ចាយប្រាក់រៀលរាល់ថ្ងៃ ដឹងអត់ ថាប្រាក់រៀលខ្មែរ បច្ចុប្បន្ន ត្រូវបានផលិតនៅក្នុងស្រុក ឬក្រៅស្រុក?

0
2094

មនុស្សគប់គ្នាសុទ្ធតែចាយប្រាក់រៀលខ្មែរ ដែលជារូបិយប័ណ្ណជាតិ។ ថ្វីត្បិត​តែពួកគេបានចាយវាប្រាក់រៀលក្នុងជីវិតរស់នៅប្រចាំថ្ងៃពិតមែន​ តែមនុស្សមួយចំនួនមិនទាន់ដឹងច្បាស់ថាតើ ប្រាក់រៀលខ្មែរយើង ត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជាឬក្រៅប្រទេសនោះទេ។

តាមពិតទៅប្រាក់រៀលរបស់ខ្មែរ សព្វថ្ងៃគឺត្រូវបានគេផលិតនៅប្រទេសកម្ពុជាផ្ទាល់ ដែលត្រូវបានផលិតនិងដាក់ឲ្យចរាចរប្រើប្រាស់នៅលើទីផ្សារកម្ពុជាដោយធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា( ធនាគារកណ្ដាល) គឺមានតួនាទីក្នុងគ្រប់គ្រងលើរូបិយប័ណ្ណជាតិ ដូច្នេះ មុននឹងសម្រេចផលិតប្រាក់រៀលខ្មែរសម្រាប់ប្រើប្រាស់លើទីផ្សារកម្ពុជា ធនាគារជាតិត្រូវពិចារណាលើកត្តាមួយចំនួនដូចជា ទំហំនៃកម្មភាពសេដ្ឋកិច្ច កម្រិតនៃកំណើនសេដ្ឋកិច្ច លំហូរចូលនៃរូបិយប័ណ្ណបរទេស ទេសចរណ៍ ជំនួយបរទេស ឬវិនិយោគពីរទេសជាដើម។

ជាទូទៅ ធនាគារកណ្ដាលតែងប្រុងប្រយ័ត្ន មុននឹងធ្វើការបោះផ្សាយរូបិយប័ណ្ណជាតិ ដោយផ្អែកទៅលើតម្រូវការរបស់សេដ្ឋកិច្ចក្នុងប្រទេស និងមធ្យោបាយទូទាត់ក្នុងប្រទេស។ នៅពេលដែលរូបិយប័ណ្ណ មានបរិមាណមិនគ្រប់គ្រាន់នៅក្នុងសេដ្ឋកិច្ចនោះ តម្លៃរបស់វានឹងឡើងថ្លៃ តែបើរូបិយប័ណ្ណមានបរិមាណច្រើនលើសលប់ តម្លៃរបស់វានឹងចុះថោក ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺបាត់បង់អំណាចក្នុងការទិញទំនិញរបស់ប្រជាពលរដ្ឋ។

គួរជម្រាបផងដែរថា ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្ត សញ្ញាណជាតិ ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និង ស្មារតីជាតិនិយមនៅក្នុងប្រទេស ។

ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិត ស្និទ្ធទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារ ។ ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក ។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ៕