសើរ គោរពឲ្យតម្លៃ និងត្រូវបានគេបោះឆ្នោតឲ្យឡើងជាថ្នាក់ដឹកនាំរដ្ឋថែមទៀតផង។ សេចក្តីល្អ ជារឿងដែលគួរធ្វើ គួរឲ្យចង់ចាំ និងសប្បាយចិត្តបំផុតក្នុងជីវិត។

គួរជម្រាបផងដែរថា បច្ចុប្បន្ន Arnold Schwarzeneggerមានអាយុ៧១ឆ្នាំ និងទ្រព្យសរុបជាង៤០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here