ឆ្នាំ២០៣០ ប្រទេសចិន នឹងជួយឲ្យពលរដ្ឋខ្មែរមានប្រាក់ចំណូលច្រើនជាងមុន

0
939

កាលពីចុងខែតុលាឆ្នាំ២០១៨នេះ ឯកឧត្តមលី ហុងចុង (Li Hongzhong) តំណាងគណប្រតិភូជាន់ខ្ពស់ប្រទេសចិនបង្ហាញគោលបំណងក្នុងការជួយជ្រុមជ្រែងឲ្យពលរដ្ឋប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឬរកចំណូលបានច្រើនជាងមុននៅឆ្នាំ២០៣០ខាងមុខនេះ។

ឯកឧត្តមលី ហុងចុង តំណាងប្រទេសចិនមានប្រសាសន៍ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះ ប្រទេសទាំងពីរ ត្រូវតែ​បន្តផ្លាស់ ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ តភ្ជាប់ជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិកម្ពុជា ហើយប្រទេស ចិនមានគោលបំណងចង់ជួយឲ្យប្រទេសកម្ពុជាក្លាយ​ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តមបានបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកម្ពុជា ជាអ្នកជិតខាងល្អ មិត្តពិតប្រាកដ និងជាដៃគូដែល អាចទុកចិត្តបាន។ ហើយលោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់ព្រះរាជា​ណាចក្រកម្ពុជា ដែលជីវ ភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ​ឡើងពីមួយ​ថ្ងៃទៅ​មួយថ្ងៃ និងសង្គមកម្ពុជាប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន។


តាមរយៈការបោះទុនវិនិយោគរបស់ចិនបានធ្វើឲ្យប្រទេសកម្ពុជារយៈកាល៥ឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍយ៉ាងឆ្ងាប់រហ័ស ដោយសារគម្រោងវិនិយោគលើវិស័យធនាគារ កសិកម្ម អចលនទ្រព្យ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្មជាដើម។ ការវិនិយោគស្ទើរគ្រប់វិស័យនេះ និងជំរុញឲ្យពលរដ្ឋខ្មែរយើងមានចំណូលច្រើនជាងមុនជាស្វ័យប្រវត្តិ។

បន្ថែមពីលើនេះ តំបន់ស្នូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ត្រូវបានគ្របដណ្តប់ទៅដោយគម្រោងអភិវឌ្ឍធំៗរបស់ចិន មាននៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ កំពត កែប កោះកុង និងសៀមរាបជាដើម ធ្វើឲ្យតំបន់សក្តានុពលទាំងនេះ ក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះ រឹងរឺតតែទាក់ទាញការវិនិយោគបរទេស និងទេសចរណ៍កាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចហ៊ុន សែនបានបញ្ជាក់ថា ខណៈដែល​កំណើនសេដ្ឋកិច្ចឆ្នាំនេះបានកើនឡើងរហូតដល់ ដល់​៧,​៣ភាគរយនោះ នឹងធ្វើឱ្យ​ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងឆ្នាំ២០១៩  នឹងកើន​ដល់ ១៧០៦ ដុល្លារអាម៉េរិក ដែលឆ្នាំ២០១៨នេះមានត្រឹមតែ ១៥៥៦ ដុល្លារអាម៉េរិក តែប៉ណ្ណោះ ហើ​​យរំពឹងថានៅឆ្នាំ២០២៣ ប្រជាជនកម្ពុជាក៏នឹងមានប្រាក់ចំណូល ក្នុងមនុ​ស្សម្នា​ក់​​លើសពី ២០០០ ដុល្លារអាម៉េរិកផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here