លោកគាម សៀកឡុង៖ តើអាជីពភ្នាក់ងារអចលនទ្រព្យងាយស្រួល និងឆាប់ក្លាយជាអ្នកមានមែនទេ?

0
820

វិស័យអចលនទ្រព្យនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកំពុងមានកំណើនយ៉ាងលឿន។ ទីផ្សារនេះកំពុងស្រូបយកកម្លាំងពលកម្មយ៉ាងច្រើន និងកំពុងមានចំណាប់អារម្មណ៍ពីយុវជន យុវតីកម្ពុជា។ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកជាច្រើនកំពុងដំណើរការ និងមានក្រុមហ៊ុនបរទេសជាច្រើន បាននិងកំពុងឈានជើងចូលទីផ្សារកម្ពុជាជាបន្តបន្ទាប់។ មុខរបរនេះត្រូវបានគេមើលឃើញថាជាការងារមានសក្តានុពលដែលអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ហើយអាចក្លាយជាអ្នកមានបានលឿន។​ តើការងារនេះពិតជាងាយស្រួល និងអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់មែនឬយ៉ាងណា?

លោកគាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Property បានលើកឡើងថា អាជីពជាភ្នាក់ងារអចលនទ្រព្យ ឬមុខរបរជាភ្នាក់ងារអចលនទ្រព្យ ជាមុខរបរមួយមើលឃើញងាយស្រួល​ តែពិបាកធ្វើ ទាមទារឲ្យមានការខិតខំប្រឹងប្រែងព្យាយាមធ្វើខ្លាំងណាស់។ ជាការកត់សម្គាល់ ភ្នាក់ងារអចលនទ្រព្យមានអត្រាបរាជ័យច្រើន ជោគជ័យតិច ព្រោះយល់ថាងាយស្រួលក្នុងការធ្វើ ឆាប់ជោគជ័យ និងក្លាយជាអ្នកមាន តែជាក់ស្តែងមិនដូចមនុស្សភាគច្រើនគិតនោះទេ។

សហគ្រិនអចលនទ្រព្យរូបនេះបន្តថា ការងារប្រភេទនេះ ទទួលបានប្រាក់ខែតិច ឬគ្មានប្រាក់ខែ ហើយពឹងទាំងស្រុងលើកម្រៃជើងសារដែលរកបានមិនទៀងទាត់ ពីការលក់អចលនទ្រព្យលើទីផ្សារ។ ភ្នាក់ងារអចលនទ្រព្យត្រូវធ្វើការជាមួយមនុស្សច្រើនប្រភេទ៖ អ្នកមានទ្រព្យសម្បត្តិ មានកិត្តិយស មានបុណ្យសក្តិ អ្នកពូកែ អ្នកឆ្លាត អ្នករវល់ច្រើន និងជួបជាមួយនឹងមនុស្សអត្តចរិកខុសគ្នារាប់រយជំពូក មានក្តៅ ត្រជាក់ ផ្អែម ប្រៃ ល្វីង ជូរ ចត់ ត្រូវការមានឥរិយាបថទំនាក់ទំនងបទបែនតាមកាលៈទេសៈ។


បន្ថែមពីលើនេះ ទាមទារឲ្យបង្កើនចំណេះដឹង បទពិសោធន៍ឲ្យបានច្រើន និងផ្តោតសំខាន់លើការងារច្បាស់លើផ្នែក ឬតំបន់ណាមួយ មិនអាចធ្វើច្រើនកន្លែងដោយមិនច្បាស់ការលើការងារនោះទេ។ ជំនាញក្នុងការសម្របសម្រួលក៏ជាចំណេះដឹងដ៏សំខាន់ ព្រោះតែយើងត្រូវជួបអ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានតម្លៃថោក ហើយម្នាក់ៗសុទ្ធតែចង់មានប្រៀបរៀងៗខ្លួនក្នុងការចចា និងទទួលបានលក្ខខណ្ឌល្អ។ ពេលខ្លះត្រូវជួបភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ ឬប័ណ្ណកម្មសិទ្ធិ ដូចនេះ ជាភ្នាក់ងារអចលវត្ថុត្រូវមានភាពឆ្លាតវៃក្នុងការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អ្នកទិញ និងអ្នកលក់ ហើយត្រូវធ្វើការជាមួយនឹងអ្នកពាក់ព័ន្ធមានធនាគារ ឬមន្រ្តីសុរិយោដីជាដើម។

ម្យ៉ាងទៀត ភ្នាក់ងារអចលនទ្រព្យត្រូវចំណាយពេលហាលភ្លៀង ហាលខ្យល់ ហាលថ្ងៃ ពេលខ្លះផ្លូវពិបាក ត្រូវដើរកាត់ស្រែ កាត់ទឹក​ ជិះទូក ធ្វើការនៅខាងក្រៅច្រើនជាងនៅការិយាល័យ។ ពេលខ្លះធ្វើការច្រើនបានលុយតិច ហើយអ្នកខ្លះស្ទើរតែមិនបានជួយអីសោះ ដើរតួជាតំណាងអ្នកលក់ ឬអ្នកទិញ ទារចែកលុយស្មើ ពេលខ្លះត្រូវគេលួងប្រើដោយមិនអស់លុយ ឬមិនឲ្យលុយ។ ការងារដែលមិនទាន់ត្រូវបានគេឲ្យតម្លៃ និងទទួលស្គាល់ទូលំទូលាយនៅឡើយ។

អ្នកធ្វើការផ្នែកអចលនទ្រព្យត្រូវតែជាមនុស្សពូកែទំនាក់ទំនង និងផ្តោតធ្វើការងារខ្លាំងបំផុត ព្រោះពេលខ្លះត្រូវធ្វើការហៀរដល់យប់ ដោយសារត្រូវណាត់ភ្ញៀវ និងធ្វើការគ្មានសៅរ៍អាទិត្យ ថ្ងៃបុណ្យនោះទេ បើអ្នកមិនអាចធ្វើនូវចំណុចទាំងនេះទេ មិនចាំបាច់ធ្វើនោះទេ មិនជោគជ័យឡើយ។ ដូច្នេះការងារនេះ មិនមែនងាយស្រួលធ្វើ ឬលែងៗហើយទទួលបានជោគជ័យនោះទេ ត្រូវការខិតខំប្រឹងប្រែងខ្លាំងណាស់៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here