សហគ្រិនគំនូរជីវចល៖ធ្វើការជាមួយក្តីស្រមៃសន្សំជំនាញ សន្សំទុនជិត១០ឆ្នាំ ពេលចេញរកស៊ីប្រើដើមទុនតិចបំផុត

0
663

លោក ប៉ោយ ឈុនលី ជាស្ថាបនិកក្រុមផលិតស្ពតតុក្តតាមួយមានឈ្មោះថា Poy animation studio បានបម្រើការងារឲ្យអង្គការសិល្បៈមួយ ដោយគ្រប់គ្រងខាងផ្នែកគំនូរជីវចលអស់រយៈពេលជិត១០ឆ្នាំមកហើយ។ ស្ថាបនិករូបនេះ ចិញ្ចឹមចិត្តបើកអាជីវកម្មក៏ព្រោះតែចង់ជួយវិស័យបច្ចេកវិទ្យា និងភាពយន្តគំនូរជីវចលខ្មែរឲ្យកាន់តែរីកចម្រើន ក៏ដូចជាបំពេញតម្រូវការទីផ្សារបច្ចុប្បន្ននេះផង។

បុរសមុខស្រដៀងស្តេចប្រដាល់ហ្វីលីពីនរូបនេះ បានប្រាប់ Business Cambodiaថា ក្រោយបោះបង់ការងារផ្នែកផលិតស្ពត ដែលប្រឹងប្រែងធ្វើតាំងពីប្រាក់ខែ២៥ដុល្លារ លោកតស៊ូជិត១០ឆ្នាំទម្រាំដាច់ចិត្ត ចេញរកស៊ីបង្កើតក្រុមផលិតស្ពតពាណិជ្ជកម្មតូចមួយ ដែលមានគ្នា៣នាក់គត់ ព្រោះពិបាករកអ្នកមានជំនាញផ្នែកនេះណាស់ ណាមួយនៅបណ្តាខេត្តផង ដែលអ្នកជំនាញភាគច្រើននៅរាជធានីភ្នំពេញ ក៏ដូចជាទុនមិនសូវមានច្រើនផង។

ស្ថាបនិករូបនេះ បានបង្ហើបថាចាប់ពីពេលដំណើរការដំបូងមកអាជីវកម្មនេះមិនត្រូវការចាយទុនច្រើនប៉ុន្មានទេ ព្រោះសម្ភារៈដែលគាត់ប្រើសុទ្ធតែសន្សំទិញមកទុកហើយទាំងអស់ ពោលគឺអស់ថ្លៃជួលទីតាំងប៉ុណ្ណោះ។ លើសពីនេះទៅទៀត អាជីវកម្មនេះមានហានិភ័យតិចណាស់ ព្រោះតម្លៃស្ពតតុក្កតាមួយនាទីថ្លៃចន្លោះចាប់ពី៨០០រហូតដលើ៣០០០ពាន់ដុល្លារឯណោះ ដែលធ្វើឲ្យគាត់មិនសូវព្រួយបារម្ភថ្លៃចំណាយឡើយ ផ្ទុយទៅវិញគាត់ចង់ពង្រីកឲ្យក្រុមហ៊ុននេះធំធាត់ និងមានលទ្ធភាពដូចក្រុមហ៊ុនល្បីៗនៅអាមេរិកទៀតផង។


បន្ថែមពីលើនេះលោកសង្កត់ធ្ងន់ថា​”ខ្ញុំបង្កើតអាជីវកម្មនេះឡើងគឺចង់បង្កើតគំនូរជីវចលដែលមានរចនាបថបែបខ្មែរ និងចង់ចង់រម្លែកបទពិសោធន៍ដល់អ្នកជំនាន់ក្រោយផង។ មួយវិញទៀត លោកមិនចង់ឲ្យខ្មែរយើងចាយលុយជួលបរទេសផលិតក្នុងតម្លៃរាប់ម៉ឺនដុល្លារ ខណៈខ្មែរយើងក៏មានលទ្ធភាពធ្វើដោយមានគុណភាព និងស្តង់ដារដូចជាគេដែរនោះ”។

គួរជម្រាបជូនថា Poy animation studio មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ប៉ុន្តែជារឿយៗគាត់ប្រាប់ថាមានអតិថិជននៅភ្នំពេញណាត់ជួបលោកក្នុងការរៀបចំគម្រោងមួយចំនួនដែរ។ ហើយលោកអ្នកអាចទាក់ទងលោក ឈុនលីផ្ទាល់បានតាមរយៈលេខទូរស័ព្ទ 096 61 92 088 ដើម្បីចង់ដឹងពីអត្ថប្រយោជន៍នៃគំនូរជីវចល ឬផលិតជាដើម៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here