Gautam Adani ក្លាយជាមហាសេដ្ឋីដោយផ្តើមចេញពីលុយចំនួនត្រឹមតែ ១០ដុល្លាប៉ុណ្ណោះ

0
1280

លោក Gautam Adani គឺជាមហាសេដ្ឋីមានជាងគេលំដាប់ទី ១០ នៅក្នុងប្រទេសឥណ្ឌា ហើយលោកមានទ្រព្យសម្បត្តិប្រមាណ ៧.១ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ លោក Gautam បានកើតនៅក្នុងខេត្ត Ahemdabad ដែលជាខេត្តមួយស្ថិតនៅតំបន់ដាច់ស្រយាលដែលសំបូរទៅដោយប្រជាជនមានជីវភាពក្រីក្រ។ គ្រួសារលោកក៏មិនខុសពីគ្រួសារប្រជាជនដ៏ទៃទៀតនៅក្នុងតំបន់នោះដែរ ដោយសារកត្តាធម្មជាតិមិនអំណោយផលដល់ការធ្វើកសិកម្មរបស់ពួកគាត់ លោកក៏សំរេចចិត្តចាកចេញពីស្រុកកំណើតទៅរកការងារធ្វើនៅទីក្រុង។

លោក Gautam ក៏បានចាកចេញពីស្រុកកំណើតរួចលោកក៏ធ្វើដំណើរទៅទីក្រុង Mumbai ដោយមានលុយជាប់ខ្លួនត្រឹមតែ ១០ដុល្លាប៉ុណ្ណោះ ។ ទោះជាមានការលំបាក និងភាពក្រីក្រយ៉ាងណាក៏ដោយលោកមិនចុះចាញ់និងអ្វីដែលលោកកំពុងជួបប្រទះនោះទេ លោកក៏បានចូលសុំការងារធ្វើជាកម្មករជីករ៉ែត្បូង ដើម្បីដោះស្រាយជីវភាព ។ នៅក្នុងអំឡុងពេលដែលលោកធ្វើការនៅក្នុងអណ្តូងរ៉ែត្បូងលោកក៏បានសំឡឹងមើលអ្នកជំនួញ និងថៅកែធំៗដែលបានមកទិញត្បូង និងរ៉ែនៅក្នុងរោងចក្ររបស់លោកពួកគេមានជីវភាពធូធា និងរស់នៅស្រួលជាងលោកឆ្ងាយណាស់ដូចមេឃ និងដី ។ ដោយសារតែលោកសំលឹងឃើញបែបនេះហើយទើបលោកបានប្រាប់ខ្លួនឯងថាបើនៅតែធ្វើការជាកម្មករ ដូចរាល់ថ្ងៃនេះលោកមិនអាចជោគជ័យនៅក្នុងជីវិតដូចជាគេបាននោះទេ។ លោកក៏បានព្យាយាមស្វែងយល់ពីប្រភេទត្បូង និងរ៉ែផ្សេងៗ  របៀបលក់ដូរ និងទិញ ព្រមទាំងការធ្វើអាជីវកម្មត្បូង និងរ៉ែបានយ៉ាងច្បាស់លាស់។

នៅពេលដែលលោកចេះរបៀបក្នុងការលក់ច្បាស់លាស់ និងប្រមូលទុនបានមួយចំនួនហើយ លោកក៏បានសុំលាឈប់ពីកម្មករ ជីករ៉ែ រួចលោកក៏បានចាប់ផ្តើមអាជីវកម្មទិញលក់ត្បូង និងរ៉ែមានតំលៃផ្សេងៗ ពីតាមអណ្តូងរ៉ែតូចៗសំរាប់ទុកលក់អោយឈ្មួញធំៗ។ ដោយសារតែភាពវ័យឆ្លាតរបស់លោក គឺលោកអាចទាក់ទាញឈ្មួញធំៗ បានយ៉ាងច្រើនដែលពីមុនមកដោយសារតែលោកបានធ្លាប់ស្គាល់ពួកគេនៅពេលដែលគាត់នៅជាកម្មករជីករ៉ែ ។ រំលងបាន ៧ ឆ្នាំអាជីវកម្មរបស់លោកបានភាពរីកចំរើនជាខ្លាំង ហើយលោកក៏បានក្លាយជាថៅកែរដែលទទួលទិញត្បូង និងរ៉ែគ្រប់ប្រភេទដ៏ធំមួយនៅក្នុងទីក្រុង Mumbai ។ មកទល់បច្ចុប្បន្ននេះលោកក៏បានក្លាយជាថៅកែកំពង់ផែ និងអ្នកជំនួញរ៉ែត្បូង ដ៏ធំជាងគេនៅក្នុងប្រទេសឥណ្ឌា ហើយលោកក៏ជាមហាសេដ្ឋីលំដាប់ទី១០ ក្នុងប្រទេសផងដែរ ៕


អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here