បើចង់ឲ្យក្មេងៗជំនាន់ក្រោយរកចំណូលបានច្រើននៅថ្ងៃអនាគត ពួកគេត្រូវរៀនជំនាញទាំងនេះ

0
12876

បន្ទាប់ពីពិភពលោកកំពុងឈានជើងចូលបច្ចេកវិទ្យាកម្រិតខ្ពស់ មនុស្សកំពុងភ័យខ្លាចពីហានិភ័យនៃម៉ាស៊ីន និង AI ដែលកំពុងជំនួសការងារមនុស្សមួយចំនួន ហើយបើតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រក្មេងៗចាំបាច់ត្រូវរៀនជំនាញខាងក្រោមនេះដើម្បីមានលទ្ធភាពទទួលបានការងារដែលមានសក្តានុពលនិងមានចំណូលច្រើននៅថ្ងៃអនាគទ ។

១-កូដ

របាយការណ៍ពីនាយកដ្ឋានផ្នែកការងារអាមេរិក Bureau of Labor Statistics ឲ្យដឹងថា ការងារផ្នែកវិស្វកម្ម software (software engineering) នឹងកើនឡើង ១៨.៨% គិតពីពេលបច្ចុប្បន្នទៅឆ្នាំ ២០២៤ ខណៈដែលតម្រូវការងារផ្នែកវិភាគប្រព័ន្ធកុំព្យូទ័រ (computer systems analyst)កើនឡើង ២០.៩% ។


វិទ្យាសាស្ត្រកុំព្យូទ័រនឹងក្លាយជាមុខវិជ្ជាដែលមានសក្តានុពលបំផុត ទោះបីជាការងារខ្លះមិនទាមទារការសរសេរកូដប៉ុន្តែក្មេងៗជំនាន់ក្រោយត្រូវតែយល់ដឹងពីមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រ ។ ជាមួយគ្នានេះការរៀនកូដនឹងក្លាយជាមូលដ្ឋាននៃមុខវិជ្ជាផ្សេងៗ ដែលជួយឲ្យមនុស្សមានគំនិតច្នៃប្រឌិត គិតគូរបានល្អិតល្អន់ និងចេះបែងចែករចនាសម្ព័ន្ធការងារ ។

២-វិភាគទិន្នន័យ

ពិភពលោកសព្វថ្ងៃកំពុងដំណើរការដោយទិន្នន័យ មានបណ្តាញសង្គម ដោយសារមានទិន្នន័យ សង្រ្គាមនៅពេលបច្ចុប្បន្ននិងអនាគតគឺសង្រ្គាមលើអ៊ីនធឺណេត (Cyber War) ដើម្បីលួចទិន្នន័យ ដូចនេះ Data Analytics ឬជំនាញវិភាគទិន្នន័យជាជំនាញដែលមិនអាចខ្វះបាន ។

ចំនួននៃការងារផ្នែកវិភាគទិន្នន័យរំពឹងនឹងកើនឡើង ៣០% នៅ ៧ ឆ្នាំខាងមុខ អ្នកណាដែលមានសមត្ថភាពអាចវិភាគទិន្នន័យធំៗ និងផលិតជារបកគំហើញណាមួយ នោះពួកគេនឹងមានកន្លែងឈរជើងធ្វើការប្រកបដោយសុវត្ថិភាព ។

៣-គណិតវិទ្យា

នៅក្នុងសម័យកាល big data គណិតវិទ្យាគឺជាមុខវិជ្ជាដែលទទួលបានជោគជ័យមួយ ខណៈដែលម្ចាស់អាជីវកម្មសុទ្ធតែដឹងថា អ្នកណាដែលពូកែគិតលេខជាងគេនៅក្នុងក្រុមហ៊ុននោះពួកគេនឹងឡើងតួនាទីធំនៅក្នុងក្រុមហ៊ុន ។ ជំនាញដែលទាក់ទងនឹងគណិតវិទ្យាពេលនេះអាចជា ហិរញ្ញវត្ថុ គណនេយ្យ និងវិភាគទិន្នន័យ ។

ក្រៅពីបង្រៀនក្មេងរៀនពីរូបមន្តគណិតវិទ្យា ពួកគេត្រូវរៀនពីតក្កវិទ្យា ការត្រិះរិះពិចារណា រៀនដោះស្រាយបញ្ហា ដែលវាជាអ្វីដែលជួយឲ្យអាជីវកម្មរីកចម្រើន ។

៤-មនុស្សសាស្ត្រ

ខណៈដែលរ៉ូបូតនិង AI បានជំនួសការងារមនុស្សជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដូចជាការងារតូចៗដដែលៗនៅក្នុងការងារផ្នែកគណនេយ្យ ។ ការងារមួយចំនួនដែលទាមទារគំនិតច្នៃប្រឌិត ការគ្រប់គ្រងមនុស្ស ការគិតត្រិះរិះពិចារណា ជាការងារដែលពិបាកជំនួសដោយម៉ាស៊ីន ។ បើចង់ឲ្យក្មេងៗមានការងារធ្វើនៅថ្ងៃអនាគតពួកគេមិនមែនរៀនតែជំនាញបច្ចេកទេសមួយមុខទេ ប៉ុន្តែពួកគេត្រូវការរៀនគិតនិងច្នៃប្រឌិត រៀនធ្វើការជាមួយមនុស្ស និងវាយតម្លៃមនុស្សឲ្យបានស៊ីជម្រៅ ។

៥-វិទ្យាសាស្ត្រ

ខណៈវិទ្យាសាស្រ្តជាជំនាញដែលធ្វើដំណើរទៅមុខមិនចេះចប់ ក្មេងៗត្រូវមានសមត្ថភាពក្នុងការរុករកនិងស្វែងយល់ពីជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ វិស្វកម្ម និងគណិតវិទ្យា) ។ កន្លែងនេះមានន័យថា មិនចាំបាច់ឲ្យពួកគេទៅធ្វើជាអ្នកវិទ្យាសាស្ត្រទេ តែមូលដ្ឋានគ្រឹះពីមុខវិជ្ជាវិទ្យាសាស្ត្រនឹងបង្រៀនពួកគេឲ្យយល់ពីការងារនៅពេលអនាគត ។

៦-ហិរញ្ញវត្ថុ

វាជាជំនាញដែលមានតម្រូវការខ្ពស់ក្នុងផ្នែកវិនិយោគនិងធនាគារ ប៉ុន្តែជំនាញមួយនេះនឹងមានឱកាសសម្រាប់តែនៅស្ថាប័នធំៗប៉ុណ្ណោះ ដែលវាទាមទារទាំងជំនាញផ្នែកសេដ្ឋកិច្ចចូលរួមផងដែរ ។

ការងារដូចជាគណនេយ្យ សុទ្ធតែការងារដែលម៉ាស៊ីនអាចធ្វើបាន ប៉ុន្តែហិរញ្ញវត្ថុជាការងារចាំបាច់សម្រាប់ស្ថាប័នណាដែលចង់បង្កើតនិងរក្សាទុកលុយ ខណៈដែលម៉ាស៊ីនមិនអាចជំនួសបាន ។

៧-ទំនាក់ទំនង

មានជំនាញបច្ចេកទេស អាចធ្វើការបាន ចាត់ទុកថាអ្នកជាមនុស្សមានសមត្ថភាពហើយ ប៉ុន្តែអ្នកត្រូវចេះសន្ទនានិងទាក់ទងមនុស្សមួយទៀតទើបមានឱកាសរីកចម្រើនបាន ។

ម៉ាស៊ីនមិនអាចដណ្តើមការងារពីមនុស្សទាំងអស់បានដោយសារជំនាញមួយនេះ ខណៈដែលមានជំនាញទំនាក់ទំនងនឹងជួយឲ្យអ្នក ចេះចរចារជាមួយអ្នកដទៃ ពន្យល់ពីគំនិតរបស់អ្នកជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ INC

LEAVE A REPLY

Please enter your comment!
Please enter your name here