ចិន នឹងជំរុញឱ្យវិនិយោគគិន មកវិនិយោគនៅខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត

0
469

លោក ចាង ឈុនស៊ាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានបញ្ជាក់ថា នឹងជួយផ្សព្វផ្សាយទៅកាន់ប្រជាជនចិន ពីសក្តានុពលទេសចរណ៍ និងជំរុញឱ្យពួកគេមកកម្សាន្ត និងធ្វើការវិនិយោគនៅខេត្តសៀមរាបឱ្យបានកាន់តែច្រើនបន្ថែមទៀត។ នេះបើយោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា កាលពីថ្ងៃទី៤​ ខែ​​វិច្ឆិកា ​ឆ្នាំ​២០១៨​។

ការបញ្ជាក់របស់លោក ចាង ឈុនស៊ាន ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ និងទទួលទានអាហារជាមួយលោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ជាមួយគ្នានេះ លោក ចាង ឈុនស៊ាន បា​នចាត់ទុកកម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​ទំនាក់ទំនង​ការ​ទូត​រឹងមាំ​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ក៏​ពង្រឹង​កិច្ច​ស​ហ​​​ប្រតិបត្តិការ​មិត្ត​ភា​ព រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត ​ផងដែរ​។​

ទន្ទឹមនេះ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​បាន​បញ្ជាក់ថា ចិនជាប្រទេសមួយដែលបាន​ជួយដល់ខេត្តសៀមរាប​ច្រើនទាំង​ផ្នែកការអភិវឌ្ឍនៅក្រុងសៀមរាប​ និង​ការ​ជួយជួសជុល ប្រាសាទ​បុរាណដូចជាប្រាសាទ​ចៅ​សាយទេវត្តា ប្រាសាទ​តាកែវ ជាដើម។ ដោយមើលឃើ​ញ​​ពីចំណង​មិត្ត​ភាពសាមគ្គីភាពនិង​កិច្ចសហប្រតិបត្តិការ​​យ៉ាង​ស្អិ​ត​​រមួតរវាងសភា​រដ្ឋាភិបាល ប្រជាជន នៃប្រទេ​ស​​​​ទាំង​ពីរ កម្ពុជា-ចិន នេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរ មកកម្សាន្តនៅខេត្ត​សៀមរាបមានការកើនឡើងជាបន្តបន្ទាប់។


ជាក់ស្តែង ក្នុងរយៈពេល ០៩ខែឆ្នាំ២០១៨នេះ ភ្ញៀ​វទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបមានចំនួន ៤.៤៥០.៧៣៨នាក់ មានការកើនឡើង៨.៤៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូច គ្នាកាលពីឆ្នាំ២០១៧។ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួន៨៣១.៨០១នាក់ កើនឡើង ៥០.៦២ភាគរយ ស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងចំ​ណោ​​ម​​ភ្ញៀវទេសអន្តរជាតិ​សរុប ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here