ចិនរកស៊ីស្រុកខ្មែរកាន់តែច្រើន ជំរុញឲ្យសហគ្រិនខ្មែរកាន់តែពូកែរកស៊ីជាងមុន

0
1603

វិនិយោគិនចិនជាច្រើនបានកំពុងបណ្តាក់ទុនរាប់ពាន់លានដុល្លាររកស៊ីលើច្រើនវិស័យ និងឈរលំដាប់លេខ១ក្នុងចំណោមបរទេសដែលកំពុងរកស៊ីនៅកម្ពុជា។ ហើយនរណាក៏ទទួលស្គាល់ថា ជនជាតិចិនពូកែរកស៊ីលើសជាតិសាសន៍ដទៃ រួមទាំងប្រជាពលរដ្ឋខ្មែរយើងផងដែរ។​ ចំណុចទាំងនេះហើយ បានជាគេឃើញមានក្តីបារម្ភមួយចំនួន ទាក់ទងនឹងការប្រណាំងប្រជែងការរវាងអ្នកជំនួញចិន និងខ្មែរជាម្ចាស់ស្រុក។

សម្រាប់ខេត្តព្រះសីជនជាតិចិនមានចំនួនច្រើនជាងគេ និងមួយចំនួនកំពុងតែប្រកបអាជីវកម្មខ្នាតតូច ដូចជា កាត់សក់ លក់គ្រឿងទេស លក់គ្រឿងសំណង់ ម្ហូបអាហារ បន្លែ និងផ្លែឈើ ប្តូរប្រាក់ និងអាហារដ្ឋានជាដើម ក្រៅពីវិនិយោគលើគម្រោងអភិវឌ្ឍធំៗ។

ត្រង់ចំណុចនេះ បើយើងគិតក្នុងន័យអវិជ្ជមានច្បាស់ជាគិតថា ជនជាតិចិនកំពុងដណ្តើមទីផ្សារជំនួញរបស់ពលរដ្ឋខ្មែរយើង តែបើយើងខិតខំប្រឹងប្រែងរកស៊ីប្រជែងជាមួយពួកគេច្បាស់ណាស់ យើងនឹងអាចពូកែរកស៊ីជាងជនជាតិចិនមិនខានឡើយ តែត្រូវទាមទារការខិតខំប្រឹងប្រែងខ្លាំងណាស់ មិនអាចរកស៊ីតាមទម្លាប់ចាស់បូរាណនោះទេ។


បើយើងតាំងចិត្តប្រកួតប្រជែងជាមួយអ្នករកស៊ីពូកែ ច្បាស់ណាស់ថា មិនយូរទេយើងនឹងពូកែរកស៊ីដូចគេ ឬអាចខ្លាំងជាងគេមិនខាន មិនអាចគ្រាន់តែជួបបញ្ហា ឬពិបាករកស៊ីបន្តិចនាំគ្នាឈប់បិទអាជីវកម្មរកស៊ីនោះទេ វាមិនមែនជាចរិកអ្នករកស៊ីពូកែដែលសហគ្រិនខ្មែរគួរធ្វើនោះទេ។ ចិនជាជនបរទេសមកវិនិយោគស្រុកខ្មែរ មូលហេតុអ្វីបានជាយើងមិនអាចរកស៊ីពូកែជាងគេ សក្តានុពលសំខាន់ ដែលអាចឲ្យយើងងាយស្រួលរកស៊ីប្រជែង ដោយសារយើងម្ចាស់ស្រុក ស្គាល់ភូមិសាស្ត្រ ស្គាល់វប្បធម៌តំបន់ ទាមទារតែការខិតខំប្រឹងប្រែងច្នៃប្រឌិតគំនិតរកស៊ីល្អៗ និងខំប្រឹងធ្វើការតែប៉ុណ្ណោះ ដូច្នេះវត្តមានវិនិយោគិនចិន ជាសញ្ញាល្អសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចកើនលឿនតាមរយៈការប្រកួតប្រជែងគ្នា។

សម្រាប់ហេតុដែលវិនិយោគិនចិនសម្រុកមកវិនិយោគនៅព្រះសីហនុ ឬតំបន់សក្តានុពលផ្សេងៗទៀត ព្រោះទំនាក់ទំនងជិតស្និទរវាងរដ្ឋាភិបាលទាំង២ ញំាឲ្យមានបរិយាកាសល្អប្រសើរដល់វិនិយោគិននៃប្រទេសទាំងពីរ ក្នុងការសហការគ្នារកស៊ី ប្រសើរជាងប្រទេសក្បែរខាងកម្ពុជាលើលែងឡាវមួយ។ វិនិយោគិចិន ដើរស្របតាមចក្ខុវិស័យនៃគោលនយោបាយការបរទេសរដ្ឋាភិបាលខ្លួន «ផ្លូវមួយ ខ្សែរក្រវ៉ាត់» ព្រោះភូមិសាស្ត្រខេត្តព្រះសីហនុមានអំណោយផលល្អ សម្រាប់ជំរុញគោលនយោបាយនេះទទួលបានជោគជ័យ។ និងជាទីតាំងយុទ្ធសាស្ត្រក្នុងដឹកជញ្ចូនផ្លូវទឹកដ៏មានសក្តានុពលនូវវត្ថុធាតុដើមទៅចិន និងត្រឡប់មកវិញនូវផលិតផលសម្រេចលើទីផ្សារអាស៊ី និងតំបន់អឺរ៉ុប»។ នេះបើតាមការបញ្ជាក់របស់លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate។

ដូច្នេះ សហគ្រិនខ្មែរគ្រប់វិស័យត្រូវតែខិតខំប្រឹងប្រែងប្រកួតប្រជែងឡើង មិនអាចចាត់ទុកថាចិនពូកែរកស៊ីជាងយើងរហូតភ្លេចប្រឹងប្រែងរកស៊ីនោះទេ។ ត្រូវតែខិតខំឲ្យអស់សមត្ថភាពដែលខ្លួនមាន ត្រូវជឿលើការខិតខំធ្វើការរកស៊ី ប្រើគំនិតច្នៃប្រឌិត កុំខ្លាចនឿយហត់ នោះទើបអាជីវកម្មរបស់យើងអាចជោគជ័យបាននៅក្នុងកាលៈទេសៈនេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here