កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន ៦បោះទុនវិនិយោគជិត២០០លាន$ លើគម្រោងផ្សេងៗគ្នា

0
907

ក្រុមហ៊ុនវិនិយោគចំនួន៦ បានបោះទុនវិនិយោគទៅតាមវិស័យផ្សេងគ្នា ក្នុងទំហំទឹកប្រាក់ជិត២០០លានដុល្លារ នៅប្រទេសកម្ពុជា នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីនេះ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“NORO MALL CO.,LTD.” គម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៩៤កន្លែង។


២-“SCHNEITEC RENEWABLE CO.,LTD.” គម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥៨,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៥កន្លែង។

៣-“LING XIU INT’L CO.,LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨,៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។

៤-“CATH PHARMA CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។

៥-“SAIER (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.០២៥កន្លែង។

៦-“HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦,២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង។

សូមបញ្ជាក់ថា គម្រោងវិនិយោគសំខាន់ៗទាំង៦នេះ នឹងជួយជំរុញឲ្យប្រទេសកម្ពុជាអភិវឌ្ឍន៍ថែមមួយកម្រិតទៀត និងបានផ្តល់ឱកាសការងារជាង ២ពាន់នាក់ដល់ពលរដ្ឋកម្ពុជាផងដែរ៕

រូបតំណាង

LEAVE A REPLY

Please enter your comment!
Please enter your name here