សហគ្រិនស្តី ស្រីមុំ៖ ខំរកស៊ីពីទុន១០$ រហូតមានផ្ទះ និងហាងតម្លៃរាប់ម៉ឺន$ ក្នុងរយៈពេល…

0
7171

ខំរត់ចេញពីសុ្រកកំណើតនៅក្នុងខេត្តក្រចេះ ដើម្បីទៅរកស៊ីនៅក្នុងខេត្តមណ្ឌលគិរី​ ព្រោះទីនោះមានបងប្អូនជាទូតមួយម្នាក់ និងលឺគេថាគ្រាន់តែប្រហុកមួយដុំតូចតម្លៃ ១ពាន់រៀល ខណៈដែលខ្លួនឯងមានជំនាញ់ធ្វើស្រាប់។ នៅតាមផ្លូវធ្វើដំណើរចេញពីស្រុកមានលុយត្រឹមតែ ១១០ដុល្លារអាមេរិកផង ជាអកុសលចង្រៃអីជ្រុះអស់ ១០០ដុល្លារបាត់ទៅទៀត នៅសល់តែ ១០ដុល្លារគត់។ នេះជាពាក្យមួយឃ្លារបស់សហគ្រិនស្រ្តី អ្នកនាងស្រី មុំ ដែលបច្ចុប្បន្នជាអ្នកលក់បន្លែ និងលក់ម្ជូរនៅក្នុងទីរួមខេត្តមណ្ឌលគិរី។

សល់លុយត្រឹមតែ ១០ដុល្លារ ចង់ទៅទិញត្រីគេយកមកធ្វើប្រហុកក៏ទិញមិនកើត ងាកទៅរកទិញជញ្ជីងមួយក៏ទិញមិនបានថែមទៀត មិនដឹងជាធ្វើយ៉ាងមិចដើម្បីចិញ្ចឹមក្រពះបាន ខណៈដែលខ្លួនឯងជាស្រីផងនោះ ស្រីមុំ ក៏បានទៅផ្ទះពូមីងដែលជាអ្នកដាំបន្លែនៅជិតផ្ទះដែលខ្លួនស្នាក់នៅ ដើម្បីទៅសុំគាត់ជឿបន្លែបានប្រមាណ ២០គីឡូ យកទៅលក់នៅផ្សារ។ ដំបូងគេមិនចង់ឱ្យខ្ចីទេ តែគេនិយាយថាបន្លែតែប្រមាណ ២០គីឡូនេះ បើក្មួយបោកពូមីងក៏បោកចុះ ព្រោះពូមីងជឿថាក្មួយមិនបោកប្រាស់ទេ។

ក្រោយពីយកបន្លែទៅលក់នៅផ្សារអស់ហើយនោះ ស្រ្តីកូន២រូបនេះ ក៏បានយកលុយមកឱ្យពូនិងមីងម្ចាស់បន្លែវិញ ហើយធ្វើបែបនេះ រហូតសន្សំលុយបានច្រើនគួរសម ក៏បានស្រេចចិត្តហៅប្តីពីស្រុកកំណើតមកម្នាក់ទៀត ដោយកាលនោះប្តីរបស់គាត់បានលក់គោមួយក្បាលមុននឹងមកផងដែរ​ ដើម្បីយកលុយមកទិញម៉ូតូកញ្ចាស់មួយគ្រឿងសម្រាប់ដឹកបន្លែយកទៅលក់នៅផ្សារ និងជួលផ្ទះគេតម្លៃ ៥ម៉ឺនរៀលសម្រាប់ស្នាក់នៅ។ បន្ទាប់ពីបានប្តីមកម្នាក់ទៀត ការរកស៊ីក៏កាន់តែងាយស្រួលជាងពីមុន ព្រោះមានប្តីជាអ្នកដើរទិញបន្លែឱ្យស្រាប់ ចំណែកខ្លួនចាំតែលក់នៅផ្សារ។ រីឯ ចំណូលក៏មានការកើនឡើងរហូតមួយខែអាចសល់ជាង ៤០០ដុល្លារឯណ្ណោះ ខណៈដែលកាលពីមុនឡើយគាត់មិនដែលកាន់លុយច្រើនបែបនេះនោះទេ។


ប្រឹងរកស៊ីពីរនាក់ប្តីប្រពន្ធគ្មានថ្ងៃសម្រាក ក៏អាចសន្សំលុយទិញដីគេមួយកន្លែងនៅក្នុងផ្សារតម្លៃជាង ៨ពាន់ដុល្លារ និងបានទិញដីចម្ការមួយកន្លែងទៀតជាង ៧ហិកតា។ ហើយនាពេលថ្មីៗនេះ ក៏បានបែកគំនិតទិញឡានមួយគ្រឿងតម្លៃជាង ១ម៉ឺន ៤ពាន់ដុល្លារអាមេរិកបន្ថែមទៀត យកមកកែច្នៃដាក់ទូលក់គ្រឿងម្ជូរ នៅក្រោយរង្វង់មូលគោព្រៃ ដែលរបស់លក់គ្រប់យ៉ាងសុទ្ធតែមានប្រភពដើមក្នុងខេត្តមណ្ឌលគិរីទាំងអស់។ ហើយចំណូលក្នុងមួយថ្ងៃគាត់អាចរកបានប្រមាន ៣០ម៉ឺនរៀលផងដែរ។

សហគ្រិនស្រ្តីវ័យ ៣៥ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា “ប្រសិនជាអ្នកមានបំណងចង់ចេញពីស្រុកកំណើតទៅរកស៊ីនៅក្នុងខេត្តគេផ្សេង អ្នកត្រូវតែជាមនុស្សដែលមានការតស៊ូ និងអត់ធ្មត់ខ្លាំងបំផុត បើពុំនោះទេអ្នកមិនអាចជោគជ័យបានឡើយ” ៕

អត្ថបទដោយ៖ ម៉េង សុងលី (​Startup editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here