David Karp ក្មេងរៀនត្រឹមថ្នាក់វិទ្យាល័យ ទៅបង្កើតក្រុមហ៊ុន១មានតម្លៃជិត១ពាន់លានដុល្លារអាមេរិក

0
1166

មហាសេដ្ឋីវ័យក្មេងបំផុតមួយលើពិភពលោក David Karp មានទ្រព្យជាង២០០លានដុល្លារអាមេរិក ចាប់ផ្តើមជាប់ចិត្តនឹងកុំព្យូទ័រ កម្មវិធីសរសេរកូដ រៀនរកលុយដោយខ្លួនឯងតាំងពីអាយុ១៤ឆ្នាំ។

David Karp កើតក្នុងត្រកូលគ្រួសារសាមញ្ញមានកម្រិតជីវភាពមធ្យមសញ្ញាតិអាមេរិក គឺជាក្មេងដ៏ឆ្លាតវ័យម្នាក់ មានការស្រឡាញ់ជាប់ចិត្តនឹងកុំព្យូទ័រ ពិសេសកម្មសរសេរកូដ រហូតក្លាយជាក្មេងដែលធុញទ្រាន់នឹងការសិក្សានៅក្នុងថ្នាក់ និងចូលចិត្តស្ងាត់ស្ងៀម។​

ក្មេងប្រុសរូបនេះ បានជម្នៈចិត្តខ្លួនឯងកំណត់គោលដៅទៅជាអ្នកសរសេរកូដ សរសេរកម្មវិធីកុំព្យូទ័រ និងជាសហគ្រិនបច្ចេកវិទ្យាយ៉ាងពិតប្រាកដ គេក៏តាំងចិត្តទៅសុំម្តាយឈប់រៀនត្រឹមថ្នាក់វិទ្យាល័យ។

ម្តាយ David មានប្រសាសន៍ថា កូនគាត់ជាក្មេងឆ្លាត និងច្បាស់លាស់ម្នាក់ គាត់ព្យាយាមឃាត់កូនដែរ តែគេមិនព្រមស្តាប់ ហេតុនេះមានតែជួយជ្រុំជ្រែងកូនទៅឲ្យដល់គោលដៅដែលជាក្តីស្រមៃរបស់គេ។

ដើម្បីសម្រេចក្តីស្រមៃ David បានចំណាយអភិវឌ្ឍន៍ខ្លួន រៀនសូត្រដោយខ្លួនឯងច្រើនបំផុត ក្រោបពីគេងទាំងមេឃមិនទាន់ភ្លឺ ទទួលយកការងារសរសេរកូដ ធ្វើវេបសាយក្រៅម៉ោងឲ្យគេ ហើយស្វែងរកការងារដែលទាក់ទងនឹងជំនាញសរសេរកូដបន្ថែមទៀត។ ធ្វើការផង អភិវឌ្ឍន៍ចំណេះជំនាញខ្លួនឯងផង និងបង្កើតវេបសាយខ្លួនឯងថែមទៀត។​

David បានអះអាងថា លោកពិតជាបានចំណាយពេលយ៉ាងច្រើនរវល់តែនឹងក្តីស្រមៃ គោលដៅ ការងារ ភ្លេចគិតពីយុវភាព និងភាពសប្បាយរីករាយដូចក្មេងដទៃដែលមានអាយុប្រហាក់ប្រហែលគ្នាបាត់ទៅហើយ ប៉ុន្តែលោកបញ្ជាក់ថា លោកក៏មិនស្តាយក្រោយចំពោះការសម្រេចចិត្តរបស់ខ្លួនដែរ។

អាយុជាង២០ឆ្នាំ ការងាររបស់លោកចាប់ផ្តើមបង្កើតលុយឲ្យលោកបានមួយចំនួន បង្កើតក្រុមហ៊ុនខ្លួនឯងមួយឈ្មោះថា DavidVille ដែលពេលនោះហើយ លោកចាប់ផ្តើមជួលអ្នកសរសេរកូដ មកធ្វើការងារជាមួយ ប៉ុន្តែរឿងដ៏ឈឺក្បាលដែលលោកត្រូវរៀននោះគឺ បញ្ហាគ្រប់គ្រងបុគ្គលិក ដែលធ្វើឲ្យក្រុមហ៊ុនដើរទៅមុខយ៉ាងលំបាក។

David មានប្រសាសន៍ថា៖ “ជាទម្លាប់របស់ខ្ញុំ ពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំចូលចិត្តធ្វើការងារពេញម៉ោង សរសេរកូដ ធ្វើការងារណាដែលខ្ញុំចូលចិត្ត។”

ក្រៅពីប្លុក និងវេបសាយជាច្រើនដែល David បានបង្កើត លោកក៏បង្កើតបានក្រុមហ៊ុនមួយទៀតឈ្មោះថា Tumblr ដែលជាវេបសាយអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត Web logs ដោយខ្លួនឯងត្រឹមតែ១០វិនាទីប៉ុណ្ណោះ។ វេបសាយនេះហើយដែលធ្វើឲ្យ David ជោគជ័យខ្លាំងបំផុត ក្រោយទទួលបានវិនិយោគជាច្រើនពី​ Sillicon Valley ធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃជាង៨០០លានដុល្លារអាមេរិក និងធ្វើឲ្យ David មានទ្រព្យជាង២០០លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីនៅអាយុមិនដល់៣០ឆ្នាំផង៕

 

អត្ថបទដោយ៖ MENG SONGHUA