ស៊ី ជីនពីង៖ ១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនដល់ ៣០ពាន់ពាន់លាន$

0
179

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនឡើងរហូតដល់ ៣០ពាន់ពាន់លានដុល្លារអាមេរិក ហើយសេវាកម្ម ក៏នឹងមានការកើនឡើងដល់ ១០ពាន់ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ចិននឹងខិតខំកាត់បន្ថយអត្រាពន្ធគយថែមទៀត ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធពិព័រណ៍អន្តរជាតិនាំចូលចិន (China’s International Import Expo) ដោយមានការចូលរួមពីនាយកដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតីចិន បានអះអាងបន្ថែមទៀតថា គោលជំហររបស់ប្រទេសចិន គឺបន្តការពារនូវបទប្បញ្ញតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគាំទ្ររាល់កំណែទម្រង់របស់អង្គការមួយនេះ ដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការធ្វើពាណិជ្ជកម្មប្រកបដោយស្មើភាព និងតម្លាភាព។


គួរជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំនេះ បានរៀបចំនៅលើផ្ទៃក្រឡា ៣០ម៉ឺនម៉ែត្រការ៉េ ដែលមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុប ចំនួន ១៧២ នៅក្នុងនោះមានក្រុមហ៊ុនសហគ្រាសចំនួន ៣,៦០០ក្រុមហ៊ុន ដែលមានអ្នកបញ្ជាទិញធំៗក្នុងពិភពលោកជាង ៤០ម៉ឺននាក់។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ១០ និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ ផងដែរ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here