Tim Harris ពីសិស្សគេសើចចំអកឲ្យនៅសាលា ក្លាយជាម្ខាស់ភោជនីយដ្ឋានដ៏ល្បីបំផុតនៅអាមេរិក

0
349

ម្ចាស់ភោជនីយដ្ឋានខ្នាតតូចនៅជនបទក្នុងប្រទេសអាមេរិក Tim Place គឺជាភោជនីយដ្ឋានដ៏តូចបំផុត និងល្បីល្បាញបំផុតមួយនៅអាមេរិក ផ្តើមបង្កើតឡើងដោយស្ថាបនិកវ័យក្មេង Tim Harris។

ក្នុងវ័យកុមារភាព ឪពុកម្តាយរបស់Tim បានសម្រេចចិត្ត និងតាំងចិត្តឲ្យកូនប្រុសរូបនេះដើរតាមក្តីស្រមៃរបស់គេ និងទៅជាអ្វីដែលគេចង់នាពេលអនាគត។ ដោយហេតុនេះ ពួកគាត់មិនបានរំខានចិត្តកូន ឫប្រឆាំងនឹងគំនិតរបស់កូនពួកគាត់ឡើយ។

Tim ជាក្មេងដែលមិនសូវឆ្លាតវ័យប៉ុន្មានទេ ហើយមើលពីខាងក្រៅដូចជាក្មេងមិនគ្រប់ទឹក រហូតធ្វើឲ្យសាលាមួយចំនួនមិនទទួលក្មេងនេះឲ្យចូលរៀនថែមទៀតផង ហើយនៅពេលរកបានសាលាដែលគេត្រូវចូលរៀន ក្មេងប្រុសម្នាក់នេះមិនសូវផ្តោតលើការសិក្សាប៉ុន្មានឡើយ ដោយមានទម្លាប់ចូលចិត្តតែដើរអោបមិត្តភក្តិ មិត្តរួមថ្នាក់តែប៉ុណ្ណោះ ធ្វើឲ្យគេគ្រប់គ្នាសើចចំអកឲ្យគេជាប្រចាំ។


ឈានដល់វ័យ១៤ឆ្នាំ Tim បានប្រាប់ឪពុកម្តាយថាខ្លួនចង់ក្លាយជាចុងភៅនាពេលអនាគត ទើបគេចាប់ផ្តើមឆ្លៀតពេលទៅធ្វើការងារនៅហាងកាហ្វេ និងភោជនីយដ្ឋាន រួចក៏បន្តទៅរៀននៅថ្នាក់មហាវិទ្យាល័យលើជំនាញនេះថែមទៀត ខណៈពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យរូបគេនៅតែមានទម្លាប់ចូលចិត្តអោបមនុស្សគ្នាដដែល។

ក្រោយរៀនចប់៤ឆ្នាំ វិលត្រឡប់មកវិញ គេក៏បើកភោជនីយដ្ឋានដោយខ្លួនឯងដោយដាក់ឈ្មោះថា Tim Place ដែលទុនបើកភោជនីយដ្ឋាននេះបានមកពីប្រាក់សន្សំទុករបស់ឪពុកម្តាយគាត់ ត្រៀមទុកឲ្យគាត់ពេលត្រឡប់មកវិញ។

ភោជនីយដ្ឋានដ៏តូចតែមានភ្ញៀវចូលពេញៗរាល់ថ្ងៃនេះ​ មានចំណុចដ៏ពិសេសមួយដែលទាក់ចិត្តភ្ញៀវមកហើយមកទៀតមិនចេះជិនណាយ គឺការស្វាគមន៍ទទួលភ្ញៀវដោយភាពរួសរាយរាក់ទាក់ និងកក់ក្តៅបំផុតតាមរយៈការផ្តល់ក្តីស្រឡាញ់ រាប់អានដោយការអោបពីម្ចាស់ហាង និងបុគ្គលិកផ្ទាល់តែម្តង ធ្វើឲ្យភោជនីយដ្ឋានដ៏តូចមួយនេះ ល្បីល្បាញខ្លាំងនៅអាមេរិក ហើយក៏គ្មានអ្នកណាសើចចំអកឲ្យTim ទៀតដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

LEAVE A REPLY

Please enter your comment!
Please enter your name here