Alibaba ប្រកាសថា នឹងជួយទិញទំនិញ ២០០ ពាន់លានដុល្លារពីជុំវិញពិភពលោកចូលចិន

0
257

Alibaba ប្រកាសថា នឹងជួយទិញទំនិញ ២០០ ពាន់លានដុល្លារពីជុំវិញពិភពលោកចូលចិន

ក្រុមហ៊ុន E-commerce យក្សរបស់ចិន Alibaba បានប្រកាសកាលពីព្រឹកថ្ងៃអង្គារនេះថា Alibaba មានគម្រោងជួយទិញទំនិញពីជុំវិញពិភពលោកចូលប្រទេសចិនសរុបជាតម្លៃ ២០០ ពាន់លានដុល្លារនៅពេល ៥ ឆ្នាំខាងមុខ ។

ស្របពេលគ្នានេះដែរ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង បានលើកឡើងថា ប្រទេសចិននឹងនាំចូលទំនិញ ៣០ ទ្រីលានដុល្លារ និងនាំចូលសេវាកម្មតម្លៃ ១០ ទ្រីលានដុល្លារនៅរយៈពេល ១៥ ឆ្នាំខាងមុខ នេះបើតាមប្រភពពី CNBC ។


នៅក្នុងកម្មវិធី Global Import Leadership Summit នាយកប្រតិបត្តិ Alibaba លោក Daniel Zhang លើកឡើងថា “យើងសង្ឃឹមថាតាមរយៈសាកលភាវូបនីយកម្ម យើងនឹងប្រើប្រាស់ទីផ្សារដ៏ធំរបស់ប្រទេសចិនដើម្បីនាំទំនិញបោះដុំចូលប្រទេសចិន” ។

លោក Zhang បញ្ជាក់ថា ជាក់ស្តែងសហគ្រាសខ្នាតតូចនិងមធ្យម ពួកគេត្រូវបង្កើតទីផ្សាររបស់ពួកគេនៅក្នុងប្រទេសចិន ។

ជាមួយគ្នានេះ គូប្រកួតធំរបស់ Alibaba គឺ JD.com ក៏បានប្រកាសដែរថា ក្រុមហ៊ុននឹងទិញទំនិញពីយីហោក្រៅស្រុកប្រមាណ ១៤.៤ ពាន់លានដុល្លារ ប៉ុន្តែមិនទាន់មានការបរិច្ឆេទច្បាស់នៅឡើយទេ ។

ជាមួយគ្នានឹងការសន្យានាំចូលទំនិញ ២០០ ពាន់លានដុល្លារពីជុំវិញពិភពលោកនេះ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតកាលពីថ្ងៃចន្ទកន្លងទៅ​ មហាសេដ្ឋី Jack Ma លើកឡើងថា សង្រ្គាមពាណិជ្ជកម្មរបស់ចិននិងអាមេរិក វាប្រៀបដូចជារឿងឆ្កួតៗមែនទែននៅក្នុងពិភពលោកនេះ ។

ក្នុងនោះលោក Jack Ma នឹងលាលែងចេញពីដំណែកអគ្គនាយកនៅឆ្នាំ ២០១៩ ខាងមុខ ហើយការងារទាំងនេះនឹងត្រូវធ្លាក់ទៅលោក Daniel Zhang ជាអ្នកចាត់ចែង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here