ចំណុចពិសេសមួយរបស់កាហ្វេអាម៉ាហ្សូនដែលធ្វើឲ្យអ្នកទិញយីហោរកស៊ីមិនរារែកក្នុងការវិនិយោគ

0
1281

យីហោល្បីរបស់ថៃអាម៉ាហ្សូន កំពុងតែបោះទីតាំងថ្មីៗជាបន្តបន្ទាប់នៅកម្ពុជា ហើយបានក្តោបក្តាប់អតិថិជនមួយភាគធំ បើគិតពីចំនួនទីតាំងសរុបច្រើនជាងគេ និងបរិមាណលក់របស់ហាងនីមួយៗក្នុងមួយថ្ងៃៗ។ យីហោមួយនេះ មានចំណុចពិសេសមួយដែលធ្វើឲ្យអ្នកទិញមិនរារែក និងព្រួយបារម្ភពេលបោះទុនវិនិយោគ ទិញយីហោខ្លួនមករកស៊ីឡើយ ដោយហ្រ្វេនឆាយល្បីរបស់ថៃមួយនេះធានាអ្នកទិញ ថាអាចប្រមូលទុនមកវិញក្នុងរយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ ក្រោយពេលចាប់បើកហាង។

ហ្រ្វេនឆាយកាហ្វេមួយនេះបានបង្ហាញភាពខ្លាំងរបស់ខ្លួន ដែលធ្វើឲ្យហានិភ័យតិចពេលអ្នកបើកហាងថ្មីៗ ខណៈយីហោត្រូវបានគេស្គាល់ច្រើន និងពេញនិយមខ្លាំងបំផុតក្រោយពេលចូលទីផ្សារកម្ពុជាតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ចំណុចមួយនេះហើយដែលធ្វើឲ្យយីហោនេះហ៊ានពង្រីកសាខារហូតដល់ជាង១០០សាខាទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តនានា ខណៈយីហោហ្រ្វេនឆាយកាហ្វេដទៃទៀតមានទីតាំងតិចតួចជាងយីហោល្បីរបស់ថៃមួយនេះឆ្ងាយណាស់។

លោកអ្នកអាចទិញសិទ្ធអាជីវកម្មហាងកាហ្វេ Amazon បានដោយត្រូវចាយលុយទិញសិទ្ធអាជីវកម្មក្នុងតម្លៃចន្លោះពី១២ ០០០ ដុល្លារទៅ ១៦ ០០០ដុល្លារ សម្រាប់សិទ្ធអាជីវកម្មនីមួយៗ ដែលនេះគិតត្រឹមការចំណាយលើយីហោរកស៊ីតែប៉ុណ្ណោះ ខណៈទុនចាប់ផ្តើមដំបូងមិនទាន់បានបង្ហើបនៅឡើយ។


គួរជម្រាបថា អាម៉ាហ្សូនបានចូលទីផ្សារកាហ្វេកម្ពុជាតាំងពីឆ្នាំ២០១៣មកម្លេះ ដែលមកទល់នឹងបច្ចុប្បន្នមានជាង១០០សាខាហើយ ដោយបោះទីទាំងចំកន្លែងសក្តានុពល ដែលធ្វើឲ្យកាហ្វេមួយនេះទទួលបានការគាំទ្រច្រើនក្នុងរយៈពេលដ៏ខ្លីបែបនេះ៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here