ចូលដល់ឆ្នាំ ២០២០ និន្នាការទាំងនេះអាចនឹងផ្លាស់ប្តូររបៀបរកស៊ីរបស់អ្នកខុសស្រឡះពីពេលបច្ចុប្បន្ន

0
1265

ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះឆ្នាំ ២០២០ នឹងឈានចូលមកដល់ ជាមួយការផ្លាស់ប្តូរនិន្នាការថ្មី លើវិស័យបច្ចេកវិទ្យាដែលជះឥទ្ធិពលដល់អាជីវកម្ម ការងារ និងរបៀបរស់នៅរបស់មនុស្សទៅរកអ្វីដែលថ្មី បើអ្នកចង់ក្លាយជាអ្នកដឹកនាំអាជីវកម្មពូកែ អ្នកត្រូវត្រៀមខ្លួនឲ្យហើយដើម្បីបត់បែនតាមស្ថានការណ៍ ។

១-សេវាកម្មអតិថិជន ២៤/៧

ចូលដល់ឆ្នាំ ២០១៨ នេះសេវាកម្មអតិថិជនបានចាប់ផ្តើមដំណើរការ២៤ ម៉ោងនិង ៧ ថ្ងៃពេញ ប៉ុន្តែចូលដល់ឆ្នាំ ២០២០ ឯណោះវិញមិនមែនតែសេវាកម្មអតិថិជនទេ គ្រប់យ៉ាងឲ្យតែអតិថិជនចង់បានគឺត្រូវបានភ្លាមៗ មិនខ្វល់ថាថ្ងៃឬយប់ ថ្ងៃឈប់ឬថ្ងៃធ្វើការ ។


សព្វថ្ងៃនេះអាជីវកម្មដែលអាចបម្រើសេវាកម្មអតិថិជនបានសុទ្ធតែពឹងផ្អែកទៅលើ App, បណ្តាញសង្គម និងវេបសាយ ឧទាហរណ៍ថាសព្វថ្ងៃគេបានប្រើ Chatbot ដើម្បីជំនួយដល់ការលក់និងឆ្លើយសំណួរអតិថិជនលើ Messenger ដោយស្វ័យប្រវត្តិ ២៤/៧ ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែច្នៃប្រឌិតគេអាចនឹងប្រើសេនស័រដើម្បីជំនួយនៅថ្ងៃអនាគត ។

២-ចំនួនអ្នកធ្វើការឯករាជ្យនឹងកើនឡើង

ដោយសារអ៊ីនធឺណេតកាន់តែរីកចម្រើន មនុស្សជាច្រើនមានឱកាសធ្វើការពីគ្រប់ទីកន្លែង ខណៈដែលអ្នកធ្វើឯករាជ្យនឹងកើនឡើងដូចគ្នា ដូចនេះក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម អ្នកត្រូវដឹងថា និន្នាការក្នុងការសហការជាមួយភ្នាក់ងារឯករាជ្យនឹងក្លាយជារឿងថ្មីក្នុងពិភពការងារ ខណៈដែលអាជីវកម្មនៅឆ្នាំ ២០២០ នឹងត្រូវកាត់បន្ថយការជួលបុគ្គលិកផ្ទាល់ខ្លួន ជំនួសដោយការជួលភ្នាក់ងារឯករាជ្យដែលជំនាញមកធ្វើការជំនួសវិញ ។

៣- Cloud computing

កាលពីមុនឯកសាររបស់ស្ថាប័ននីមួយៗ ត្រូវបានទុកគរជើងនៅក្រុមហ៊ុន ក្រោយមកគេបានទុកនៅក្នុង Local Server មានន័យថាទុកនៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួន ឬកន្លែងផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន ប៉ុន្តែនិន្នាការថ្មី រាល់ទិន្នន័យឬឯកសារត្រូវតែទុកដាក់ និងគ្រប់គ្រងនៅក្នុងអ៊ីនធឺណេត ។

ការប្រើប្រាស់សេវាកម្ម Cloud computing នឹងជួយកាត់បន្ថយចំណាយបានច្រើន ជាជាងដែលអ្នកទិញកន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួន និងជួយឲ្យអាជីវកម្មតូចៗប្រកួតជាមួយអាជីវកម្មធំៗផងដែរ ។

៤-ទូទាត់លុយអនឡាញ

ការទូទាត់លុយអនឡាញឬ mobile payment កំពុងជ្រាតខ្លួនបណ្តើរៗហើយនៅក្នុងការរស់នៅប្រចាំនៅស្រុកខ្មែរយើង ។ ប៉ុន្តែនៅឆ្នាំ ២០២០ ជាពេលដែលផ្ទុះសង្រ្គាមធំរវាងក្រុមហ៊ុនផលិត Software ទូទាត់លុយ និងធនាគារ ដើម្បីដណ្តើមទីផ្សារក្នុងការគ្រប់គ្រងការទូទាត់លុយ ។

មិនថាម្ចាស់អាជីវកម្មឬអតិថិជនទេ អ្នកត្រូវរៀនបត់បែនឲ្យទាន់សភាពការណ៍ បើអ្នកដើរមុនគេតែមួយជំហាននោះអតិថិជននឹងរត់មករកអ្នកជាមិនខាន តែបើអ្នកនៅស្តាយការទូទាត់សាច់ប្រាក់សុទ្ធទៀត អ្នកច្បាស់ជាដាច់ម៉ូយមិនខាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here