អ្នកប្រដាល់មិនដែលចាញ់ Floyd ចង់ប្តូរបរិយាកាសទៅរកស៊ីនៅជប៉ុន ជាលើកដំបូង

0
628

អ្នកប្រដាល់មិនដែលស្គាល់ពាក្យថាចាញ់សញ្ជាតិអាមេរិក Floyd Mayweather បា​នប្រែក្លាយពាក្យសម្តីរបស់ប្រិយមិត្តអ្នកនិយមទស្សនាកីឡាប្រដាល់ថា ខ្លួនជាកង្កែបនៅក្នុងអណ្តូង ចេញទៅប្រកួតក្រៅទឹកដីជាលើកដំបូង ដោយនឹងត្រូវប៉ះជាមួយនឹងកីឡាករជប៉ុន Tenshin Nasukawa នៅថ្ងៃទីចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

បើយោងតាមភ្នាក់ងារសារព័តមាន CNBC បានបញ្ជាក់ថា ការប្រកួតរវាងកំពូលអ្នកប្រដាល់ទាំងពីរនេះ នឹងធ្វើឡើងនៅក្នុងទីក្រុង Saitama ប្រទេសជប៉ុន ក្នុងកម្មវិធីប្រកួត Rizin 14 ដែលនឹងចំថ្ងៃឆ្លងឆ្នាំសកលតែម្ដង។

នៅក្នុងសន្និសីទកាសែតមួយ នាទីក្រុងតូក្យូ អ្នកប្រដាល់មិនដែលចាញ់របស់ជប៉ុន Nasukawa ដែលបច្ចុប្បន្នមានវ័យ ២០ឆ្នាំរូបនេះ បានចាត់ទុកការប្រកួតរបស់ខ្លួនជាមួយនឹង Floyd គឺជាព្រឹតិ្តការណ៍ដ៏ធំបំផុតមួយនៅក្នុងឆាកជីវិតនៃវិស័យកីឡាប្រដាល់។ ហើយគេមានជំនឿចិត្តថា នឹងបញ្ចប់ពាក្យថាមិនដែលចាញ់របស់ Floyd Mayweather ផងដែរ។


ចំណែកឯ កីឡាករវ័យ៤១ឆ្នាំ Floyd បានអង្គុយយ៉ាងស្ងប់ស្ងាត់ហើយបន្ទាប់មកសរសើរគូប្រជែងវ័យក្មេងរបស់គាត់ថា “គាត់នៅក្មេង និងរហ័សរហួនខ្លាំងណាស់ ជាពិសេស​គាត់ប្រកួតមិនដែលចាញ់ថែមទៀត ដូច្នេះខ្ញុំគិតថាគាត់បានសម្រេចចិត្តត្រឹមត្រូវហើយ ដែលប្រកួតជាមួយខ្ញុំ” ។

សូមបញ្ជាក់ថា​ ការប្រកួតដ៏ធំសម្បើមនេះ នៅមិនទាន់បានបញ្ជាក់ឱ្យច្បាស់ការថា នឹងត្រូវប្រកួតក្នុងលក្ខខណ្ឌប្រដាល់សកល ឬប្រដាល់សេរីនោះទេ។ ក៏ប៉ុន្តែ ការប្រកាសអំពីទម្ងន់ និងច្បាប់ក្នុងប្រកួតនឹងឱ្យដឹងនៅសប្តាហ៏ខាងមុខ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here